ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គសម្រេចចិត្តចងកសុគត នៅក្នុងបន្ទប់ជួលរបស់កូន បន្ទាប់ពីដឹងថា មានជំងឺប្រចាំកាយ ដែលមិនអាចព្យាបាលជាសះស្បើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូដឹមសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ព្រះសង្ឃដែលចងកសុគតនេះ ព្រះនាម ព្រំ វែង (សុវណ្ណបញ្ញា)ព្រះជន្មាយុ៥០វស្សា មានរោគាពាធ ប្រចាំកាយ របេងខួរឆ្អឹង និងផ្ទុកមេរោគអេដស៍គង់នៅបន្ទប់ជួលជាមួយ កូនប្រុសស្រី ត្រង់ចំណុចកើតហេតុ បានរយៈពេល១៥ថ្ងៃ បួសនៅវត្តព្រៃផ្អាវ ឃុំរនាមស្រុកត្រាំង ខេត្តតាកែវ មានស្រុកកំណើតនៅខេត្តកំពត ។
តាមប្រភពពត៌មានពីកូនស្រីច្បងរបស់សពសង្ឃអង្គខាងលើ ឈ្មោះព្រំ ស៊ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតទៅរស់នៅខាងម្តាយនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ បានឲ្យដឹងថា ឪពុករបស់ខ្លួនមានប្រពន្ធ និងមានកូន៣នាក់ ក្នុងនោះស្រី២ នាក់និងប្រុសម្នាក់ ដោយឪពុករបស់គាត់មានឧប្បនិស្ស័យជាមួយព្រះពុទ្ធសាសនា ក្រោយពីលែងប្រពន្ធបានជាង១ឆ្នាំក៏បានចូលស្នាងព្រះផ្នូសជាសង្ឃ ដោយដាក់ចិត្ត បន្ទាបកាយ ចូលខ្លួនបម្រើក្នុងព្រះពុទ្ធសាសនា បួសរៀន គង់នៅវត្តព្រៃផ្អាវអស់រយះពេលជាង៧ព្រះវស្សាកន្លងមកហើយ ។
ប្រភពបន្តទៀតថា បន្ទាប់ពីឪពុករបស់គាត់ផ្ទុកជំងឺអេសដ៍ ហើយគ្រួសារគាត់ក្រីក្រតែងតែ មានជម្លោះគ្នានៅក្នុងគ្រួសាររហូតឪពុកម្តាយគាត់ បានលែងលះបានជាងមួយឆ្នាំឪពុករបស់គាត់បានបួសនៅវត្តផ្អាវបាន៧វស្សាហើយគិតមកដល់សព្វថ្ងៃនេះ ប៉ុន្តែពេលដែលទៅបួស នោះចៅអធិការវត្តមិនបានដឹងថា ឪពុករបស់គាត់មានផ្ទុកមេរោគអេដស៍ទេ សូម្បីតែម្តាយ របស់នាងក៏ផ្ទុកមេរោគអេសដ៍ដែរ ទើបតែមួយរយៈចុងក្រោយនេះស្ថានភាពជំងឺរបស់ព្រះសង្ឃកាន់តែធ្ងន់ធ្ងរទៅ ដោយមានជំងឺរបេងខួរឆ្អឹងទៀត ទើបព្រះអង្គនិមន្តទៅគង់សម្រាកនៅមន្ទីរពេទ្យឯទីរួមខេត្តកំពតតែមួយព្រះអង្គឯង ពុំមានញាតិញោមណា ទៅមើលថែទាំឡើយ អស់រយៈពេលជាច្រើនខែជួបនូវការលំបាកពេក ទើបព្រះសង្ឃខាងលើសម្រេចចិត្តនិមន្តមកគង់ស្នាក់នៅជាមួយកូនប្រុសស្រី នៅផ្ទះជួលក្នុងភូមិអូដឹម សង្កាត់ចោមចៅ បានរយះពេល១៥ថ្ងៃ ហើយរោគាព្យាធិរបស់ព្រះអង្គកាន់តែធ្ងន់ទៅៗ អស់សង្ឃឹមក្នុងជីវិត ទើបផ្តាច់សង្ខាដោយចងកនិងចម្រឹងបង្អួចសុគត ខណៈពេលដែលកូនៗ ចេញមកអង្គុយលេងនៅខាងក្រៅផ្ទះនិងកូនម្នាក់ទៀត ទៅទិញកាល់ស្យូម ដើម្បីម៉ូវកម្លាំង តែរយះពេលមួយភ្លែតឮស្នូររើបំរាស់កន្រ្តាក់ដៃជើង ទើបនាំគ្នាទៅមើល ហួសពេលទៅហើយ ព្រះសង្ឃសុគតបាត់ទាំងរូបគ្រងស្បងជីវរ ។
ក្រោយពីកើតហេតុផ្អើលអ្នកជិតខាង រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យ កោសល្យវិច័យ ។តាមនគរបាល ជំនាញខណ្ឌ ពោធិសែនជ័យ ក្រោយពីពិនិត្យរួច ឃើញថាព្រះសង្ឃអង្គខាងលើពិតជាក់ជាចងកធ្វើគតដោយខ្លួនឯងពិតប្រាកដមែន រួចប្រគល់សពឲ្យកូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រៃផ្អាវ ស្ថិតនៅឃុំព្រៃរនាម ស្រុកទ្រាំងខេត្តតាកែវ៕ ថោង ធីម