ប្រទេសជប៉ុន ៖ ការរញ្ជួយដីមួយ បានកើតឡើងនៅក្នុងប្រទេសជប៉ុន កម្រិត 6.0 រ៉ិចទ័រ នៅឯឆ្នេរសមុទ្រនៃខេត្តហ៊្វូគូស៊ីម៉ា (Fukushima) ក្នុងរយៈពេលតែមួយថ្ងៃ បន្ទាប់ពីការរញ្ជួយដីកម្រិត 7.4 រ៉ិចទ័រ បានអង្រួនកោះ តៃវ៉ាន់ ដែលជាការរញ្ជួយដីកម្រិតធ្ងន់បំផុត ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានអង្រួនតំបន់តូហូគុ (Tohoku) នៅលើកោះហុនស៊ូ (Honshu) របស់ប្រទេសជប៉ុន នៅម៉ោងប្រមាណ ១២ និង១៦នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។ ករណីនេះ បានកើតឡើងក្រោយមួយថ្ងៃ នៃការរញ្ជួយដីកម្រិត 7.4 រ៉ិចទ័រ នៅកោះតៃវ៉ាន់ ដែលបណ្តាលឲ្យអគារជាច្រើនបានផ្អៀងទ្រេត និងបាក់រលំ និងបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ និងរបួស ១០៣៨នាក់ ហើយមនុស្ស ៥២នាក់ផ្សេងទៀត បាត់ខ្លួន មិនអាចទាក់ទងបាន។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលបានអង្រួនតំបន់ តូហូគុ (Tohoku) គឺស្ថិតនៅក្នុងសមុទ្រ នៃឆ្នេរសមុទ្រខេត្តហ៊្វូគូស៊ីម៉ា (Fukushima) និងមានជម្រៅប្រហែល ៤០គីឡូម៉ែត្រ ពីផ្ទៃខាងលើ ហើយការរញ្ជួយដីនេះ មិនមានហានិភ័យនៃរលកយក្ស ស៊ូណាមិ នោះទេ។

ទោះបីជាយ៉ាងណា បច្ចុប្បន្នមិនទាន់មានរបាយការណ៍អំពីការខូចខាតពីការរញ្ជួយដីចុងក្រោយបង្អស់របស់ប្រទេសជប៉ុន នេះនៅឡើយ៕

