Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា រកឃើញអ្នកជំងឺអុតស្វា ៣នាក់ទៀត

កម្ពុជា រកឃើញអ្នកជំងឺអុតស្វា ៣នាក់ទៀត

ភ្នំពេញ ៖ ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤បានរកឃើញករណីជំងឺអឹមផក (Mpox) ដែលឈ្មោះដើមហៅជំងឺអុតស្វា ចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល ១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន១៧ ករណី ជាបុរសទាំងអស់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺអឹមផក (Mpox) (ឈ្មោះដើមជំងឺអុតស្វា) បានបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺអឹមផក ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃ ចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណី ជាបុរសទាំងអស់ អាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងសុខាភិបាល សូមអំពាវនាវនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម ៖

១. របៀបចម្លង ៖

– វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក៘

– វីរុសអុតស្វា ឆ្លងពីម្តាយទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយ មានជំងឺអឹមផក។

២. វិធានការបង្ការការចម្លងជំងឺអមឹផក ៖

– អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ រាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។

– ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។

– ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ បាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអឹមផក ប្រើប្រាស់។

– ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។

– អនុវត្តអនាម័យដៃដោយលាងសម្អាតដៃ ជាមួយទឹកនិងសាប៊ូ ឬជែលលាងដៃ ឬអាល់កុលលាងដៃ។

– បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។

– បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួន ឱ្យបានសមស្រប។

– បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹក នៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រ ដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ អឹមផក ត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់ លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសា ធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES