Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិញ្ចឹមក្មេងស្រី លក់ឱ្យប្រុសរួ...ម...ភេ...ទ ម៉ែក្មេកជា...ប់...គុក កូនប្រសារួចខ្លួន

ចិញ្ចឹមក្មេងស្រី លក់ឱ្យប្រុសរួ…ម…ភេ…ទ ម៉ែក្មេកជា…ប់…គុក កូនប្រសារួចខ្លួន

ភ្នំពេញ ៖ សំណុំរឿងម៉ែយ៉ែម ២នាក់ម្តាយក្មេកនិងកូនប្រសា ចិញ្ចឹមក្មេងស្រី សម្រាប់ឲ្យបម្រើផ្លូវភេទនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនស្ត្រីជាម្តាយក្មេក ចំណែកស្ត្រីជាកូនប្រសា ត្រូវបានតំណាងអយ្យការដោះលែងឱ្យទៅផ្ទះវិញ។

លោកឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឃុំខ្លួនម៉ែយ៉ែម្នាក់ ឈ្មោះសុខ គឹមហេង ភេទស្រី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ ដាក់ពន្ធនាគារ PJ (ពន្ធនាគាររាជធានីភ្នំពេញ) ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការផ្តន្ទាទោសទៅតាមបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត។

ដីកាបង្គាប់ឱ្យឃុំខ្លួន ត្រូវបានដាក់ឱ្យជនសង្ស័យស្ថិតក្រោមការត្រួតពិនិត្យពីបទសញ្ចារកម្មទាក់ទងនឹងពេស្យា ចារកុមារ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែមករា រហូតដល់ដល់អំឡុងខែមីនា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ចំណែកស្ត្រីម្នាក់ទៀត ដែលជាកូនប្រសា ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញតឱ្យទៅផ្ទះវិញ សំអាងហេតុមិនជាប់ពាក់ព័ន្ធបទល្មើសជួញដូរផ្លូវភេទនោះទេ។

គួររំលឹកថា ស្ត្រី ២នាក់ (ម្តាយក្មេក និងកូនប្រសា) ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីនាំនារីក្មេងៗឱ្យបម្រើសេវាផ្លូវភេទជូនភ្ញៀវតាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងរាជធានីភ្នំពេញ និងរំដោះនារីរងគ្រោះ បានចំនួន៩នាក់ (អនីតិជន ៨នាក់)។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ 318E1 និងផ្ទះលេខ 320E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ស្ថិតក្នុងភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយទោ ហាក់ លី នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ម្តាយ និងកូនប្រសាស្រី និងនារីក្មេងៗ ចំនួន៩នាក់។

ស្ត្រីសង្ស័យ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុខ គឹមហេង ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នកដឹកនាំនារីឱ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់ និងទី២-ឈ្មោះឌួង សុធី ត្រូវជាកូនប្រសា។ ជនសង្ស័យទាំង២នាក់ ត្រូវជាម្តាយក្មេក និងកូនប្រសា ស្នាក់នៅផ្ទះជួលលេខ 320E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ក្រោយចុះឆែកឆេរត្រួតពិនិត្យក្នុងផ្ទះនេះ សមត្ថកិច្ចជំនាញរកឃើញថា ទីតាំងនេះ មាននារីក្មេងៗ ចំនួន៩នាក់ ក្នុងនោះ មានអនីតិជន ចំនួន៨នាក់ ដែលសម្រាប់បញ្ជូនទៅឱ្យបម្រើសេវាផ្លូវភេទភ្ញៀវប្រុសៗតាមផ្ទះសំណាក់ និងសណ្ឋាគារ ដោយក្នុងមួយលើក តម្លៃចាប់ពី ២០០ ទៅ៥០០ដុល្លារ ដោយចែកភាគរយឱ្យនារីក្មេងៗទាំងនោះ៕

RELATED ARTICLES