ប្រទេសរុស្ស៉ី ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ខ្មាន់កាំភ្លើង ៤នាក់ ដែលបានវាយ ប្រហារលើរោងមហោស្រពមួយ ក្នុងទីក្រុងមូស្គូ ត្រូវបានចាប់ខ្លួន ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១៣៣នាក់។
ក្រុមអ្នកវាយប្រហារ បានបើកការបាញ់ប្រហារទៅលើមនុស្ស នៅរោងមហោស្រពមួយ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក យ៉ាងហោចណាស់មនុស្ស ១៣៣នាក់ បានស្លាប់ និងជាង ១៤០នាក់ បានរងរបួស ដោយក្រុមភេរវករអ៊ិស្លាម (ISIS) បានប្រកាសទទួលខុសត្រូវចំពោះការវាយ ប្រហារនេះ។ អាជ្ញាធរ បាននិយាយថា មនុស្សសរុបចំនួន ១១នាក់ ត្រូវបានឃុំខ្លួន ហើយខ្មាន់កាំភ្លើង ៤នាក់ ត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ថ្កោលទោសការបាញ់ ប្រហារនេះ។ ឧបទ្ទវហេតុដែលត្រូវបានចាត់ទុកថាបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុ តនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងទៅនេះ គឺជា “អំពើភេរវកម្មដ៏ព្រៃផ្សៃ” ហើយបានរំលឹកឡើងវិញនូវព័ត៌មានមុនៗពីសេវាសន្តិសុខរុស្ស៊ី ដែលជនវាយប្រហារបានព្យាយាមរត់ភៀសខ្លួនទៅកាន់អ៊ុយក្រែន។ ប៉ុន្តែអាជ្ញាធរអ៊ុយក្រែន បានច្រានចោលការអះអាងនៃការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះថា “មិនសមហេតុសមផល”។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានចោទប្រកាន់លោកពូទីន ពីការព្យាយាម “បន្ទោស” អ៊ុយក្រែន ចំពោះការវាយប្រហារនេះ។
ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ខ្លួនបានព្រមានរុស្ស៊ី អំពីការវាយប្រហារនេះ ថា “ការប្រមូលផ្តុំដ៏ធំ” ដែលអាចកើតមាននៅទីក្រុងមូស្គូ កាលពីដើមខែនេះ។ រដ្ឋាភិបាលរុស្ស៊ីនៅពេលនោះ បានចាត់ទុកថា នេះត្រូវបានគេហៅថា “ការឃោសនា” និងជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ី។
របាយការណ៍នៃការវាយប្រហារដ៏សាហាវនៅខាងក្នុងសាលសម្តែសៀក (Crocus City Hall) ក្នុងសង្កាត់ ក្រា ស្នូហ្គស្ក (Krasnogorsk) ជាយក្រុងម៉ូស្គូ បានកើតឡើងនៅម៉ោងប្រហែល 8:00 យប់ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ ហើយមនុស្សរហូតដល់ ៦២០០នាក់ បានប្រមូលផ្តុំគ្នានៅទីនោះ ដើម្បីមើលការប្រគំតន្ត្រី របស់ក្រុមតន្រ្តី ភីកឃី ដែលជាក្រុមតន្រ្តីរ៉ុក សម័យសហភាពសូវៀត។
វីដេអូមួយដែលបានបង្ហោះតាមអ៊ីនធឺរណិត បង្ហាញពីបុរសជាច្រើននាក់ កំពុងដើរនៅទីធ្លាខាងក្រៅ ហើយបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស មុនពេលចូលទៅវាយប្រហារខាងក្នុង។ វាបង្ហាញឱ្យឃើញហ្វូងមនុស្សយ៉ាងច្រើន ស្រែកនិងរត់ទាំងភិតភ័យ។ មនុស្សជាច្រើនបានលាក់ខ្លួននៅពីក្រោយកន្លែងអង្គុយ ខណៈក្រុមនេះបានបាញ់ចូលក្នុងសាលមហោស្រព ហើយខ្លះទៀតរត់ចូលទៅក្នុងបន្ទប់ក្រោមដី ចំណែកនៅក្រៅអគារមហោ ស្រព មានផ្សែងខ្មួលខ្មាញ់នៃការឆេះរោងមហោស្រព ក្រោយមកត្រូវបានគេមើលឃើញថា ភ្លើងបានរាលរាលដល់ដំបូលនិងមុខអគារ។
ទីភ្នាក់ងារសារព័ត៌មាន «តាស» (TASS) របស់រដ្ឋាភិបាលរុស្ស៊ី បានរាយការណ៍ថា ប្រហែលមួយភាគបីនៃអគារ បានឆេះ។ ចំពោះរបាយការណ៍ព័ត៌មានផ្សេងៗ បង្ហាញពីការផ្ទុះ បណ្តាលឲ្យកញ្ចក់នៅជាន់ខាងលើនៃអគារ បានបែកខ្ទេច។
គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា អ្នកវាយប្រហារ បានប្រើប្រាស់វត្ថុរាវដែលអាចឆេះបាន ដើម្បីដុតបំផ្លាញផ្នែកផ្សេងៗនៃសាលមហោស្រព ហើយអ្នកស្លាប់ មានរបួសដោយគ្រាប់កាំភ្លើង និងស្រូបផ្សែងពុល។
សមាជិកសភារុស្ស៊ី លោកអាឡិចសាន់ដឹរ គីនឆ៍ទីន (Alexander Kinchtyn) បាននិយាយថា អ្នកវាយប្រហារ បានរត់គេចពីកន្លែងកើតហេតុ ចូលទៅក្នុងរថយន្ត Renault ។ ប៉ូលិសក្នុងតំបន់ Briansk ចម្ងាយ ៣៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងម៉ូស្គូ (Moscow) បានបញ្ឈប់រថយន្តនៅយប់ថ្ងៃកើតហេតុ និងបញ្ជាឱ្យបញ្ឈប់ ត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរមិនស្តាប់បង្គាប់ ក៏ដេញតាមចាប់បានឧក្រិដ្ឋជនពីរនាក់ និងពីរនាក់ទៀត បានរត់ចូលព្រៃ។
មុនពេលចាប់ខ្លួន ប៉ូលិសបានរកឃើញកាំភ្លើងខ្លីមួយដើម និងបង់កាំភ្លើងវែងមួយ លិខិតឆ្លងដែនតាជីគីស្ថាន ជាច្រើន នៅក្នុងរថយន្ត។ តាជីគីស្ថាន ជាប្រទេសមួយនៅអាស៊ីកណ្តាល ប្រជាជនភាគច្រើនជាជនជាតិមូស្លីម ហើយធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត ។
កន្លែងគោរពវិញ្ញាណក្ខន្ធបណ្ដោះអាសន្ន ត្រូវបានបង្កើតនៅខាងក្រៅរោងមហោស្រពកើតហេតុ កន្លែងដែលអ្នករស់នៅទីក្រុងមូស្គូ អុជទៀន និងដាក់ផ្កា ក្នុងនោះក៏មានមនុស្សជាច្រើនបានតម្រ ង់ជួរដើម្បីបរិច្ចាគឈាមដល់ជនរងគ្រោះដែលរងរបួសក្នុងការសម្លាប់រង្គាលផងដែរ។ ប្រធានាធិបតី ពូទីន បានប្រកាសយកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស និងសកម្មភាពផ្សេងៗចុងសប្តាហ៍ ត្រូវបានលុបចោលនៅទូទាំងប្រទេសរុស្ស៊ី។
ជុំវិញការវាយប្រហារភេរវកម្ម នៅសាលមហោស្រពក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារភេរវកម្មនេះ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មានខ្លឹមសារថា «យើងមានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់រយនាក់ និងការរងរបួសរាប់រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហោស្រព ទីក្រុងមូស្គូ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ។
យើងសូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់ បានជាសះស្បើយឆាប់រហ័ស។ កម្ពុជា ធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា ទង្វើភេរវកម្មណាក៏ដោយ គឺជាបទឧក្រិដ្ឋដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយ និងដោយបុគ្គលណាក៏ដោយ។ យើងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី នៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ…។ជាមួយនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។
សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា មានខ្លឹមសារថា «រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានសេចក្តីរន្ធត់យ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋរុស្ស៊ី រាប់រយនាក់ និងរងរបួសជាច្រើនរយនាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្ម នៅសាលមហោស្រពទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងនាមប្រជាជនកម្ពុជា យើងទាំងអស់គ្នាពិតជាមានសេចក្តីសោកស្តាយជាពន់ពេក និងសូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមផ្តន្ទាទោសចំពោះទង្វើភេរវកម្មបែបនេះ និងចាត់ទុកជាបទឧក្រិដ្ឋដែលមិនអាចអត់ឱនឱ្យបាន។
យើងទាំងអស់គ្នា សូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋភិបាលនិងប្រជាជនរុស្ស៊ី ក្នុងអំឡុងពេលដ៏ក្រៀមក្រំនេះ»៕