Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជួរដីដាំដំឡូង ប៉ះមីនតោន ៤គ្រាប់

ភ្ជួរដីដាំដំឡូង ប៉ះមីនតោន ៤គ្រាប់

ខេត្តបាត់ដំបង ៖ គ្រាប់មីនតោនប្រឆាំងរថក្រោះ ចំនួន៤គ្រាប់ ដែលត្រូវបានកប់ត្រួតគ្នា នៅក្នុងរណ្តៅពីរផ្សេងគ្នា បានផុសចេញពីក្នុងដី ពេលត្រាក់ទ័រភ្ជួរដីចម្ការ សម្រាប់ដាំដំឡូងមី និងត្រូវបានកម្មករដាំដំឡូងមី ប្រទះឃើញ ភ័យឆោឡោ រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច សុំអន្តរាគមន៍បន្ទាន់ពីមន្ត្រីជំនាញស៊ីម៉ាក់។

ករណីភ្ជួរដីដាំដំឡូងមី ប៉ះមីនតោន ៤គ្រាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីចម្ការ១កន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រាប់មីនប្រឆាំងរថក្រោះ (មីនតោន) ទាំង៤គ្រាប់នោះ ត្រូវបានរកឃើញនៅក្នុងដីចម្ការរបស់កសិករឈ្មោះឃ្លាំង ចេក ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ប្រភពដដែល បន្តថា មុនពេលកើតហេតុ ខណៈដែលកំពុងភ្ជួរដី អ្នកបើកត្រាក់ទ័រពុំបានប្រទះឃើញមានគ្រាប់មីនតោននោះទេ រហូតដល់ពេលកម្មករចុះដាំដំឡូងមី ទើបប្រទះឃើញគ្រាប់មីនទាំងនោះ ធ្វើឱ្យម្នាក់ៗភ័យលស់ព្រលឹង។

លោកឃ្លាំង ចេក ដែលជាម្ចាស់ចម្ការ បានបញ្ជាក់ប្រាប់ថា ដីចម្ការគាត់ ធ្លាប់ត្រូវត្រាក់ទ័រចូលភ្ជួរដាំដំឡូងមី រាល់ឆ្នាំ មិនដែលប៉ះគ្រាប់យុទ្ធភណ្ឌយ៉ាងនេះទេ។ លោកថា នេះជាសំណាងមួយក្នុង១០០០គ្រោះថ្នាក់ ដែលពេលនេះត្រាក់ទ័រភ្ជួរប៉ើងគ្រាប់មីននេះឱ្យឃើញទាន់ បើមិនដូច្នេះទេ ពេលត្រាក់ទ័រភ្ជួរឆ្នាំក្រោយៗ ប្រាកដជាគ្រោះថ្នាក់ធ្ងន់ជាមិនខាន ។

ម្ចាស់ចម្ការ បន្តថា គាត់មិនបានប្រទះឃើញគ្រាប់មីនតោននោះ ចាប់តាំងពីត្រាក់ទ័រចូលភ្ជួរ តែពេលចុះដាំដំឡូង ទើបកម្មករម្នាក់ ប្រទះឃើញ និងបានរើសយកទៅទុកនៅក្បែរគល់ឈើ ក្រែងមានអ្នកបះពាល់នាំបង្កគ្រោះថ្នាក់។ ប៉ុន្តែ ក្រោយមក គាត់បានយកគ្រាប់នេះ មកទុក កន្លែងដើមវិញ ដើម្បីឱ្យមន្ត្រីស៊ីម៉ាក់ ចុះមកពិនិត្យ។

តាមប្រភពកម្មករដែលប្រទះឃើញគ្រាប់មីនតោននោះ បានឱ្យដឹងថា មីនទាំង ៤គ្រាប់នោះ កប់ក្នុងរណ្តៅពីរផ្សេងគ្នា តែនៅក្បែរគ្នា។ មីនតោននេះ ត្រូវគេដាក់ត្រូតលើគ្នាពីរៗគ្រាប់ ហើយវាបានផុសចេញពីក្នុងដី នៅ ពេលអ្នកបើកត្រាក់ភ្ជួរចំ តែបើត្រាក់ទ័រនោះ បើកកិនចំពីលើប្រហែលវាផ្ទុះ បង្កគ្រោះថ្នាក់ធ្ងន់ដល់ទាំងមនុស្ស និងត្រាក់ទ័រមិនខាន ព្រោះគេដាក់ត្រូតគ្នាមួយរណ្តៅៗ ដល់ទៅ២គ្រាប់ ឯណោះ ។

លោកហិត ណាត នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រែង បានប្រាប់ឱ្យដឹងថា តាមប្រវត្តិដីចម្ការនេះ ជាអតីតតំបន់សមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ក្នុងសម័យសង្គ្រាម។ បើតាមពិនិត្យជាក់ស្តែង គ្រាប់មីនតោននោះ ត្រូវបានគេកប់ក្នុងដីជ្រៅ ទើបម្ចាស់ចម្ការ ប្រើត្រាក់ទ័រភ្ជួររាល់ឆ្នាំ មិនប៉ះ ប៉ុន្តែពេលភ្ជួររាល់ឆ្នាំ ធ្វើឱ្យដីកាន់តែរាក់ ថែមទាំងត្រូវទឹក ភ្លៀងផង ទើបឆ្នាំនេះ ពេលចុះភ្ជួរផាលត្រាក់ទ័រទាញគ្រាប់មីនប៉ើងចេញពីក្នុងដី តែសំណាងល្អណាស់ ដែលត្រាក់ទ័រមិនបើកកិនចំគ្រាប់ បើមិនដូច្នេះទេ ប្រាកដជាគ្រោះថ្នាក់ធ្ងន់ជាមិនខាន។

ក្រោយពីប្រទះឃើញគ្រាប់មីន ដ៏គ្រោះថ្នាក់ខាងលើនេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ភ្លាមៗ សុំអន្តរាគមន៍ពីកម្លាំងអង្គភាពកម្ចាត់មីន ស៊ីម៉ាក់ ចុះមកពិនិត្យ និងយកគ្រាប់ទាំងនោះចេញពីទីតាំងកើតហេតុ៕

RELATED ARTICLES