Friday, December 27, 2024
Homeព័ត៌មានអន្តរជាតិក្រុម ISIS គំរាមសម្លាប់ពូទីន សងសឹកការចាប់ខ្លួនភេរវករវាយប្រហារមហោស្រពក្រុងម៉ូស្គូ

ក្រុម ISIS គំរាមសម្លាប់ពូទីន សងសឹកការចាប់ខ្លួនភេរវករវាយប្រហារមហោស្រពក្រុងម៉ូស្គូ

ប្រទេសរុស្ស៉ី ៖ ក្រុមភេរវករ ISIS បានគំរាមសម្លាប់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ហើយបាននិយាយថា ការធ្វើទារុណកម្មលើជនសង្ស័យនៃការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូ បានបង្កើនការបង្ហូរឈាមរបស់ពួកគេ ខណៈដែលវីដេអូថ្មី បង្ហាញពីជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលវិមានក្រឹមឡាំង បានប្តេជ្ញាថា នឹងសម្លាប់អ្នកពាក់ព័ន្ធទាំងអស់ ។ ចំណែកលោក ពូទីន ថាក្រុមភេរវករវាយប្រហារមហោស្រពក្រុងម៉ូស្គូ បានរត់គេចខ្លួនទៅអ៊ុយក្រែន។

រហូតមកដល់ពេលនេះ អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនជនសង្ស័យ ចំនួន ១១នាក់ ក្នុងនោះមាន ៤ នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការវាយប្រហារប្រដាប់អាវុធនៅក្នុងសាលមហោស្រព Crocus City Hall នោះ។ ក្នុងនោះរួមមាន ៖ ១-ដាលឺតសាន់ មៀរហ្សូយេវ (Dalerdson Mirzoyev) អាយុ ៣២ឆ្នាំ ២-ហ្សៃដាក្រាមិ រ៉ាចាបាលីសូដ (Zaidagrami Rajabalisod) អាយុ ៣០ឆ្នាំ ៣-មហាម៉ាដសូបៀរ ហ្វៃសូវ (Muhammad Sobir Faisov) អាយុ ១៩ឆ្នាំ និង ៤-សាមស៊ីឌីន ហ្វារីដូនី(Shamsidin Faridou Nee) អាយុ ២៥ឆ្នាំ។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានចោទប្រកាន់ជាផ្លូវការ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត បើតុលាការសម្រេចថា ពួកគេពិតជាមានទោស។ តុលាការបានបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំងអស់ ដែលជាពលរដ្ឋនៃប្រទេសតាជីគីស្ថាន នៅថ្ងៃទី២២ ខែមីន ឆ្នាំ២០២៤ ។

ក្រុម ISIS ដែលបានអះអាងទទួលខុសត្រូវពីរដង សម្រាប់ការវាយប្រហារនោះ បានឆ្លើយតបដោយអំពាវនាវឱ្យលោក ពូទីន បញ្ឈប់ការធ្វើទារុណកម្មជនសង្ស័យអ៊ិស្លាម ហើយបានព្រមានថា រូបភាពនិងវីដេអូនៃការធ្វើទារុណកម្ម បានបង្កើនការបង្ហូរឈាមសម្រាប់បងប្អូនរបស់ពួកគេរាប់ពាន់នាក់។

ក្រុម ISIS បាននិយាយថា “ជូនចំពោះជនជាតិរុស្សីព្រៃទាំងអស់! ឈប់ធ្វើទារុណកម្មអ្នកទោសរដ្ឋអ៊ិស្លាម ប្រយ័ត្ន! កុំគិតថាយើងគ្មានឱកាសសងសឹកឲ្យបងប្អូនយើងដែលត្រូវចាប់ខ្លួននោះឲ្យសោះ! នៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ យើងបានបង្ហាញឱ្យអ្នកឃើញថា ព្រះសព្វព្រះហឫទ័យ មូចាហ៊ីឌីន នៃរដ្ឋអ៊ិស្លាម អាចដាក់ទោសអ្នក សម្រាប់ភាពភ័យរន្ធត់ណាមួយរបស់អ្នក។ បើគ្មានការសងសឹកនេះទេ ឈាមជាច្រើននឹងនៅតែមានពី Ummah អ៊ិស្លាម»។

 អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតនាយករដ្ឋមន្ត្រីរុស្ស៉ី លោកឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានជំរុញឱ្យកងកម្លាំងសន្តិសុខ សម្លាប់រាល់អ្នកដែលជួយក្នុងការវាយប្រហារភេរវកម្ម។

ទន្ទឹម​នឹង​នេះ​ ការ​ចាប់​ខ្លួន​ថ្មី​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ករណី​នេះ​។ ឪពុកម្នាក់ ឈ្មោះអ៊ីស្រូអ៊ីល អ៊ីស្លូម៉ូវ (Isroil Islomov) អាយុ ៦២ឆ្នាំ និងកូនប្រុសពីរនាក់របស់គាត់ ឈ្មោះ ឌីឡូវ៉ារ (Dilovar) និង អាមីនចុន (Aminchon) ស្ថិតនៅក្រោមច្បាប់ប្រឆាំងភេរវកម្ម ក្នុងនាមជាជនសង្ស័យនៃការសម្លាប់រង្គាលនៅសាលមហោស្រពក្រុងម៉ូស្គូ។

ក្នុងវីដេអូមួយ បង្ហាញថា​ ជនសង្ស័យដែលវាយប្រហាររោងមហោស្រពក្រុងម៉ូស្គូ បានស្រែកដោយភិតភ័យនៃការចាប់ខ្លួន ខណៈដែលត្រូវបានទាហានរុស្ស៊ី ដេញចាប់ ហើយបន្ទាប់មកគេបានកាត់ស្លឹកត្រចៀករបស់គាត់ ហើយបង្ខំឱ្យគាត់ស៊ី។ ជនសង្ស័យពីរនាក់ ក្នុងចំណោមបួននាក់ បានសារភាពទោសកំហុសនៅក្នុងតុលាការ បន្ទាប់ពីទទួលការធ្វើទារុណកម្មប្រដាប់ភេទ និងម្នាក់ត្រូវបានកាត់ស្លឹកត្រចៀក និងត្រូវបង្ខំឱ្យស៊ីត្រចៀកខ្លួនឯង។

ប៉ុន្មានថ្ងៃមុនការវាយប្រហារភេរវកម្ម សមាជិកក្រុមប្រឹក្សាសន្តិសុខ បានទទួលការព្រមានថា ពលរដ្ឋតាជីគីស្ថាន អាចត្រូវបានគេប្រើប្រាស់ក្នុងការវាយប្រហារភេរវកម្មលើទឹកដីរុស្ស៊ី។

អឺរ៉ុប ឥឡូវនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះអំពើភេរវកម្ម បន្ទាប់ពីការសម្លាប់រង្គាលនៅទីក្រុងមូស្គូ ដ៏ឃោរឃៅ បន្ទាប់ពីប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង  (Emmanuel Macron) បានបង្ហាញការភ្ញាក់ផ្អើល ចំពោះបាញ់ប្រហាររបស់ក្រុម ISIS ដែលបានសម្លាប់មនុស្ស ១៤០នាក់ នៅឯការប្រគំំតន្ត្រី ក្នុងសាលមហោស្រព ក្នុងទីក្រុងម៉ូស្គូ។

ប្រព័ន្ធប្រកាសអាសន្នផ្នែកសន្តិសុខ របស់ប្រទេសបារាំង Vigipirate ត្រូវបានជំរុញដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីលោកម៉ាក្រុង បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខដ៏តានតឹងនៅក្នុងប្រទេសនេះ ខណៈដែលខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០២៤ ។

លោកបានលាតត្រដាងថា ISIS-K ដែលជាក្រុម ISIS ដ៏ឃោរឃៅបំផុត ដែលចារកម្មលោកខាងលិច ជឿថាបានធ្វើការវាយប្រហារនៅទីក្រុងម៉ូស្គូ នោះបានប៉ុនប៉ងជាច្រើនដង ដើម្បីវាយប្រហារប្រទេសបារាំង ។

នាយករដ្ឋមន្ត្រីបារាំង លោកហ្គាប្រៀល អាតតាល់ (Gabriel Attal) បាននិយាយថា «ដោយសារការអះអាងទទួលខុសត្រូវរបស់រដ្ឋអ៊ិស្លាម ចំពោះការវាយប្រហារ និងការគំរាមកំហែងមកលើប្រទេសរបស់យើង យើងបានសម្រេចចិត្តដំឡើងឋានៈ Vigipirate ដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន»។

អ្នកធ្វើដំណើរទៅនិងមកពីចក្រភពអង់គ្លេស ត្រូវបានព្រមានដោយមន្ត្រីនៅកំពង់ផែដូវើរ (Dover) ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការសម្រេចចិត្តរបស់លោក Macron ក្នុងការបង្កើនការត្រួតពិនិត្យសន្តិសុខព្រំដែនរបស់ប្រទេសបារាំង។

ប្រទេសអ៊ីតាលី បានធ្វើតាមប្រទេសបារាំង ដោយបានអនុវត្តការត្រួតពិនិត្យសន្តិសុខ កាន់តែច្រើនឡើង នៅជុំវិញពិធីបុណ្យ Holy Week ដែលឈានទៅដល់បុណ្យ Easter នៅចុងសប្តាហ៍នេះ។

ក្រសួងមហាផ្ទៃអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងការឃ្លាំមើល និងការត្រួតពិនិត្យ នឹងត្រូវបានបង្កើនដោយយកចិត្តទុកដាក់បំផុត ចំពោះកន្លែងប្រមូលផ្តុំ និងការដឹកជញ្ជូនមនុស្សច្រើនបំផុត ក៏ដូចជាគោលដៅរសើប។ សម្តេចប៉ាប ហ្វ្រែនស៊ីស (Francis) មានកាលវិភាគដ៏មមាញឹក នៃព្រឹត្តិការណ៍នៅទីក្រុងរ៉ូម និងនៅបុរីវ៉ាទីកង់ ក្នុងថ្ងៃដែលនាំទៅដល់ថ្ងៃបុណ្យអ៊ីស្ទើរ។

នៅប្រទេសអាល្លឺម៉ង់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Cornelius Funke បាននិយាយថា ការគំរាមកំហែងពីក្រុមជ្រុលនិយមអ៊ិស្លាម នៅតែមានលក្ខណៈស្រួចស្រាល់ ប៉ុន្តែការវាយតម្លៃហានិភ័យរបស់អាជ្ញាធរ មិនបានផ្លាស់ប្តូរទេ រហូតមកដល់ពេលនេះ ជាលទ្ធផលនៃការវាយប្រហារនៅទីក្រុងម៉ូស្គូ។ ប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់អឺរ៉ុប ឆ្នាំ២០២៤ (EURO 2024) នៅរដូវក្តៅ។

នៅប្រទេសស៊ែប៊ី ប៉ូលិសសម្ងាត់ដែលមានកាំភ្លើងយន្ត ត្រូវបានគេឃើញដើរល្បាតតាមដងផ្លូវនៃទីក្រុងប៊ែលក្រាដ (Belgrade) កាលពីចុងសប្តាហ៍មុន។ ប្រធានាធិបតី អាឡិកសាន់ដឺរ វូស៊ិក (Aleksandar Vucic) បាននិយាយថា ប៉ូលិសស្លៀកស៊ីវិល នឹងត្រួតពិនិត្យកន្លែងកីឡា និងផ្សារទំនើប នៅក្នុងរដ្ឋធានី។ វិធានការនេះ ត្រូវបានរិះគន់ដោយគូប្រជែងរបស់លោក វូស៊ិក  ថាមិនចាំបាច់ និងត្រូវបានរៀបចំឡើងដើម្បីបំភ័យប្រជាជន។អធិការបតីអង់គ្លេស លោកចេរេមី ហាន់ថ៍ (Jeremy Hunt) បានសារភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា ចក្រភពអង់គ្លេស គួរតែព្រួយបារម្ភជាដាច់ខាត ចំពោះការត្រលប់មកវិញរបស់ ISIS បន្ទាប់ពីការវាយប្រហាររបស់ពួកភេរវករនេះ នៅទីក្រុងម៉ូស្គូ។ លោកបានប្រាប់អ្នកកាសែត អឺរ៉ុប ត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងរបស់ក្រុមភេរវករនេះ។

ប៉ុន្តែខណៈដែលអឺរ៉ុប បានបើកចំហក្តីបារម្ភរបស់ខ្លួនចំពោះក្រុម ISIS រុស្ស៊ីនៅតែបដិសេធ មិនទទួលស្គាល់ថា ក្រុមភេរវករ ISIS ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ជំនួសឱ្យការទម្លាក់កំហុសលើទីក្រុងគៀវ Kyiv តែអ៊ុយក្រែន បានបដិសេធ។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន មិនបាននិយាយជាសាធារណៈអំពីក្រុមរដ្ឋអ៊ិស្លាម ពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារក្រុងម៉ូស្គូ ដែលលោកបាននិយាយថា បានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន នោះទេ។លោក ពូទីន បាននិយាយថា មនុស្សមួយចំនួននៅខាងអ៊ុយក្រែន ត្រូវបានរៀបចំដើម្បីបំផុសគំនិតខ្មាន់កាំភ្លើងឆ្លងព្រំដែន។ អ៊ុយក្រែន បានបដិសេធរាល់តួនាទីក្នុងការវាយប្រហារ ហើយប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានចោទប្រកាន់លោក ពូទីន  ថា កំពុងព្យាយាមបង្វែរការស្តីបន្ទោសចំពោះការវាយប្រហារសាលមហោស្រព ដោយសំដៅទៅលើអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបដិសេធផ្តល់ការបញ្ជាក់ ដោយជំរុញឱ្យពិភពលោក រង់ចាំលទ្ធផលនៃការស៊ើបអង្កេតនៅក្នុងប្រទេសរុស្ស៊ី៕

RELATED ARTICLES