Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ៥ខ្នង បាញ់ទឹកពន្លត់ជិត៤០ឡាន

ភ្លើងឆេះផ្ទះ៥ខ្នង បាញ់ទឹកពន្លត់ជិត៤០ឡាន

ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋ ស្ថិតនៅខាងក្រោយអតីតម៉ុងឌីយ៉ាល់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ និងបន្តឆេះរាលបំផ្លាញផ្ទះអស់ទាំងស្រុង សរុបចំនួន៥ខ្នង សង្ស័យផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ហើយភ្លាមៗនេះ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹក អស់ប្រមាណជិត៤០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៤និង១០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចសហគមន៍មិត្តភាព ផ្លូវលេខ២២៧ (ខាងក្រោយអតីតម៉ុងឌីយ៉ាល់) ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីជាន់ទី១ នៃផ្ទះឈើ ១ខ្នង ដែល ម្ចាស់បិទទ្វារទុកចោល ហើយបានឆេះរាល់ដាលយ៉ាងរហ័សទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ បានធ្វើឱ្យកើត មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ភ្លាមៗដែរ។

តាមប្រភពសមត្ថកិច្ចជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ ជាប្រភេទផ្ទះឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម។ អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះ អស់សរុប ចំនួន៥ខ្នង ក្នុងនោះឆេះផ្ទះឈើលើថ្មក្រោម ចំនួន៣ខ្នង អស់ទាំងស្រុង និងរាលដាលឆេះផ្ទះ ១ខ្នង ខូចខាតអស់៧០ភាគរយ និង១ខ្នងទៀត ខូចខាតអស់ ៣០ភាគ រយ រួមជាមួយសម្ភារៈ មួយចំនួនទៀត។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៣៤គ្រឿង ដើម្បីចុះអន្ត រាគមន៍ ដោយប្រើទឹកអស់ ចំនួន៣៤ឡាន ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិ ភ័យ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៣ឡាន ស្មើនឹង ៩២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៣ឡាន ស្មើនឹង១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ២ឡាន ស្មើនឹង៨ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប។

ជុំវិញមូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញនៅពុំទាន់ដឹងពីមូលហេតុច្បាស់ លាស់នៅឡើយ ខណៈដែលកំពុងតែស្រាវជ្រាវ។ តែយ៉ាងណា មានការសង្ស័យថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES