Saturday, November 23, 2024
Homeនយោបាយគឹម សុខ ថាសមត្ថភាពក្រុមឡេង ចាន់ណា មិនអាចបោករយលានដុល្លារ បើគ្មានខ្នងខ្សែធំ

គឹម សុខ ថាសមត្ថភាពក្រុមឡេង ចាន់ណា មិនអាចបោករយលានដុល្លារ បើគ្មានខ្នងខ្សែធំ

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានលើកឡើងជាសំណួរថា ការចាប់ខ្លួនអតីតឧកញ៉ាឡេង ចាន់ណា ដើម្បីយុត្តិធម៌ ឬដើម្បីបិទបាំងអយុត្តិធម៌? ប៉ុន្តែសម្រាប់លោក យល់ថា ជាការបិទបាំងអយុត្តិធម៌ ព្រោះសមត្ថភាពក្រុមឡេង ចាន់ណា មិនអាចបោកលុយរាប់រយលានដុល្លារបែបនេះទេ បើគ្មានខ្នងបង្អែក ខ្សែធំ ។

 លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថា “ចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកតូចតាច ដើម្បីយុត្តិធម៌ ឬមានចេតនាបិទបាំងអយុត្តិធម៌?

– ទី១. តើចាប់ខ្លួន ឬយកទៅលាក់ខ្លួន កុំឲ្យបែកសាច់រឿង ពីព្រោះស្ត្រីឧកញ៉ាលោតឆត្ររូបនេះ ក្អេងក្អាងនិយាយច្រើន មិនដឹងអាងអី?

– ទី២. ចាប់ខ្លួនដោយមិនស៊ើបអង្កេតច្បាស់លាស់ តែព្រោះមហាជនធ្វើប្រតិកម្មខ្លាំង។ តើខ្លាចសំឡេងមហាជនប៉ះមេដំបូលទេដឹង?

– ទី៣. ចាប់តែឡេង ចាន់ណា និងបក្ខពួកថ្នាក់ក្រោម ហើយចុះបក្ខពួកថ្នាក់លើវិញ? លុយបោកបានពីប្រជាពលរដ្ឋ ចំនួនរយលានដុល្លារ តើសមត្ថភាពប៉ុនក្រុមឡេង ចាន់ណា អាចធ្វើកើតទេ?

– ទី៤. ពេលចាប់ខ្លួនឡេង ចាន់ណា ឲ្យទៅដេកញញឹមដាក់មេធំហើយ ចុះពលរដ្ឋដែលរងអស់លុយរយលានដុល្លារ តើត្រូវជួសជុលសងពួកគាត់តាមណា? ឯណាយុត្តិធម៌? នេះជាចំណុចសំខាន់បំផុត។

តាមបទល្មើសឧក្រិដ្ឋ ដែលឡេង ចាន់ណា បានប្រព្រឹត្ត គាត់គេចមិនផុតពីការចាប់ខ្លួន ដាក់ពន្ធនាគារទេ ប៉ុន្តែមិនមែនចាប់ខ្លួនរបៀបឃាត់ទុក ឲ្យទៅរាំជូនមេៗគយគន់ឡើយ។ ត្រូវដោះស្រាយតាមលំដាប់ ជាពិសេស សំណងសមរម្យ ដែលពលរដ្ឋរងគ្រោះ ត្រូវបានមកវិញ?“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ថា ការចាប់ខ្លួនឡេង ចាន់ណា គ្រាន់តែមានដំណើរបិទបាំងការពិត ឬបិទរឿងចោល គឺអ្នកនៅពីក្រោយខ្នង ក៏រួចខ្លួន រីឯពលរដ្ឋរងគ្រោះ ក៏មិនបានយុត្តិធម៌ ។

លោកគឹម សុខ បានមានប្រសាសន៍ថា “បើពុំមានការស៊ើបអង្កេត អំពីការពាក់ព័ន្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទេ ការចាប់ខ្លួនឡេង ចាន់ណា គ្មានន័យឡើយ ពីព្រោះឡេង ចាន់ណា បាននិយាយជាច្រើនដងថា លោកហ៊ុន ម៉ាណែត ជាអ្នកនៅពីក្រោយខ្នង។ បើអត់ស៊ើបអង្កេតដោយតម្លាភាព ការចាប់ខ្លួនឡេង ចាន់ណា គ្រាន់តែមានដំណើរបិទបាំងការពិត ឬបិទរឿងចោល គឺអ្នកនៅពីក្រោយខ្នង ក៏រួចខ្លួន រីឯពលរដ្ឋរងគ្រោះ ក៏មិនបានយុត្តិធម៌ និយាយឲ្យចំ ពលរដ្ឋរងគ្រោះ នឹងមិនបានសំណងសមរម្យ ពីការចាញ់បោកក្រុមហ៊ុននោះទេ“ ។

 លោកគឹម សុខ បានមានប្រសាសន៍បន្តថា “នេះជារឿងឧក្រិដ្ឋកម្រិតធំ ដូច្នេះលោក ហ៊ុន ម៉ាណែត មិនអាចយករួចខ្លួន ដោយគ្រាន់តែអ្នកនាំពាក្យរបស់គាត់ ចេញលិខិតបំភ្លឺមួយទំព័រ ឬនិយាយប៉ុន្មានប្រយោគទេ។ ករណីឧក្រិដ្ឋកម្ម អាចជម្រះបានថា លោកហ៊ុន ម៉ាណែត ពាក់ព័ន្ធឬអត់? តែតាមរយៈការស៊ើបអង្កេតដោយឯករាជ្យ តម្លានិងហ្មត់ចត់។ នេះជាវិធីសកល ក្នុងការចាត់ការលើបទឧក្រិដ្ឋ“ ។ 

គួរបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើល ឯ.ក  និងបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីពលរដ្ឋបានប្ដឹងពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យនិងបក្ខពួក ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប  ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ រួមមាន ៖

១-ឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាអគ្គនាយិកា

២-ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ជាអគ្គនាយករង

៣-ឈ្មោះ ផុន សាមាន ភេទប្រុស អាុ៣១ឆ្នាំ ជាអគ្គនាយករង

៤-បក្សពួក

ពីបទ ៖

១-ឆបោកមាស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ

២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមា ត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់

៣-សម្អាតប្រាក់ តាមបញ្ញត្តមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ក្រោយពីសម្រេចចោទប្រកាន់លើជនសង្ស័យទាំងអស់ខាងលើរួចមក តំណាងអយ្យការ បានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទឆបោកប្រាក់ប្រជាពលរដ្ឋ សរុបជាង ៣០០លានដុល្លារ មកនោះ ជនជាប់ចោទ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើល ឯ.ក ត្រូវបានបញ្ចប់គោរមងារឧកញ៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣២៤/២៥៨ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី ដោយយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា អ្នកស្រី ឡេង ចាន់ណា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា តាមមព្រះរាជក្រឹត្យ លេខ នស/រកត/១២១៩/១៩១៥ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ កុលបុត្រ

RELATED ARTICLES