Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមល្បិចចោរ ធ្វើស៊ីផ្ទះវីងវេរលុយ ស្រីទិញភេសជ្ជៈ ប្រុសលួច៨ពាន់ដុល្លារ

ល្បិចចោរ ធ្វើស៊ីផ្ទះវីងវេរលុយ ស្រីទិញភេសជ្ជៈ ប្រុសលួច៨ពាន់ដុល្លារ

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ១ក្រុម សង្ស័យជាមុខសញ្ញាចាស់ ធ្លាប់ប្រើល្បិចបន្លំចូលលួចយកលុយតាមកន្លែងលក់ដូរ វេរលុយ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាពេលកន្លងមក បាននាំគ្នាធ្វើសកម្មភាពសាជាថ្មី នៅទីតាំងវីងវេរលុយ មួយកន្លែង ប្រមូលយកប្រាក់ ប្រមាណ ៨ពាន់ដុល្លារ រួចនាំគ្នារត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ដូរ និងវេរលុយមួយកន្លែង ស្ថិតក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។

ជនរងគ្រោះ មានឈ្មោះសុខ បញ្ញា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ និងបើកវីងវេរលុយ មានលំនៅ ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ មានស្ត្រីម្នាក់ បានជិះម៉ូតូ មកឈប់ខាងមុខតូបរបស់គាត់ រួចដើរចូលសួររកទិញ កូកា និងទឹកសុទ្ធ គិតប្រាក់អស់ប្រមាណជាង ៣ម៉ឺនរៀល។ ពេលទិញបានហើយ ស្ត្រីរូបនោះ បានប្រាប់ឱ្យគាត់ជួយលើកទឹក និងកូកា យកទៅដាក់លើម៉ូតូរបស់គេ ដោយស្ត្រីម្នាក់នោះ អង្គុយលើម៉ូតូ ចាំជាស្រេច។ បន្ទាប់មក ស្ត្រីនោះបានហុចលុយឱ្យគាត់ ជាង៣ម៉ឺនរៀល សុទ្ធតែជាលុយរាយ ហើយប្រាប់ឱ្យគាត់រាប់ ខ្វះមុខ ខ្វះក្រោយ។ ស្រាប់តែឆ្លៀតពេលនោះ មានជនសង្ស័យម្នាក់ទៀត (ប្រុស) បានបន្លំដើរចូលពីចំហៀង ទៅប្រមូលយកលុយគាត់អស់ពីក្នុងថតតុ ក្នុងបន្ទប់វីង។ លុះពេលគាត់យកលុយទៅទុក ស្រាប់ តែបាត់លុយអស់ ទើបមានការភ្ញាក់ផ្អើល ហើយពេលឆែកកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានចោរបន្លំចូលលួច ព្រោះកាមេរ៉ាសុវត្ថិភាពបានថតជាប់បុរសម្នាក់ ពាក់មួកនិងពាក់ម៉ាស់មុខ ដើរចូលទៅលួចលុយ និងដើរចេញពីផ្ទះ រួចឡើងជិះម៉ូតូដែលមានបក្ខពួកចាំទទូលនៅលើថ្នល់ គេចខ្លួនបាត់។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ប្រាក់ដែលបានបាត់បង់ រួមមាន ទាំងប្រាក់រៀល ប្រាក់បាត និងប្រាក់ដុល្លារ សរុបប្រមាណ ៨០០០ដុល្លារ។

ដោយឡែក យោងតាមសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញមានរូបស្ត្រីម្នាក់ ជិះម៉ូតូមកឈប់ខាងមុខ រួច ដើរចូលទិញទំនិញ បន្តិចក្រោយមក ក៏ជិះចេញទៅ ក្រោយប្រគល់លុយថ្លៃទឹកសុទ្ធ ឱ្យជនរងគ្រោះ។ ស្របពេលជាមួយគ្នានោះ គេឃើញជនស្លៀកពាក់ខ្មៅម្នាក់ ពាក់មួក និងពាក់ម៉ាស់មុខផង បានដើរចូលពីចំ ហៀងខាងត្បូង ចូលទៅប្រមូលយកលុយនៅក្នុងបន្ទប់វេរលុយ។ ក្រោយពីប្រមូលបាន ជននេះបានដើរចេញតាមទ្វារចំហៀងខាងជើង រួចធ្វើជាដើរទៅអង្គុយលើបង់ថ្មបន្តិច ក៏ដើរចេញទៅយ៉ាងលឿន ដោយមានកាន់ថង់ខ្មៅច្រកលុយផង សំដៅទៅថ្នល់ជាតិ ដែលមានបក្ខពួកជិះម៉ូតូមកទទូល រូចជិះឆ្ពោះទៅទិសខាងជើងបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ សាកសួរជនរងគ្រោះ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES