Friday, December 27, 2024
Homeតារាខ្មែរតើព្រាប សុវត្ថិ ៖បណ្ដោយឲ្យខេមរៈ សិរីមន្ដ វ៉ាឬអត់ ?

តើព្រាប សុវត្ថិ ៖បណ្ដោយឲ្យខេមរៈ សិរីមន្ដ វ៉ាឬអត់ ?

ភ្នំពេញ៖ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មានអាយុខុសគ្នា១០ឆ្នាំ ពោលគឺឆ្នាំ២០២៤ នេះព្រាប សុវត្ថិ មានអាយុ៤៩ឆ្នាំ ខណៈសិរីមន្ដ អាយុ៣៩ឆ្នាំ ។ដោយឡែកសម្រាប់ការចាប់​អាជីព​ចម្រៀង​វិញព្រាប សុវត្ថិ ល្បីល្បាញឈ្មោះរយៈពេល២៧ឆ្នាំមកហើយ(១៩៩៧-២០២៤ ) ខណៈដែលសិរីមន្ដ ច្រៀង​​​​ឆ្នាំ២០០៤ តែល្បីឈ្មោះខ្លាំងអំឡុងនៅសាន់ដេ១០ឆ្នាំ(២០០៧-២០១៧)។នៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ប្រជែងនិងកាច់​កុងគ្នា​ខ្លាំងអំ​ឡុងពេលឈរជើង​នៅហង្សមាសជាមួយគ្នាគឺប្រៀបបាន”ភ្នំ១ខ្លា២” រហូតធ្វើឲ្យព្រាប សុវត្ថិ ដើរចេញពី​ហង្សមាស​នៅឆ្នាំ២០២០ ដើម្បីចូលជ្រកនៅGalaxy រហូតដល់បច្ចុប្បន្ន និង​សល់កុងត្រាជាមួយផលិត​កម្មនេះជាង១ឆ្នាំទៀត ក្នុងតំណាក់កាលកិច្ចសន្យាដំបូង៥ឆ្នាំ ។​

ប៉ុន្ដែរឿងដែលគួរឲ្យចាប់អា​រម្មណ៍ទោះ​ជានៅពេលព្រាប សុវត្ថិ ដើរចេញពីហង្សមាស ខេមរៈ សិរីមន្ដ បានក្លាយ​ទៅជាតួឯកនៅផលិតកម្មធំនេះក្ដី ប៉ុន្ដែ​នៅឆ្នាំ២០២៣ លោកខែម ប៊ុនថៃ បែជាលោតចូលGalaxy ប៉ះព្រាប សុវត្ថិ សារជាថ្មីម្ដងទៀត ធ្វើឲ្យទីផ្សារតារា​ចម្រៀង​ប្រុស​នៅ​Galaxy មានការប្រែប្រួល ហើយគេចាំអ៊ុតមើលថាតើព្រាប សុវត្ថិ នៅតែជាលេខ១នៅ​ផលិត​កម្មជើងថ្មីនេះតទៅទៀត ឬខេមរៈ សិរីមន្ដ អាចវ៉ាវិញម្ដង?ការ​លើក​ឡើងបែបនេះ​ព្រោះបច្ចុ​ប្បន្នតារាប្រុសនៅGalaxy គឺមានតែខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះ​ដែល​អុកឡុកចម្រៀងជាងគេ ដោយមានទាំងការលេងម៉ូដសក់ក្រញ៉ាញ់​ចម្លែកពីមិត្តរួម​អាជីព​ទៀតផង ហើយអំឡុង​ពេល​ដែលសិរីមន្ដ កំពុងព្យាយាមពង្រឹងទីផ្សារចម្រៀងរបស់​ខ្លួន​ឡើ​ង​វិញនេះ លោកព្រាប សុវត្ថិ មិនទាន់មានអ្វីទប់ទល់ ឬមានស្នាដៃថ្មីណាលេច​ធ្លោនិងទាក់​ទាញជាង​សិរីមន្ដ ឡើយ ។

អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើង​តាមទូរ​ស័ព្ទ​នៅថ្ងៃទី២៦ មីនា ថា ព្រាប សុវត្ថិ នៅតែល្អ សម្ថភាព និងការប្រើប្រាស់សម្លេង​មិនទាន់​ធ្លាក់ចុះទេ តែរឿងល្បីដូចមុនឬយ៉ាងណាសំខាន់នៅលើអ្នកធ្វើបទ។ចំណែកខេមរៈ សិរីមន្ដ វិញលោកថាល្បីតាមបែបវ័យក្មេងជាង ទាំងការតុបតែងខ្លួនក៍មិនដូចគ្នាដែរ។លោកនូ ស៊ឹប បន្ថែមថា​សិ​ល្បៈគឺ”រលកក្រោយ ច្រានរលកមុន “ហើយព្រាប សុវត្ថិ យកកូន១ទៀត​ចូល​ច្រៀងជាមួយខ្លួន​បញ្ជាក់ថាលោកត្រៀមឲ្យកូនចេញមុខកាន់តែច្រើន ហើយសុវត្ថិ មាន​លុយអីចឹងគេ​អាចនឹង​ងាកទៅធ្វើអីបន្ថែមពីលើសិល្បៈនាពេលបច្ចុបប្បន្នថែមទៀត ។ជា​សរុបលោកនូ ស៊ឹប សង្កត់​ថាព្រាប សុវត្ថិ អាយុ៤៩ឆ្នាំ នៅមិនទាន់អីទេ ក្នុងការចាប់អាជីព​ចម្រៀងព្រោះ​លោកមានស្ទីល​ច្រៀង​ទាំងអ៊ឺរ៉ុប និងអាស៊ីបានល្អ សម្លេងណែន មិនខ្ចាយ អត្ត​ចឬកនឹងធឹងណាស់ ។ដោយ​ឡែកខេមរៈ សិរីមន្ដ វិញលោកសង្កេត​ឃើញថាចុងក្រោយ​នេះ​ចេញបទច្រើនវិញ ។

ចំណែកអតីតអ្នកដឹកនាំសម្ដែងសាន់ដេលោកឃុន ចាន់ឌី កាលពីពេលថ្មីៗនេះបាន​ចេញវីដីដេមួយដោយអួតថាកាលខេមរៈ សិរីមន្ដ នៅសាន់ដេមានបទខ្លាំងៗ​រហូតពេល​ខ្លះវ៉ា​ព្រាប សុវត្ថិ ទៀតផង។ប៉ុន្ដែលោកថាតាំងពីសិរីមន្ដ ចេញពីសាន់ដេបទចម្រៀងពិបាក​ស្ដាប់​ទៅវិញ ។

 គេកត់សម្គាល់ដែរថាទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នារយៈពេលចុងក្រោយនេះ​បានចេញច្រៀងConcerts ឡើងវិញដូចគ្នា ប៉ុន្ដែភាគច្រើនជារៀបចំរបស់ផលិតកម្មផ្ទាល់​តែ​ម្ដង បើទោះជាលោកសុវត្ថិ ធ្លាប់ប្រាប់ថាលោកនៅតែទទួលការច្រៀង​សម្ដែងជាធម្មតា​ក្រោ​យ​ឡើងជាឧកញ៉ាកាលពីចុងខែមេសា ឆ្នាំ២០២២ ។ចំណែកខេមរៈ សិរីមន្ដ វិញដែល​ឡើង​ជា​ឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះអ្នកដឹកនាំកម្មវិធីសិល្បៈភាគ​ច្រើន​សាញដោយ​សា​រ​តែ​លោកថាច្រៀង៦បទ បានថ្លៃខ្លួនដល់ទៅ១ម៉ឺនដុល្លារ។

 មជ្ឈដ្ឋានមហាជនបានលើកឡើងថាព្រាប សុវត្ថិ នឹងអាចមិនបន្ដកុងត្រាថ្មីនៅGalaxy ឡើយប្រសិនបើលោកពិតជាត្រូវខេមរៈ សិរីមន្ដ វ៉ាបាននៅឆ្នាំ២០២៤ នេះមែន ព្រោះលោក​មិន​ចង់ធ្វើជាតួរង ។ប៉ុន្ដែលោកនូ ស៊ឹប ថាការដែលព្រាប សុវត្ថិ មានកូន២នាក់ច្រៀង​នៅផលិ​ត​កម្មជាមួយលោកនោះពេលឪកូនចាប់ដៃគ្នាច្រៀងលើឆាក​សារជាថ្មី នឹងធ្វើឲ្យទស្សនិកជន​ចា​ប់​​អារម្មណ៍ជាងពេលព្រាប សុវត្ថិ ច្រៀងម្នាក់ឯង។លោកថាសម្ថភាពព្រាប សុវត្ថិ នៅតែមាន​ប៉ុន្ដែ​រឿង​សំខាន់គឺនៅលើអ្នកធ្វើបទចម្រៀងឲ្យច្រៀង បើធ្វើត្រូវនៅតែល្បីអីចឹង មិនមែនអាយុ​៤៩ឆ្នាំ លែងល្បីទេ ព្រោះតារាចម្រៀងសំខាន់នៅលើកត្តា៣យ៉ាងគឺទី១៖សម្ថភាព ទី២៖សុខ​ភាព និងទី៣៖ផលិតកម្មគេឡង់សេ យើងឬអត់?

RELATED ARTICLES