Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគេដេ...ញ...វ៉ៃ...កូ...ន...ស្លា...ប់ ម៉ែអត់លុយធ្វើបុណ្យ

គេដេ…ញ…វ៉ៃ…កូ…ន…ស្លា…ប់ ម៉ែអត់លុយធ្វើបុណ្យ

ភ្នំពេញ ៖ យុវជន២នាក់ ត្រូវបានក្មេងទំនើង ១ក្រុម ជិះម៉ូតូប្រដេញតាមវាយយ៉ាងប្រសាចពេញផ្លូវ ធ្វើឱ្យជន រងគ្រោះភ័យស្លន់ ព្យាយាមជិះម៉ូតូរត់គេច ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកសពត្រូវបានស្ត្រីជាម្តាយមកដល់ ស្រែកទ្រហោយំបោកខ្លួន ព្រោះតែស្តាយស្រណោះជីវិតកូនប្រុស ណាមួយគ្មានលុយធ្វើបុណ្យសពឱ្យកូនទៀតផង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះរ៉ាត់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេមិនដឹងថា យុវជនរងគ្រោះទាំង២នាក់ខាងលើ បានកើតមានជម្លោះឬគំនុំអ្វីជាមួយួនឹងក្រុមក្មេងទំនើង ១ក្រុមទៀតនោះទេ ស្រាប់តែឃើញក្មេងទំនើង ១ក្រុមធំ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដំបង និងខ្សែក្រវាត់ បានជិះប្រដេញតាមវាយជនរងគ្រោះពីក្រោយ យ៉ាងប្រកិត ធ្វើឱ្យកើតមានការផ្អើលឆោឡាពេញផ្លូវ។

ប្រភពដដែល បន្តថា ចំណែកជនរងគ្រោះទាំង២នាក់ ដោយសារតែមានការភិតភ័យខ្លាចក្រុមក្មេងទំនើងនោះដេញតាមទាន់ ព្រួតវាយ ទើបព្យាយាមបន្ថែមល្បឿនម៉ូតូ បំណងជិះរត់គេច រហូតមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលយុវជនម្នាក់ឈ្មោះរ៉ាត់ សំណាង បានស្លាប់នៅនឹងកន្លែងកើតហេតុមួយរំពេច ចំណែកមិត្តភក្តិម្នាក់ទៀត ដែលរួមដំណើរជាមួយគ្នា រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតហេតុ ក្រុមក្មេងទំនើងដែលប្រដេញតាមវាយជនរងគ្រោះ ឃើញសភាពមិនស្រួល ក៏ជិះម៉ូតូរត់គេចចែកជើងគ្នាអស់ភ្លាមៗផងដែរ។

ក្រោយមក ស្ត្រីជាម្តាយរបស់ជនរងគ្រោះ បានមកដល់ទីតាំងកើតហេតុ និងបានស្រែកទ្រហោយំសោកបោក ខ្លួនយ៉ាងខ្លាំង ដោយសារតែស្តាយស្រណោះជីវិតកូនប្រុសផង ណាមួយគ្មានលុយកាក់សម្រាប់ធ្វើបុណ្យសពឱ្យកូនប្រុសទៀតផង។

ជុំវិញករណីនេះ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កងសង្គ្រោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ បានមកជួយដឹកសពជនរងគ្រោះខាងលើ បញ្ជូនទៅតម្កល់ធ្វើបុណ្យនៅវត្តផ្អរ ស្ថិតនៅក្នុងភូមិបឹងអញ្ចាញ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ៕

RELATED ARTICLES