Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សៀតកាំភ្លើងជិះម៉ូតូយប់ ប៉ូលិសចាប់វ៉ៃខ្នោះ២នាក់

 សៀតកាំភ្លើងជិះម៉ូតូយប់ ប៉ូលិសចាប់វ៉ៃខ្នោះ២នាក់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួន ខណៈដែលនគរបាលល្បាតតាមមូលដ្ឋាន ប្រទះឃើញក្រុមជនសង្ស័យជិះម៉ូតូដឹកគ្នា មានការសង្ស័យ ឃាត់ត្រួតពិនិត្យ ប្រទះឃើញអាវុធខ្លី ១ដើម ជាប់ខ្លួនជនសង្ស័យ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឈឹម ពុទ្ធីសា ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិថ្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះគង់ សុខនៀង ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច ពេលកម្លាំងជិះល្បាតនៅតាមភូមិសាស្ត្រ បានជួបជនសង្ស័យចំនួន២នាក់ មានកាន់អាវុធខុសច្បាប់ ១ដើម។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួរ។

 ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កាំភ្លើងខ្លី ចំនួន១ដើម ម៉ាករ៉ូឡូ ពណ៌ស (ប្រភេទប្រើហ្គាស់) មានលេខ 13A60423។ ម៉ូតូ ចំនួន១គ្រឿងម៉ាក ស៊ុយស៊ូគី និច ពាក់ ស្លាកលេខ ភ្នំពេញ 1HU-5482។ នាឡិកាប៉ោល ចំនួន១។ កាតវ៉ាក់សាំង១។ កាតប័ណ្ណសមាជិក ប.ស.ស។ ទូរស័ព្ទម៉ាកអូបប៉ូ ចំនួន១គ្រឿង និងកាតសម្គាល់កន្លែងធ្វើការ ចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឈឹម ពុទ្ធីសា បានឆ្លើយសារភាពថា កាំភ្លើងដែលខ្លួនកាន់ជាប់ខ្លួននោះ ជារបស់ខ្លួនមែន ដែលបានយកមកពីឈ្មោះបុល ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ រស់នៅម្តុំវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគោលបំណងមកស៊ើបរកមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបានស្រុកសាមគ្គីមុនីជ័យ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES