ថៃ៖ តាមការសិក្សារបស់ក្រសួងពាណិជ្ជកម្មអំពីគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោកត្រាំមកលើប្រទេសថៃ បានបង្ហាញឲ្យឃើញថានឹងមិនប៉ះពាល់ដោយផ្ទាល់លើព្រះរាជាណាចក្រនេះឡើយ ។
ការិយាល័យគោលនយោបាយនិងផែនការណ៍របស់ក្រសួងពាណិជ្ជកម្មបានចេញផ្សាយនូវលទ្ធផលនៃការសិក្សាមួយលើគោលនយោបាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។
ការស្រាវជ្រាវបានអះអាងថាថៃនឹងមិនរងផលប៉ះពាល់ដោយផ្ទាល់ឡើយក្នុងអំឡុងពេលដែលគោលនយោបាយនោះនៅមានសុពលភាពហើយក្នុងពេលដ៏ខ្លីគេអាចសម្លឹងឃើញឱកាសមួយក្នុងការបង្កើនពាណិជ្ជកម្មជាមួយចិននិងម៉ិកស៊ិកស្របពេលដែលសហរដ្ឋអាមេរិកបានអូសទាញទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសទាំងពីរ ។
ម្យ៉ាងទៀតវាក៏បានកត់សម្គាល់ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) បានអនុញ្ញាតឲ្យថៃគេចផុតពីការបាត់បង់ភាពប្រកួតប្រជែងជាមួយនិងបណ្តាសមាជិកជាហត្ថលេខីដូចជាវៀតណាមនិងម៉ាឡេស៊ីជាដើម ។
ផលិតផលដែលមានគុណប្រយោជន៍ពីការអភិវឌ្ឍរួមមានគ្រឿងបន្លាស់កុំព្យូទ័រ ឧបករណ៍ប្រើប្រាស់គ្រឿងអេឡិចត្រូនិក គ្រាប់ឬដុំប្លាស្ទិក លោហៈធាតុ ត្បូង និងគ្រឿងអលង្ការ អាហារសមុទ្រកកនិងថាមពលជាដើម ។
ខណៈសហរដ្ឋអាមេរិកនៅតែកំពុងពិចារណាអំពីឋានៈរបស់ថៃនៅក្នុងការរំលោភបំពានផ្នែកកម្មសិទ្ធិបញ្ញានិងប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួន ត្រីមាសដំបូងនឹងទំនងជាមិនមែនជាកត្តានៅក្នុងបញ្ហាទាំងពីរនេះឡើយ ។
សរុបមកក្រសួងនៅតែមានការជឿជាក់លើការនាំចេញរបស់ថៃ នឹងកើនឡើង២,៥%ទៅ៣,៥%ឆ្នាំនេះ ប៉ុន្តែក៏មានការគូសបញ្ជាក់ពីបញ្ហានានារាប់បញ្ចូលពាណិជ្ជកម្មជាមួយចិន បម្រែបម្រួលចុះឡើងនៃរូបិយប័ណ្ណនិងចលនានៃវិនិយោគបរទេស។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា