Thursday, March 20, 2025
Homeព័ត៌មានជាតិជិតដល់ថ្ងៃចូល​រោងការ​ កូនក្រមុំផឹកថ្នាំ​ពុលស្លាប់​ ចោល​កូន​កំលោះ

ជិតដល់ថ្ងៃចូល​រោងការ​ កូនក្រមុំផឹកថ្នាំ​ពុលស្លាប់​ ចោល​កូន​កំលោះ

ខេត្តកំពង់ចាម ៖ នារីវ័យក្មេងម្នាក់ ជិតដល់ថ្ងៃចូលរោងការជាមួយគូដណ្តឹងទៅហើយ បែរជាសម្រេចចិត្តិគិតខ្លី ផឹកថ្នាំកណ្តុរបណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែ តូចចិត្តនឹងរឿងឪពុកម្តាយស្តីបន្ទោស និងហាម នាងមិនឱ្យដើរលេងជាមួយគូដណ្តឹងច្រើនពេក ព្រោះខ្លាចញាតិជិតខាងនិន្ទា។

ករណីនារីវ័យក្មេងផឹកថ្នាំពុលធ្វើអត្តឃាត ស្លាប់ចោលគូដណ្តឹងនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស។

នារីក្រមុំគំនិតខ្លី ដែលប្រល័យជីវិតខ្លួន ឯងនោះ មានឈ្មោះខន ចាន់ធា អាយុ១៨ឆ្នាំ មានឪពុកឈ្មោះឃុត ខន អាយុ៥៥​ឆ្នាំ និង ម្តាយ ឈ្មោះឆូ ចាន់រ៉ា អាយុ៥៦ឆ្នាំ សព្វថ្ងៃ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ នារីរងគ្រោះបានភ្ជាប់ពាក្យមានគូដណ្តឹងរួចទៅ ហើយ និងជិតដល់ថ្ងៃចូលរោងការជាមួយគ្នាទៀតផង។

តាមសម្តីឪពុកម្តាយនារីរងគ្រោះ បាន រៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ បានភ្ជាប់ ពាក្យរួចទៅហើយ តែមិនទាន់ដល់ថ្ងៃរៀបការ នៅឡើយ ហើយតាំងពីភ្ជាប់ពាក្យរួច កូនស្រី និងគូដណ្តឹងរបស់នាង តែងនាំគ្នាដើរលេងជាមួយគ្នាជារឿយៗ ឃើញបែបនេះ ពួកគាត់ជា ឪពុកម្តាយ ខ្លាចញាតិមិត្តជិតខាងគេនិន្ទា ទើប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគាត់ ក៏ហៅកូនស្រីមកនិយាយប្រាប់ថាកុំឱ្យដើរលេង ជាមួយគូដណ្តឹងញឹកញាប់ពេក ព្រោះមិនទាន់ រៀបការនឹងគ្នា ខ្លាចគេរិះគន់។

ឪពុកម្តាយនារីរងគ្រោះ បន្តថា ក្រោយ ពីត្រូវពួកគាត់ស្តីបន្ទោសតិចតួចរួចមក កូនស្រី រូបនេះ ក៏មិនបានតបតអ្វីទាំងអស់ គ្រាន់តែទម្លាក់ ទឹកមុខ រួចក៏ចូលទៅសម្ងំក្នុងបន្ទប់បាត់ទៅ ចំណែកពួកគាត់ជាឪពុកម្តាយក៏មិននឹកស្មានថា កូនស្រីអាចនឹងមានគំនិតខ្លី រហូតដល់ថ្នាក់សម្លាប់ ខ្លួននោះទេ ព្រោះអ្វីដែលគាត់ស្តីប្រដៅកូនស្រី នេះ ក៏ព្រោះតែចង់ឱ្យកូនស្រីល្អ និងមិនចង់ឱ្យ គេឯងរិះគន់និន្ទាតែប៉ុណ្ណោះ។

ឪពុកម្តាយនារីរិងគ្រោះ បញ្ជាក់ថា លុះ មកដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ដោយ មិនឃើញកូនស្រីចេញមកហូបបាយ ទើបពួក គាត់បានបើកទ្វារបន្ទប់ចូលទៅមើល ស្រាប់តែ ប្រទះឃើញកូនស្រីកំពុងដេកបែកពពុះមាត់ និង ឃើញមាន​ថ្នាំកណ្តុរនៅក្បែរខ្លួនផង ទើបភ្ញាក់ ផ្អើលថា កូនស្រីផឹកថ្នាំកណ្តុរសម្លាប់ខ្លួន ក៏ប្រញាប់ ដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ព្រៃឈរ ដើម្បីសង្គ្រោះជីវិត។ លុះបញ្ជូនទៅ ដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយលាងក្រពះ ជម្រះជាតិ​ពុលឱ្យកូនស្រីរបស់ពួកគាត់ រហូត មើលទៅ កូនស្រីហាក់មានសភាពធូរស្រាលវិញ ហើយ ក៏សម្រេចនាំកូនស្រីត្រឡប់​មកផ្ទះវិញ។ ស្រាប់តែមកដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែល កូនស្រីរបស់គាត់ចាប់ផ្តើមធ្វើទុក្ខ ក្អួតចង្អោរ​យ៉ាងខ្លាំង ទើបពួកគាត់ប្រញាប់ដឹក កូនស្រីទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះម្តង ទៀត តែអកុសល ពេលដឹកបានត្រឹម​ពាក់ កណ្តាលផ្លូវ កូនស្រីរបស់ពួកគាត់ បានដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ទើបសម្រេចដឹកសព កូនស្រីត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា នារីរងគ្រោះពិតជាបានផឹកថ្នាំកណ្តុរ ធ្វើអត្តឃាតប្រាកដមែន មូលហេតុ ក៏ព្រោះតែនារីរងគ្រោះតូចចិត្តនឹងរឿងឪពុកម្តាយបន្ទោស និង ហាមកុំឱ្យដើរលេងជាមួយគូដណ្តឹងច្រើនពេក រួចក៏សម្រេចចិត្តគិតខ្លីសម្លាប់ខ្លួនចោលបុរស ជាគូដណ្តឹងទាំងដែលជិតដល់ថ្ងៃចូលរោងការ ជាមួយគ្នាទៅហើយ។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុភ័ណ្ឌ

RELATED ARTICLES