Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា ប៉ូលិសចាប់ ២១នាក់

សិស្សគេចសាលា ប៉ូលិសចាប់ ២១នាក់

ភ្នំពេញ ៖ សិស្ស ចំនួន២១នាក់ ដែលបាននាំគ្នាគេចសាលា មិនចូលរៀន មកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូននៅក្នុងតារាងបាល់ទាត់ ១កន្លែង ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន យកទៅអប់រំ  ។

ប្រតិបត្តិការនេះ អនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចុះធ្វើការឃាត់ខ្លួនសិស្សសាលា ២១នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ និងកោះហៅអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ។

គួរបញ្ជាក់ថា ថ្មីនេះៗ នៅវិទ្យាល័យវិទ្យាល័យ ជាស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជាស៊ីម សាមគ្គឺ និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅ បង្កភាពអនា ធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។

ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយក ចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឆរជាក្រុមៗ បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធា រណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹង មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានសិស្សជាង១០០នាក់ ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ គប់ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយកអប់រំ ធ្វើកិច្ចសន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាល ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។ ជាមួយនេះ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានណែនាំអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយនាយកសាលា និងគ្រូតាមបណ្តាសាលារៀន ចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូលរួមគោរពច្បាប់ សេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងស្នើសុំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីក្រសួងអប់រំ ក៏បានហាមសិស្សានុសិស្សទាំងអស់លេងគប់ បាញ់ទឹក ប៉ាតម្សៅ ជាដាច់ខាត៕

RELATED ARTICLES