Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជីវិតផុយម៉្លេះ! ដើរសុខៗ ដួលផ្កាប់មុខស្លាប់

ជីវិតផុយម៉្លេះ! ដើរសុខៗ ដួលផ្កាប់មុខស្លាប់

ភ្នំពេញ ៖  បុរសម្នាក់ ដើរតាមផ្លូវសុខៗ ស្រាប់តែកើតមានអាការញ័រដៃញ័រជើង រួចដួលផ្កាប់មុខ បាត់មាត់ឈឹង នៅលើចិញ្ចើមផ្លូវ  ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល នាំគ្នាចូលទៅជួយសង្គ្រោះ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លើចិញ្ចើមផ្លូវលេខ២១៧ មុខផ្ទះលេខ R1 ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បុរសរងគ្រោះ មានឈ្មោះគា សុខរិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិអូរតាគី ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានបើកទ្វារផ្ទះ ឃើញជនរងគ្រោះស្លាប់នៅមុខផ្ទះ ទើបប្រញាប់រាយការណ៍ផ្តល់ដំណឹងឱ្យសមត្ថកិច្ចភ្លាមៗ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍ សមត្ថកិច្ចខណ្ឌ និងជំនាញផ្នែកកោសល្យវិច័យ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការហ៊ុមព័ទ្ធខ្សែ ពិនិត្យសព។

បន្ទាប់មក សមត្ថកិច្ចបានពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ឃើញថា នៅវេលាម៉ោង ២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ គេឃើញជនរងគ្រោះ បានដើរម្នាក់ឯង ដោយអាការញ័រៗ ដើរផ្អៀងៗខ្លួន រួចក៏បានដួលនៅចំណុចខាងលើ។ លុះបន្តិចក្រោយមក ជនរងគ្រោះ បានប្រឹងក្រោកងើបអង្គុយ តែមិនបានប៉ុន្មាន ក៏ប្រះខ្លួនដេកទៅលើសាបវិញ បង្វិលខ្លួនទៅវិញទៅមក រហូតដល់វេលាម៉ោង ៣និង០៥នាទីទៀបភ្លឺ ថ្ងៃដដែល ទើបជនរងគ្រោះបានផ្កាប់មុខទៅលើសាប លែងកម្រើកតែម្តង។

ដោយឡែក តាមការពិនិត្យស្ថានភាពកន្លែងកើតហេតុ លើចិញ្ចើមផ្លូវមុខផ្ទះកើតហេតុ ឃើញ សពជនរងគ្រោះស្លាប់ផ្កាប់មុខ សពពាក់អាវដៃខ្លី ស្លៀកខោជើងវែង ខោអាវបាតដៃ និងបាតជើងប្រឡាក់ដី ខ្លួនប្រាណមានសត្វស្រមោចរោម និងខាំចេញឈាម សពមានសភាពរឹង នៅក្នុងហោប៉ៅខោសព មានកូនកាបូប១ ក្នុងកាបូប មានលុយ ៥៤៥០០រៀល កាតចាក់វ៉ាក់សាំង និងកាតសន្តិសុខក្រុមហ៊ុន MPA មានឈ្មោះគា សុខរិទ្ធ និងកាត ធនាគារអេស៊ីលីដា។ សពមានស្នាមជាំដាច់រយះនៅបបូរមាត់ខាងក្រោម ស្នាមជាំកោសរលាត់នៅកែងដៃសងខាង ស្នាមជាំនៅក្បាលជង្គង់សងខាង ស្នាមជាំកោសរលាត់នៅខ្នងម្រាមមេជើងស្តាំ។

តាមការពិនិត្យនិងធ្វើកោសល្យវិច័យ របស់សមត្ថកិច្ច និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង ធ្វើទុក្ខ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES