កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា អ៊ុង វិរៈ មកពីក្លឹបកងពលតូចពិសេសឆត្រយោង ៩១១ ត្រូវស្វាគមន៍កីឡាករ ថៃ Diesellek មកទាបំណុលចាស់ ដែលធ្លាប់ប្រកួតចាញ់ កាលពីឆ្នាំ២០១៥ កន្លងមក នៅលើសង្វៀន PNN នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ។
រវាងកីឡាករ អ៊ុង វិរៈ និងកីឡាករ Diesellek ធ្លាប់ជួបគ្នាម្តងកាលពីឆ្នាំ២០១៥ កាលណោះ អ៊ុង វិរៈ បានប្រកួតយកឈ្នះ ដោយពិន្ទុ។ ប៉ុន្តែការជួបគ្នាលើកនេះ មិនទាន់ មាននរណាហ៊ានព្យាករណ៍លទ្ធផលទុកមុននោះ ទេ ព្រោះកីឡាករថៃម្នាក់នេះក៏ល្អដែរ ហើយ ម៉្យាងទៀត អ្នកទាំង២ ខានជួបគ្នាយូរដែរ ហើយ។
កីឡាករ អ៊ុង វិរៈ ជាអ្នកប្រដាល់ជើង ខ្លាំងទម្ងន់ធ្ងន់ប្រចាំកម្ពុជាម្នាក់ នាពេលបច្ចុប្បន្ន ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេស ជាច្រើននាក់មកហើយ គឺឈ្នះច្រើនជាងចាញ់ ព្រោះស្នៀតក្បាច់គុនខ្មែរបុរាណរបស់គេខ្លាំង ទាំងព្រមតែម្តង ហើយវាយមិនមានអំនួត និងមិនខ្លាចគូប្រកួតណាម្នាក់នោះទេ។
ការប្រកួតកន្លងមករបស់ អ៊ុង វិរៈ មិន ដែលវាយលាក់កម្លាំង និងស្នៀតប្រយុទ្ធរបស់ គេនោះឡើយ។ តែផ្តួលបាន វីរៈ មិនប្រណី នោះទេ អ្នកប្រដាល់មានដៃវែងជើងវែង អ៊ុង វិរៈ ជាអ្នកប្រដាល់ជើងចាស់ តែប្រកួតបាន តិច ហើយបច្ចុប្បន្ននេះ អ្នកប្រដាល់ក្នុងស្រុក ហាក់ដូចជាមិនមានដៃគូប្រកួតជាមួយឡើយ។ អ៊ុង វិរៈ រឹងមាំ កម្លាំងស៊ុហ្វខ្លាំង មិនចាញ់ ស៊ុហ្វអ្នកប្រដាល់បរទេសនោះទេ ហើយគេ មានចិត្តប្រដាល់ធំ មិនចេះខ្លាច មិនចេះញញើត ដឹងតែពីដើរចូលទៅរកគូប្រកួតជានិច្ច។
គួររំឭកថា កីឡាករ Diesellek ក៏ជា សមាសភាព ១រូប ខាងភាគីថៃ ដែលបានចូល រួមការប្រកួតដណ្តើមខ្សែក្រវាត់ “គោជល់” ទម្ងន់ ៧៥ គីឡូក្រាម នៅលើសង្វៀន PNN កន្លងមកនេះដែរ ដោយកាលនោះ គេបានផ្តួល សុខ ទូច និង មាស ភារម្យ ឱ្យសន្លប់ដូចគ្នា មុនពេលចាញ់ពិន្ទុ ព្រំ សំណាង ប៉ុន្តែមានបញ្ហា របួសជើងពេលប្រកួតជាមួយ ព្រំ សំណាង បានបង្ខំឱ្យ Diesellek សម្រេចបោះបង់ ចោលការប្រកួត ពេលរូបគេត្រូវជួប អ៊ុង វិរៈ ក្នុងការប្រកួតលើកទី៤ ចុងក្រោយ។
ការបោះបង់នោះ បានជួយឱ្យ អ៊ុង វិរៈ បញ្ចប់ក្នុងលទ្ធផលឈ្នះទាំង ៤ប្រកួត ក្នុងវគ្គ ជម្រុះវិលជុំ មុនពេលរូបគេយកឈ្នះជើងខ្លាំង ថៃ Kamlai Phit ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បី គ្រងខ្សែក្រវាត់ទម្ងន់ ៧៥គីឡូក្រាម។
តែទោះជាយ៉ាងនេះក្តី អ៊ុង វិរៈ មិនអាច មើលស្រាលលើកីឡាករ Diesellek ជនជាតិ ថៃនេះបានឡើយ ដោយសារអ្នកប្រដាល់ថៃ មានស៊ុហ្វខ្លាំង និងក្បាច់កាច់ផ្តួលល្អជាងកីឡា ករកម្ពុជា។
ដូច្នេះចាំមើលកីឡាករ Diesellek អាចសងសឹកលើ អ៊ុង វិរៈ វិញបានដែរ ឬ យ៉ាងណា? ៕