ក្រុងឡុងដ៍ (អង់គ្លេស) ៖ នាយកដ្ឋានពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ប្រមាណ៣០គ្រឿង មកពីបណ្តាស្រុកនានា សរុបរថយន្តពន្លត់អគ្គិភ័យ ប្រមាណ ១៧៥គ្រឿង ដើម្បីពន្លត់អគ្គិភ័យ បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះប៉ុស្តិ៍ប៉ូលិស ហ្វរេស ហ្គេត (Forest Gate) កាលពីល្ងាចថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក ។

មន្ត្រីប៉ូលិសអង់គ្លេសម្នាក់ បានឲ្យដឹងថា អគ្គិភ័យបានឆបឆេះប៉ុស្តិ៍ប៉ូលិស ហ្វរេស ហ្គេត (Forest Gate) បានកើតឡើងនៅវេលាម៉ោងប្រហែល ៤រសៀល (ម៉ោងក្នុងស្រុក ឬប្រហែលម៉ោង១១យប់ ម៉ោងនៅកម្ពុជា) ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ ហើយគេជឿថា ភ្លើងបានឆាបឆេះចេញពីជាន់ទី៣ នៃអគារការិយាល័យប៉ូលិសនេះ ហើយភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ រហូតដល់ដំបូលប៉ុស្តិ៍ប៉ូលិសទាំងមូល រងការខូចខាត ទម្រាំសមត្ថកិច្ចជំនាញអាចគ្រប់គ្រងបានទាំងស្រុង ។
អំឡុងពេលមានហេតុការណ៍អគ្គិភ័យនេះ មន្ត្រីអាជ្ញាធរមូលដ្ឋាន បានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បិទទ្វារផ្ទះនិងបង្អួច ដើម្បីការពារផ្សែងពីភ្លើង ហើយផ្លូវជាច្រើន ត្រូវបានបិទចរាចរណ៍ ដើម្បីសម្រួលដល់រថ យន្តពន្លត់ភ្លើងកុំឱ្យរាលដាលដល់អគារក្បែរនោះ ខណៈមនុស្សជាច្រើន ឈរមើលភ្លើងទាំងភ័យស្លន់ស្លោ។ចំពោះមូលហេតុនៃការឆាបឆេះប៉ុស្តិ៍នគរបាលរដ្ឋបាលនេះ ប៉ូលិសមិនទាន់អាចបញ្ជាក់បាននៅឡើយ ដោយកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ។
មិនមានសេចក្តីរាយការណ៍ពីអ្នករងរបួសពីអគ្គិភ័យខាងលើនេះទេ ខណៈដែលអភិបាលក្រុងឡុងដ៍ លោក សាឌីក ខាន់ (Sadiq Khan) កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការពន្លត់អគ្គិភ័យ ដើម្បីគ្រប់គ្រងស្ថានការណ៍ រហូតអាចគ្រប់គ្រងបានទាំងស្រុង៕