Wednesday, January 22, 2025
Homeព័ត៌មានជាតិបន្ទាយផ្សេងគ្នា សមរភូមិរួម អ្នកវិភាគថា ជម្រើសយុទ្ធសាស្រ្ត១ លើសង្វៀននយោបាយកម្ពុជា

បន្ទាយផ្សេងគ្នា សមរភូមិរួម អ្នកវិភាគថា ជម្រើសយុទ្ធសាស្រ្ត១ លើសង្វៀននយោបាយកម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការតែងតាំងជាទីប្រឹក្សាបណ្ដាញយុវជនកម្ពុជាសកល (GCYN) ប្រចាំប្រទេសអូស្ត្រាលី លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម បានលើកឡើងថា «បន្ទាយផ្សេងគ្នា សមរភូមិរួម» គឺជាជម្រើសយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត សម្រាប់ប្រើនៅលើសង្វៀននយោបាយកម្ពុជា នាពេលអនាគត ។

លោកបណ្ឌិត សេង សារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បន្ទាយផ្សេងគ្នា សមរភូមិរួម គឺជាជម្រើសយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត សម្រាប់ប្រើនៅលើសង្វៀននយោបាយកម្ពុជា នាពេលអនាគត!“ ។

“នគរធំ” មិនអាចទាក់ទងលោកបណ្ឌិត សេង សារី ដើម្បីសុំការបកស្រាយពន្យល់ ទៅលើខ្លឹមសារសំណេរតាមហ្វេសប៊ុក របស់លោក ខាងលើនេះបានទេ ។ ប៉ុន្តែបើមើលតាមរូបភាពដែលលោកបង្ហោះភ្ជាប់ជាមួយសំណេរខាងលើនេះ គឺលោកចង់សំដៅទៅលើក្រុមប្រឆាំងនៅក្រៅប្រទេស (ក្រុមសម រង្ស៊ី) នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចេញទៅបង្កើតបណ្ដាញយុវជនកម្ពុជាសកល ដែលមានលោកសុភ័ណ្ឌ ឡារី សកម្មជនអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ជាប្រធាន និងមានលោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ ជាស្ថាបនិក ។ ក្នុងនោះដែរ លោកបណ្ឌិត សេង សារី ក៏ត្រូវបានបណ្តាញយុវជនកម្ពុជាសកល (GCYN) ចេញសេចក្ដីសម្រេចចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តែងតាំងជាទីប្រឹក្សាបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសអូស្ត្រាលី ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋខ្មែរ គ្រប់រូប ចូលរួមគ្រប់សកម្មភាពទាមទារសិទ្ធសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ស្រដៀងទៅនឹងការលើកឡើងរបស់លោកបណ្ឌិត សេង សារី ខាងលើនេះដែរ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល (GCYN) បានបញ្ជាក់ពីគោលការណ៍របស់បណ្ដាញយុវជនកម្ពុជាសកល ថាយុវជនខ្មែរ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាមកពីគណបក្សនយោបាយ អង្គការនានា សមាគមណាក៏ដោយ ឲ្យតែមានគោលដៅ គោលបំណងចង់បានយុត្តិធម៌ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា បណ្ដាញយុវជនកម្ពុជាសកល សូមស្វាគមន៍ជានិច្ច ពីព្រោះរឿងជាតិ គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប ត្រូវតែរួបរួមគ្នា ដើម្បីស្តារសិទ្ធិសេរីភាព ប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ ។

ស្របគ្នានេះដែរ លោកសោ ចាន់ដេត អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់នៅប្រទេសកាណាដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ថា ការដែលក្រុមយុវជន និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ងាកទៅបង្កើតបណ្ដាញយុវជនកម្ពុជាសកល មិនមែនជាការបែកបាក់គ្នាទេ គឺជាការបែងចែកគ្នាធ្វើការនៅក្នុងក្រុមអ្នកប្រជាធិបតេយ្យ គឺសមដូចការលើកឡើងរបស់បណ្ឌិត សេង សារី ថា “បន្ទាយផ្សេងគ្នា សមរភូមិរួម” ដែលចង់សំដៅលើការរួមគ្នាស្ដារប្រជាធិបតេយ្យឡើងវិញ ។

លោកសោ ចាន់ដេត បានមានប្រសាសន៍ថា “បាទ! តាមពិតនេះ មិនមែនជាការបែកគ្នាទេ គឺជាការបែងចែកគ្នាធ្វើការ ពីព្រោះយើងដឹងហើយ កាលៈទេសៈនេះ គឺជាកាលៈទេសៈមួយដែលពិបាកបំផុត ដែលហ៊ុន សែន យកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិរបស់គាត់ ហើយគាត់បិទខ្ទប់ឲ្យពួកប្រជាធិបតេយ្យ មិនអាចចូលទៅធ្វើសកម្មភាពបាន ។ អ៊ីចឹងយើងមិនអាចនៅផ្ដុំគ្នាតែមួយកន្លែងទេ យើងត្រូវចែកជាសណ្ឋាន ទៅតាមជំនាញ ទៅតាមរូបភាពផ្សេងៗ ប៉ុន្តែគោលដៅយើងដូចគ្នា គោលដៅយើងគឺថា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ ។ អ៊ីចឹងអ្វីដែលយើងបែកចែកគ្នានេះ ការងារយើងធ្វើនេះ មិនមែនបានន័យថា យើងបែកបាក់គ្នាទេ មិនមែនទេ គឺយើងដូរយុទ្ធសាស្រ្តថ្មី របៀបធ្វើការរបស់យើង ដើម្បីធ្វើយ៉ាងម៉េចកុំឲ្យត្រកូលហ៊ុន គាត់យកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិ កុំឲ្យគាត់ហ្នឹងជិះសេះលែងដៃ ។ អ៊ីចឹងយើងមានគ្រប់រូបភាព យុវជនគេធ្វើការយុវជនទៅ សង្គមស៊ីវិល គេធ្វើការងារក្នុងនាមសង្គមស៊ីវិលទៅ យើងគណបក្សយើងធ្វើការរបៀបគណបក្សទៅ ប៉ុន្តែគោលដៅរបស់យើងដូចគ្នា ។ ដូចគ្នាត្រង់ថា ស្ដារប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ“ ។

លោកសោ ចាន់ដេត បានមានប្រសាសន៍បន្តថា “ជាការត្រឹមត្រូវមួយរយភាគរយ យើងគាំទ្រ ហើយអ្វីដែលលោកសេង សារី ធ្វើហ្នឹង គឺពួកយើងកំពុងតែធ្វើបែបហ្នឹង ហើយវានឹងជោគជ័យ ។ យើងលើកឧទាហរណ៍ដូចជាទ័ពព្រៃអ៊ីចឹង ដែលគេខ្ទប់យើងមិនអាចចូលអីបាន យើងមិនអាចវ៉ៃតែមួយច្រកបានទេ យើងវ៉ៃគ្រប់ច្រក ព្រោះកម្លាំងយើងមិនសម្បូរ កម្លាំងយើងមិនច្រើន ។ អ៊ីចឹងយើងអត់អាចផ្ដុំគ្នាទេ យើងត្រូវបំបែកគ្នាប្រយុទ្ធ ។ អ៊ីចឹងចុងបញ្ចប់ គឺយើងជោគជ័យ អាហ្នឹងរបៀបទ័ពព្រៃ អ៊ីចឹងអ្វីដែលយើងធ្វើបែបនេះ គឺយើងធ្វើបែបហ្នឹង គឺថា យើងចែកគ្នាធ្វើអ៊ីចឹងទៅ ដើម្បីប្រមូលផ្ដុំកម្លាំង ស្វែងរកការគាំទ្រតាមរូបភាពផ្សេងៗគ្នា ពិសេសគឺសហគមន៍អន្តរជាតិ ព្រោះមានសហគមន៍អន្តរជាតិខ្លះ គេមិនពាក់ព័ន្ធរឿងនយោបាយទេ ប៉ុន្តែគេធ្វើការជាមួយពួកសង្គមស៊ីវិល ដើម្បីធ្វើយ៉ាងម៉េចគិតអំពីសិទ្ធិមនុស្ស គិតអំពីប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ។ អ្នកខ្លះគេអត់ទេ ក្រុមយុវជនគេអាចជជែកជាមួយក្រុមយុវជនគ្នាគេ ដែលគេយល់អំពីដំណើរការប្រជាធិបតេយ្យនៅស្រុកខ្មែរ ។ អាហ្នឹងហើយអ្វីដែលបណ្ឌិតសេង សារី បានលើកឡើង គឺជារឿងមួយដែលយើងមានការជឿជាក់ ជាពិសេសសមរភូមិរួម យើងដឹងស្រាប់ហើយ គឺយើងស្ដារប្រជាធិបតេយ្យឡើងវិញ ហើយត្រូវយកប្រទេសកម្ពុជាពីកណ្ដាប់ដៃត្រកូលហ៊ុន ប្រគល់សងប្រជាពលរដ្ឋកម្ពុជាវិញ»។

ដោយឡែក លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា បន្ទាយផ្សេងគ្នា សមរភូមិតែមួយ គឺជាយុទ្ធសាស្រ្តមួយ ដែលអាចប្រើប្រាស់បាននៅក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត នៅក្នុងនយោបាយកម្ពុជា ។  ប៉ុន្តែត្រូវចាំថា នៅក្នុងនយោបាយកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងករណីដែលបន្ទាយតូចៗចង់ធ្វើការរួមគ្នាមកវិញ គឺជាការពិបាកមែនទែន ដោយសារតែបន្ទាយតូចៗទាំងអស់នោះ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់រដ្ឋាភិបាល តាមរយៈការកំណត់កម្លាំងរបស់អង្គភាពនីមួយៗ ហើយស្ថាប័នតូចៗ ដែលចាត់ទុកថា ជាបន្ទាយនយោបាយសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យតូចៗ គឺពិបាកណាស់ នៅក្នុងការកៀងគរប្រមូលផ្ដុំគ្នាឲ្យទៅជាកម្លាំងរួមតែមួយ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំយល់ឃើញថា បន្ទាយផ្សេងគ្នា សមរភូមិតែមួយ គឺជាយុទ្ធសាស្រ្តមួយ ដែលអាចប្រើប្រាស់បាននៅក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត នៅក្នុងនយោបាយកម្ពុជា ។ ខ្ញុំគិតថា វាជាជម្រើសមួយតូចទេ នៅក្នុងការប្រកួតប្រជែងនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែត្រូវចាំថា នៅក្នុងនយោបាយកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងករណីដែលបន្ទាយតូចៗ ចង់ធ្វើការរួមគ្នាមកវិញ គឺជាការពិបាកមែនទែន ដោយសារតែបន្ទាយតូចៗទាំងអស់នោះ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់រដ្ឋាភិបាល តាមរយៈការកំណត់កម្លាំងរបស់អង្គភាពនីមួយៗ ហើយស្ថាប័នតូចៗ ដែលចាត់ទុកថា ជាបន្ទាយនយោបាយសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យតូចៗហ្នឹង គឺពិបាកណាស់ នៅក្នុងការកៀងគរប្រមូលផ្ដុំគ្នាឲ្យទៅជាកម្លាំងរួមតែមួយ ។ សម្រាប់ខ្ញុំៗយល់ថា ក្នុងចំណោមយុទ្ធសាស្រ្តទាំងអស់ គឺមានតែការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ឲ្យក្លាយទៅជាក្រុមធំមួយតែប៉ុណ្ណោះ ទើបអាចមានកម្លាំងគ្រប់គ្រាន់ និងមានសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងគណបក្សនយោបាយកាន់អំណាច នាពេលបច្ចុប្បន្ន ហើយបើសិនជានៅក្នុងករណីអ្នកនយោបាយនៅតែព្យាយាមប្រើប្រាស់បន្ទាយផ្សេងគ្នា គឺសុទ្ធសឹងតែជានយោបាយប្រជាភិថុតិ របស់អ្នកនយោបាយ ដែលចង់ក្ដោប និងចង់បានអំណាចតែទៅលើក្រុមខ្លួន ដោយលើកតម្កើងខ្លួនឯងជ្រុល ក្នុងនាមជាអ្នកនយោបាយ មិនគិតពីផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិ ជាធំទេ ។ ហេតុអីបានជាខ្ញុំលើកយកចំណុចនេះ ដោយចាត់ទុកថា ក្រុមនោះ គឺជាក្រុមអ្នកដែលចង់បានផលប្រយោជន៍តែឯង? ដោយសារតែពួកគេមិនមានចេតនានៅក្នុងការបង្រួមបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីឲ្យក្លាយទៅជាកម្លាំងស្នូលដ៏ធំមួយក្នុងការប្រជែងយកអំណាច តាមរយៈការបោះឆ្នោតឡើយ ហើយការដែលនៅក្រៅបន្ទាយធំ ឬក៏មិនរួបរួមបន្ទាយធំតែមួយទេ គឺជាចេតនាមិនល្អនៅក្នុងការបំផ្លាញ ឬក៏ចូលរួមបំបែកអ្នកប្រជាធិបតេយ្យ  ឲ្យក្លាយទៅជាជនរងគ្រោះ នៅក្នុងនយោបាយកម្ពុជា ទៅវិញទេ ហើយនៅក្នុងករណីដែលអ្នកនយោបាយ ចង់ដើរចេញ ឬក៏ចង់ធ្វើការនៅក្នុងបរិបទបន្ទាយផ្សេងគ្នា ដើម្បីប្រជែងយកអំណាចពីគណបក្សកាន់អំណាច ខ្ញុំគិតថា វាជាជម្រើសមួយដែលគួរតែធ្វើនៅក្នុងផែនការយុទ្ធសាស្រ្តរួម ហើយគ្រប់បន្ទាយទាំងអស់ ដើរចេញទៅធ្វើ ឬក៏កាន់តួនាទីរៀងៗខ្លួននៅក្នុងយុទ្ធសាស្រ្តធំ ហើយដើរតាមតួនាទី និងភារកិច្ចដែលបានចាត់ចែងតាមរយៈការរៀបចំនូវផែនការយុទ្ធសាស្រ្តមេ អាហ្នឹងទើបជាយុទ្ធសាស្រ្តដែលខ្ញុំយល់ថា អាចមានកម្លាំងនិងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការប្រជែងយកអំណាច» ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ក៏ប៉ុន្តែបើគ្រាន់តែធ្វើដើម្បីតែរូបភាព ធ្វើដើម្បីតែប្រជាភិថុតិ ចង់បានប្រជាប្រិយភាព ចង់បានការគាំទ្រថាខ្លួនជាក្រុមខ្លាំងជាងគេអីហ្នឹង ខ្ញុំចាត់ទុកថា វាជាជម្រើសមួយ ដែលមិនគួរកើតមាននៅក្នុងចំណោមអ្នកនយោបាយប្រជាធិបតេយ្យទេ ពីព្រោះវាជាស្ថានភាព ឬវាជានយោបាយមួយបំផ្លាញខ្លួនឯង ដើម្បីបម្រើនូវមហិច្ឆតារបស់ក្រុម និងបក្ខពួក មិនមែនជាគោលការណ៍បម្រើដល់ផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិឡើយ ។ ខ្ញុំចង់និយាយសំដៅទៅលើការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ បើសិនជាក្នុងករណីដែលមានអ្នកប្រជាធិបតេយ្យរូបណា គាត់ទទួលនូវការរឹតត្បិតសេរីភាព តាមរយៈការដាក់ទណ្ឌកម្មពីតុលាការកម្ពុជា គាត់គួរតែនៅស្ងៀម ប្រសើរជាជាងការចូលរួមឬក៏លូកលាន់នៅក្នុងកិច្ចការនយោបាយដោយចំហ ហើយគាត់អាចធ្វើកិច្ចការដោយសម្ងាត់ផ្ទៃក្នុងនៅពីខាងក្រោយឆាក ហើយមិនចេញមុខប្រកូកប្រកាសឲ្យមានការចាប់កំហុសពីគណបក្សនយោបាយដទៃ ហើយដាក់ពាក្យបណ្ដឹងដើម្បីរំលាយគណបក្ស ឬក្រុមអ្នកប្រជាធិបតេយ្យ ខ្ញុំចាត់ទុកថា វាជាវិធីសាស្រ្តមួយដែលល្អ ហើយអ្នកនយោបាយទាំងអស់ដែលធ្វើបាននៅក្នុងទម្រង់នេះ ខ្ញុំចាត់ទុកថា ជាអ្នកនយោបាយដែលបានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍របស់ក្រុម ដើម្បីផលប្រយោជន៍រួមរបស់សង្គម ហើយនិងប្រទេសជាតិ ហើយជាអ្នកនយោបាយដែលមានបេះដូង និងឆន្ទៈចង់ឃើញកម្ពុជា ក្លាយទៅជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យលូតលាស់ ហើយនិងមាននីតិរដ្ឋប្រកបទៅដោយគុណភាព ឬក៏គុណវុឌ្ឍ ទាក់ទងជាមួយនឹងការអនុវត្តឲ្យបានទូលំទូលាយ ដើម្បីធានាបាន និងស្របតាមរដ្ឋធម្មនុញ្ញ ហើយនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស» ។

លោកសេក សុជាតិ បន្តទៀតថា «ក៏ប៉ុន្តែបើសិនជាអ្នកនយោបាយដែលជាប់បទមិនផ្ដល់លទ្ធភាពឲ្យចូលរួម ឬក៏ជាប់ឈ្មោះជាពិរុទ្ធជន ឬក៏ជាទណ្ឌិត ហើយព្យាយាមបំផ្លាញអ្នកប្រជាធិបតេយ្យ តាមរយៈការលូកមាត់ ឬក៏តាមរយៈការបង្ហាញអំពីចេតនាដោយត្រង់ៗ ឬក៏ធ្វើការវ៉ៃប្រហារដោយត្រង់ៗ ដោយមិនមានការខ្លាចញញើត ហើយមិនប្រើប្រាស់នៅក្នុងយុទ្ធសាស្រ្ត ខ្ញុំចាត់ទុកថា វាជានយោបាយមួយដែលមិនចំណេញសម្រាប់អ្នកប្រជាធិបតេយ្យកម្ពុជាទេ ហើយផ្ទុយទៅវិញ វាជានយោបាយបំផ្លាញអ្នកប្រជាធិបតេយ្យកម្ពុជា ទៅវិញទេ ដែលមានមេដឹកនាំគិតតែចង់បានរូបភាពមុខមាត់ ហើយនិងអំណាចនៅក្នុងនយោបាយប្រឆាំង ក៏ប៉ុន្តែមិនព្រមបើកចិត្តឲ្យទូលាយ ធ្វើឲ្យលំហូរប្រជាធិបតេយ្យ ហើយនិងការចូលរួមសកម្មភាពនយោបាយរបស់អ្នកប្រជាធិបតេយ្យនៅកម្ពុជា ដើរទៅមុខដោយរលូន ហើយបើសិនជាអាចផ្លាស់ប្ដូរឥរិយាបថនេះបាន ខ្ញុំគិតថា ជាពេលវេលាសមស្រប ហើយក៏ជាពេលវេលាមួយដែលគួរតែផ្ដល់ឱកាសឲ្យអ្នកនយោបាយដែលគាត់មិនទាន់មានជាប់នូវទោសទណ្ឌណាមួយ អាចធ្វើសកម្មភាពបានទៅដោយរលូន ហើយនិងមិនមានការរាំងស្ទះក្នុងការអនុវត្តនូវគោលនយោបាយ ឬក៏ការប្រកួតប្រជែងនយោបាយកម្ពុជា តាមរយៈការបោះឆ្នោត នៅពេលខាងមុខហ្នឹង“ ៕  កុលបុត្រ

RELATED ARTICLES