អ៊ីស្រាអែល ៖ ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានបាញ់រ៉ុក្កែតប្រឆាំងរថក្រោះ វាយប្រហារលើភាគខាងជើងអ៊ីស្រាអែល បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស ៧នាក់ សុទ្ធសឹងជាពលករថៃ។
តាមប្រភពកាសែតថៃរ៉ាត់ បានរាយការណ៍នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ថា ស្ថានទូតថៃ ប្រចាំប្រទេសអ៊ីស្រាអែល បានព្រមានប្រជាជនថៃ ដែលនៅធ្វើការក្នុងតំបន់ដែលមានហានិភ័យខ្ពស់ សូមជូនដំណឹងដល់ស្ថានទូត។

ប្រព័ន្ធផ្សព្វផ្សាយជាភាសាអង់គ្លេស នៅអ៊ីស្រាអែល បានរាយការណ៍ថា ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ចូលភាគខាងជើងអ៊ីស្រាអែល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស ៧នាក់ ដែលជនរងគ្រោះសុទ្ធតែជាពលករថៃ ធ្វើការនៅនៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
ពលករថៃ ៧នាក់ ដែលរងរបួស ធ្វើការនៅក្នុងកសិដ្ឋានកសិកម្ម តំបន់ម៉ាហ្គាលីយ៉ត (Margaliot) នៅភាគ ខាងជើងអ៊ីស្រាអែល ក្នុងនោះមាន ២នាក់ របួសធ្ងន់ និង៥នាក់ទៀត របួសស្រាល ។ ពលករថៃ ទាំង៧នាក់ ត្រូវបានឧទ្ធម្ភាគចក្រដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាច្រើនកន្លែង ក្បែរកន្លែងកើតហេតុ ។
កងទ័ពអ៊ីស្រាអែល (IDF) បានហៅព្រឹត្តិការណ៍នេះថា វាជាព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរមួយ ហើយបានប្រកាសថា កងទ័ពអ៊ីស្រាអែល នឹងសងសឹក រួមទាំងការគាបសង្កត់សមាជិកក្រុមហេសបូឡា។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ស្ថានទូតថៃ ប្រចាំទីក្រុងតេល អាវីវ (Tel Aviv) បានចេញសេចក្តីព្រមានដល់ប្រជាជនថៃ ក្នុងប្រទេសអ៊ីស្រាអែល ឲ្យមានការប្រុងប្រយ័ត្ន បើទោះបីជាអាជ្ញាធរបន្តការខិតខំប្រឹងប្រែងដើម្បីផ្លាស់ទីពលកររចេញឆ្ងាយពីកន្លែងធ្វើការក្នុងតំបន់គ្រោះថ្នាក់ក្នុងប្រទេសអ៊ីស្រាអែល ហើយបានអំពាវនាវដល់ពលករថៃ ទាំងអស់ ដែលធ្វើការនៅតំបន់គ្រោះថ្នាក់ នៅតាមព្រំដែន សូមជូនដំណឹងដល់ស្ថានទូត ដើម្បីស្នើសុំជំនួយបន្ថែម និងការសម្របសម្រួលក្នុងការផ្លាស់ទីកន្លែងធ្វើការ៕