Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបរាត្រី ២ ឃាត់ខ្លួនជិត២០០នាក់

បង្ក្រាបក្លឹបរាត្រី ២ ឃាត់ខ្លួនជិត២០០នាក់

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លឹបកម្សាន្ត ចំនួន២ទីតាំង ទាំងកណ្តាលយប់ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបជិត២០០នាក់។ប្រតិបត្តិការឆ្មក់បង្ក្រាបក្លឹបរាត្រី និងខារ៉ាអូខេ ទាំង២ទីតាំងនេះ បានធ្វើឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទីតាំងខារ៉ាអូខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រុងប៉ោយប៉ែត ជាច្រើននាក់ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេ B9.KTV និងក្លឹបម្សាន្ត LAMBORGHINI ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី ប្រមាណជិត២០០នាក់។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានប្រាប់ថា ការចុះបង្ក្រាបខារ៉ាអូខេ B9.KTV និងក្លឹបកម្សាន្ត LAMBORGHINI ខាងលើ មានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោក លេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី ៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្ត ឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី ១២០នាក់។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លឹបកម្សាន្ត ២កន្លែង ខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រី ជិត២០០នាក់ ប្រគល់ឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើករកឃើញសារធាតុញៀន និងមានប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធី។

លោកស្នងការ បានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាប នឹងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀន ត្រូវមានវិធានការតាមច្បាប់តែម្តង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀន មិនឱ្យ កើតមាន និងការពារសន្តិសុខភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ៕

RELATED ARTICLES