Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្មៀនឃុំទារ២០០ដុល្លារ ធ្វើច្បាប់រៀបការ អភិបាលខេត្តដកបញ្ឈរជើង

ស្មៀនឃុំទារ២០០ដុល្លារ ធ្វើច្បាប់រៀបការ អភិបាលខេត្តដកបញ្ឈរជើង

ខេត្តកំពង់ចាម ៖ ស្មៀនឃុំច្បារអំពៅ នៅស្រុកបាធាយ ខេត្តកំពង់ចាមម្នាក់ ត្រូវបានលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សម្រេចដកបញ្ឈរជើងជាបណ្តោះអាសន្ន ឱ្យទៅបម្រើការងារនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម បន្ទាប់ពីរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានទារលុយ២០០ដុល្លារ ថ្លៃសុំច្បាប់រៀបអាពាហ៍ពិពាហ៍។

ស្មៀនឃុំ ដែលត្រូវបានដកបញ្ឈរជើង មានឈ្មោះភាព តុលា ជាស្មៀនឃុំច្បារអំពៅ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

ជាមួយនឹងការដកបញ្ឈរជើងលោកភាព តុលា ពីស្មៀនឃុំច្បារអំពៅនេះ លោកអ៊ុន ចាន់ដា ក៏បានចេញដីកាតែងតាំងលោកស្រី វី សុង៉ោ ពីមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឱ្យទៅបម្រើការងារជាមន្ត្រីស្មៀនឃុំច្បារអំពៅ រហូតមានការសម្រេចជាផ្លូវការពីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ដើមចមនៃការដកបញ្ឈរជើងស្មៀនឃុំច្បារអំពៅនេះ គឺផ្តើមចេញពីការរិះគន់របស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ដោយចោទប្រកាន់ថា លោកភាព តុលា បានទាមទារលុយ ចន្លោះពី១០០ ទៅ២០០ដុល្លារ ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងថែមទាំងប្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យទៅលើរូបគាត់ថែមទៀតផង។

យោងតាមគណនីហ្វេសប៊ុក ប្រជាពលរដ្ឋរងគ្រោះ ឈ្មោះតូច សាន មានលំនៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ បានបង្ហោះសំណេរមួយ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ថា “នាងខ្ញុំឈ្មោះ តូច សាន ជាប្រជាពលរដ្ឋ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសូមគោរពជូនអភិបាលស្រុកបាធាយ ខេត្តកំពង់ចាម នាងខ្ញុំកើតទុក្ខមិនសុខចិត្តនឹងទង្វើ កាយវិការលោកភាព តុលា ស្មៀនឃុំផ្អាវ ព្រោះកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៤ល្ងាច នាងខ្ញុំបានទៅសុំធ្វើ ច្បាប់ការកូន ស្រាប់តែលោកភាព តុលា (ស្មៀនឃុំផ្អាវ) បានប្រើពាក្យសម្តីនិងកាយវិការមិនសមរម្យមកលើករូបនាងខ្ញុំជាប្រជាពលរដ្ឋ ទាំងដែលនាងខ្ញុំមកសុំធ្វើច្បាប់ការសោះ ស្រាប់តែលោកភាព តុលា ទារប្រាក់ពីនាងខ្ញុំ ដល់២០០ដុល្លារ ជាថ្នូរនឹងការបោះត្រាឱ្យលើលិខិតពាក្យសុំច្បាប់ការ ហើយនាងខ្ញុំបានសុំអង្វសុំត្រឹម ១០០ដុល្លារ បានហើយ ឱ្យ១០០ដុល្លារហើយ លោកភាព តុលា មិនចង់ធ្វើឱ្យទៀត អ៊ីចឹងបើនាងខ្ញុំអត់មានលុយចំនួន ១០០ ដុល្លារ ឬ ២០០ដុល្លារ នាងខ្ញុំអត់អាចការកូនបានទេឬ? នាងខ្ញុំសូមឯកឧត្តមអភិបាលខេត្តកំពង់ចាម និង អភិ បាលស្រុកបាធាយ និងលោកមេឃុំផ្អាវ ជួយពន្យល់នាងខ្ញុំជាពលរដ្ឋស្លូតត្រង់ផង…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកភាព តុលា អតីតស្មៀនឃុំច្បារអំពៅ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕

RELATED ARTICLES