ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបើករថយន្តសេរីទំនើប ក្នុងល្បឿនលឿនជ្រុលទៅបុករទេះរុញសំរាមផ្ទប់នឹងរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រី ដែលកំពុងតែឈប់ប្រមូល សំរាមពីក្រោយពេញទំហឹង បណ្តាលអោយរបួសធ្ងន់កម្មករម្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ទុលមុខនិងផ្សារទំនើបអ៊ីអន ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្តីកម្មករស៊ីនទ្រីម្នាក់ បានបាននិយាយថា មុនពេលកើតហេតុពួកមានគ្នា៤នាក់ បាននាំគ្នារុញរទេះសំរាមមួយ ដែលមានសំរាមនៅក្នុងនោះពេញ គោលបំណងយកទៅចាក់ចូលក្នុងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីពណ៌លឿងមួយ ដែលឈប់ចាំដឹកសំរាមនៅតាមផ្លូវសុធារសក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលនោះ ក៍ស្រាប់តែមាននារីវ័យក្មេងម្នាក់ អាយជាង២០ឆ្នាំ បានបើករថយន្តសេរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA3080 ធ្វើដំនើរតាមផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុករទេះដឹកសំរាម ផ្ទប់នឹងរថយន្តដឹកសំរាមពីក្រោយពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យកម្មករស៊ីនទ្រីម្នាក់ដែលកំពុងប្រមូលសំរាមត្រូវរបួសជើងខាងស្ដាំ និងចង្កេះរងរបួសធ្ងន់ ត្រូវបានគ្នីគ្នាដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំនែករថយន្តរងកាខូចខាតផ្នែកខាងក្រោយបន្តិចបន្តិចបន្តួច ព្រមទាំងខូចខាតរទេះសំរាមមួយផងដែរ ។ ដោយឡែកខាងរថយន្តបង្ករងកាខូចខាតក្រពិតស្រុញខ្ទេចផ្នែកខាងមុខទាំងស្រុងព្រមទាំងផ្ទុះពោងសុវត្ថិភាពទាំងពីរផងដែរ ហើយភ្លាមៗនោះអ្នកបើករថយន្តបង្កត្រូវគី្នគ្នាបានយករថយន្តមួយគ្រឿងទៀតមករំដោះទៅបាត់ ។
ក្រោយពេលកើតហេតុ ស្រាប់តែមានតំណាងខាងរថយន្ត បង្កបានចេញមុខមកធ្វើការដោះស្រាយជាមួយខាងរថយន្តស៊ីនទ្រី ដោយមិនរំខានដល់សមត្ថកិច្ច ខាងរថយន្តបង្កសុខចិត្តចេញថ្លៃព្យាបាលរបួសនិងសងថ្លៃការខូចខាតអោយខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿង៕ ណន រ៉ាត់