Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែបង់រំលស់ម៉ូតូឲ្យជិះ លក់ទិញថ្នាំញៀនជក់ ជាប់ខ្នោះ

ថៅកែបង់រំលស់ម៉ូតូឲ្យជិះ លក់ទិញថ្នាំញៀនជក់ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានចូលមកធ្វើការងារជាកម្មករនៅក្នុងសិប្បកម្មផលិតទឹកបរិសុទ្ធ ១កន្លែង លុះធ្វើការបាន៣ខែ ក៏សុំថៅកែឱ្យជួយបង់រំលស់ម៉ូតូ ១គ្រឿង ឱ្យខ្លួនជិះ ស្រាប់តែមិនបានប៉ុន្មាន លក់ម៉ូតូបាត់ ដោយយកលុយទៅដើរចាយវាយ ជក់គ្រឿងញៀនអស់ រួចមកប្រាប់ថៅកែថាបាត់ម៉ូតូ និងថែមទាំងបានលួចលុយកាក់ថៅកែមួយចំនួនទៀតផង ទើបធ្វើឱ្យថៅកែទ្រាំលែងបាន ក៏ប្តឹងកម្លាំងអាវុធហត្ថ ចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់តែម្តង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះរុំ សារីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសិប្បកម្មទឹកសុទ្ធ មានលំនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង១២នាទីព្រលប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេ បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះរុំ សារីម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ករណីនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះទៀង អេងឡុង ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅ ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ជនរងគ្រោះ ជាម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធ ហែលស៊ីវ័រធឺរ ១៨៦ ហើយជនសង្ស័យមកធ្វើការបានរយៈពេល៣ខែ បានសុំឱ្យជនរងគ្រោះបង់រំលស់ម៉ូតូ ១គ្រឿង ម៉ាក អ៊ឹមស្លាស់ ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-3434 ក្នុងតម្លៃ ២១០០ដុល្លារ ចាប់តាំងពីបានម៉ូតូមក ជនសង្ស័យ បានជិះដើរលេង មិនដែលធ្វើការប្រ ហែល ២ខែ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា ម៉ូតូដែលបង់រំលស់ បានបាត់ហើយ តែជនរងគ្រោះមិនជឿ ដោយសារជនសង្ស័យប្រើប្រាស់គ្រឿងញៀន។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យលួចដកលុយថ្លៃទឹកសុទ្ធដែលដឹកដាក់ឱ្យម៉ូយរៀងរាល់ថ្ងៃ បន្ថែមទៀត។ ដោយសារទ្រាំទង្វើរបស់ជនសង្ស័យមិនបាន ក៏នាំជនសង្ស័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។

 ក្រោយពីកម្លាំងជំនាញសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើដូចដែលដើមបណ្តឹងចោទព្រកាន់ប្រាកដមែន។ បន្ទាប់ពីបានស្តាប់ចម្លើយរបស់ជនសង្ស័យរួច កម្លាំងបានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន ហើយបានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES