នៅសល់តែបីខែទៀតប៉ុណ្ណោះ ចប់រដូវកាល កីឡាករខ្សែប្រយុទ្ធ Sergio Aguero បានបង្ហាញចំណាប់អារម្មណ៍មិនចង់ចាកចេញពីក្លឹបមេឃខៀវ Man City ខណៈក្លឹបហាក់ដូចជាមិនទាន់បើកភ្លើងខៀវបន្តកុងត្រាថ្មីដល់រូបគេនៅឡើយទេ។
Aguero បាននិយាយថា៖’’ ខ្ញុំចង់ស្នាក់នៅទីនេះបន្តទៀត ដើម្បីជួយក្លឹប ប៉ុន្តែអ្វីៗវាសម្រេចទៅលើមន្ត្រីក្លឹបជាអ្នកកំណត់វាសនារបស់ខ្ញុំ’’។ ការលើកឡើងបែបនេះ ដោយសារតែរដូវកាលនេះគាត់មិនសូវបានចូលលេងញឹកញាប់នោះទេ ក្រោមការដឹកនាំរបស់លោក Guadiola ។
កីឡាករសញ្ជាតិអាហ្សង់ទីន បានបន្តកុងត្រាថ្មីជាមួយក្លឹប Man City កាលពីដើមរដូវកាលនេះ ហើយក្លឹបក៏គ្មានបំណងលក់កីឡាករនេះដែរ។
ដោយឡែក លោក Guardiola ក៏បានបង្ហាញចំណាប់អារម្មណ៍មិនចង់ឲ្យកីឡាករនេះចាកចេញដែរ។លោកនិយាយថា៖’’Aguaro នៅតែជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗរបស់យើងនៅក្នុងក្រុម បើទោះជាពេលខ្លះខ្ញុំមិនបានដាក់គាត់ចូលក្នុងទីលានប្រកួតក៏ដោយ’’៕
ដោយ៖ ហេង ដេត