ភ្នំពេញ៖ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មានអាយុខុសគ្នា១០ឆ្នាំ ពោលគឺឆ្នាំ២០២៤ នេះព្រាប សុវត្ថិ មានអាយុ៤៩ឆ្នាំ ខណៈសិរីមន្ដ អាយុ៣៩ឆ្នាំ ។ដោយឡែកសម្រាប់ការចាប់អាជីពចម្រៀងវិញព្រាប សុវត្ថិ ល្បីល្បាញឈ្មោះរយៈពេល២៧ឆ្នាំមកហើយ(១៩៩៧-២០២៤ ) ខណៈដែលសិរីមន្ដ ច្រៀងឆ្នាំ២០០៤ តែល្បីឈ្មោះខ្លាំងអំឡុងនៅសាន់ដេ១០ឆ្នាំ(២០០៧-២០១៧)។នៅឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ប្រជែងនិងកាច់កុងគ្នាខ្លាំងអំឡុងពេលឈរជើងនៅហង្សមាសជាមួយគ្នាគឺប្រៀបបាន”ភ្នំ១ខ្លា២” រហូតធ្វើឲ្យព្រាប សុវត្ថិ ដើរចេញពីហង្សមាសនៅឆ្នាំ២០២០ ដើម្បីចូលជ្រកនៅGalaxy រហូតដល់បច្ចុប្បន្ន និងសល់កុងត្រាជាមួយផលិតកម្មនេះជាង១ឆ្នាំទៀត ក្នុងតំណាក់កាលកិច្ចសន្យាដំបូង៥ឆ្នាំ ។
ប៉ុន្ដែរឿងដែលគួរឲ្យចាប់អារម្មណ៍ទោះជានៅពេលព្រាប សុវត្ថិ ដើរចេញពីហង្សមាស ខេមរៈ សិរីមន្ដ បានក្លាយទៅជាតួឯកនៅផលិតកម្មធំនេះក្ដី ប៉ុន្ដែនៅឆ្នាំ២០២៣ លោកខែម ប៊ុនថៃ បែជាលោតចូលGalaxy ប៉ះព្រាប សុវត្ថិ សារជាថ្មីម្ដងទៀត ធ្វើឲ្យទីផ្សារតារាចម្រៀងប្រុសនៅGalaxy មានការប្រែប្រួល ហើយគេចាំអ៊ុតមើលថាតើព្រាប សុវត្ថិ នៅតែជាលេខ១នៅផលិតកម្មជើងថ្មីនេះតទៅទៀត ឬខេមរៈ សិរីមន្ដ អាចវ៉ាវិញម្ដង?ការលើកឡើងបែបនេះព្រោះបច្ចុប្បន្នតារាប្រុសនៅGalaxy គឺមានតែខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះដែលអុកឡុកចម្រៀងជាងគេ ដោយមានទាំងការលេងម៉ូដសក់ក្រញ៉ាញ់ចម្លែកពីមិត្តរួមអាជីពទៀតផង ហើយអំឡុងពេលដែលសិរីមន្ដ កំពុងព្យាយាមពង្រឹងទីផ្សារចម្រៀងរបស់ខ្លួនឡើងវិញនេះ លោកព្រាប សុវត្ថិ មិនទាន់មានអ្វីទប់ទល់ ឬមានស្នាដៃថ្មីណាលេចធ្លោនិងទាក់ទាញជាងសិរីមន្ដ ឡើយ ។
អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទនៅថ្ងៃទី២៦ មីនា ថា ព្រាប សុវត្ថិ នៅតែល្អ សម្ថភាព និងការប្រើប្រាស់សម្លេងមិនទាន់ធ្លាក់ចុះទេ តែរឿងល្បីដូចមុនឬយ៉ាងណាសំខាន់នៅលើអ្នកធ្វើបទ។ចំណែកខេមរៈ សិរីមន្ដ វិញលោកថាល្បីតាមបែបវ័យក្មេងជាង ទាំងការតុបតែងខ្លួនក៍មិនដូចគ្នាដែរ។លោកនូ ស៊ឹប បន្ថែមថាសិល្បៈគឺ”រលកក្រោយ ច្រានរលកមុន “ហើយព្រាប សុវត្ថិ យកកូន១ទៀតចូលច្រៀងជាមួយខ្លួនបញ្ជាក់ថាលោកត្រៀមឲ្យកូនចេញមុខកាន់តែច្រើន ហើយសុវត្ថិ មានលុយអីចឹងគេអាចនឹងងាកទៅធ្វើអីបន្ថែមពីលើសិល្បៈនាពេលបច្ចុបប្បន្នថែមទៀត ។ជាសរុបលោកនូ ស៊ឹប សង្កត់ថាព្រាប សុវត្ថិ អាយុ៤៩ឆ្នាំ នៅមិនទាន់អីទេ ក្នុងការចាប់អាជីពចម្រៀងព្រោះលោកមានស្ទីលច្រៀងទាំងអ៊ឺរ៉ុប និងអាស៊ីបានល្អ សម្លេងណែន មិនខ្ចាយ អត្តចឬកនឹងធឹងណាស់ ។ដោយឡែកខេមរៈ សិរីមន្ដ វិញលោកសង្កេតឃើញថាចុងក្រោយនេះចេញបទច្រើនវិញ ។
ចំណែកអតីតអ្នកដឹកនាំសម្ដែងសាន់ដេលោកឃុន ចាន់ឌី កាលពីពេលថ្មីៗនេះបានចេញវីដីដេមួយដោយអួតថាកាលខេមរៈ សិរីមន្ដ នៅសាន់ដេមានបទខ្លាំងៗរហូតពេលខ្លះវ៉ាព្រាប សុវត្ថិ ទៀតផង។ប៉ុន្ដែលោកថាតាំងពីសិរីមន្ដ ចេញពីសាន់ដេបទចម្រៀងពិបាកស្ដាប់ទៅវិញ ។
គេកត់សម្គាល់ដែរថាទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នារយៈពេលចុងក្រោយនេះបានចេញច្រៀងConcerts ឡើងវិញដូចគ្នា ប៉ុន្ដែភាគច្រើនជារៀបចំរបស់ផលិតកម្មផ្ទាល់តែម្ដង បើទោះជាលោកសុវត្ថិ ធ្លាប់ប្រាប់ថាលោកនៅតែទទួលការច្រៀងសម្ដែងជាធម្មតាក្រោយឡើងជាឧកញ៉ាកាលពីចុងខែមេសា ឆ្នាំ២០២២ ។ចំណែកខេមរៈ សិរីមន្ដ វិញដែលឡើងជាឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះអ្នកដឹកនាំកម្មវិធីសិល្បៈភាគច្រើនសាញដោយសារតែលោកថាច្រៀង៦បទ បានថ្លៃខ្លួនដល់ទៅ១ម៉ឺនដុល្លារ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាព្រាប សុវត្ថិ នឹងអាចមិនបន្ដកុងត្រាថ្មីនៅGalaxy ឡើយប្រសិនបើលោកពិតជាត្រូវខេមរៈ សិរីមន្ដ វ៉ាបាននៅឆ្នាំ២០២៤ នេះមែន ព្រោះលោកមិនចង់ធ្វើជាតួរង ។ប៉ុន្ដែលោកនូ ស៊ឹប ថាការដែលព្រាប សុវត្ថិ មានកូន២នាក់ច្រៀងនៅផលិតកម្មជាមួយលោកនោះពេលឪកូនចាប់ដៃគ្នាច្រៀងលើឆាកសារជាថ្មី នឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាងពេលព្រាប សុវត្ថិ ច្រៀងម្នាក់ឯង។លោកថាសម្ថភាពព្រាប សុវត្ថិ នៅតែមានប៉ុន្ដែរឿងសំខាន់គឺនៅលើអ្នកធ្វើបទចម្រៀងឲ្យច្រៀង បើធ្វើត្រូវនៅតែល្បីអីចឹង មិនមែនអាយុ៤៩ឆ្នាំ លែងល្បីទេ ព្រោះតារាចម្រៀងសំខាន់នៅលើកត្តា៣យ៉ាងគឺទី១៖សម្ថភាព ទី២៖សុខភាព និងទី៣៖ផលិតកម្មគេឡង់សេ យើងឬអត់?