ភ្នំពេញ៖បងប្រុសរបស់មាស សុខសោភា គឺលោកមាស សុខរតនៈ បានបង្ហាញអារម្មណ៍ខកចិត្តផង តូចចិត្តផង ខណៈដែលកម្មវិធីពិសារអាហារសាមគ្គី និងផ្ដល់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៅថ្ងៃទី២៥ ខែមសា ឆ្នាំ២០២៤ នោះមិនមានឈ្មោះលោកឡើយ ។លោកមាស សុខរតនៈ អតីតតារាចម្រៀងK.H ដែលបានប្រឡូកសិល្បៈតាំងពីឆ្នាំ១៩៩៧ ពោលគឺរយៈពេល២៧ឆ្នាំមកហើយ តែមិនសូវល្បីឈ្មោះដូចប្អូនស្រីមាស សុខសោភា ហើយបច្ចុប្បន្នលោកជាទីប្រឹក្សាផ្ទាល់របស់សោភា រួមទាំងជាអ្នកនិពន្ធបទចម្រៀងផង ដឹកនាំសម្ដែងផងឲ្យប្អូនស្រីនោះក្រៅពីបង្ហាញការហួសចិត្តនោះលោកក៍ថារឿងនោះជាការអស់សំណើចខ្លាំងសម្រាប់រូបលោកផងដែរ។
បងប្រុសមាស សុខសោភា លោកមាស សុខរតនៈ ថ្លែងថា”២៧ឆ្នាំដែលខ្ញុំប្រឡូកសិល្បៈ ស្ទើតែគ្រប់ទម្រង់ ប៉ុន្ដែបែជាមិនមានឈ្មោះជា”សិល្បករ”គួរឲ្យអស់សំណើចខ្លាំងណាស់”។
អ្នករួមអាជីពជាច្រើនបានចូលទៅបញ្ចេញយោបល់ចំពោះបងប្រុសមាស សុខសោភា ដែលត្រូវបានគេមើលរំលងបែបនេះដោយខ្លះលើកឡើងថាបញ្ហាធំគឺបណ្ដាលមកពីលោកគ្មានខ្សែ ប៉ុន្ដែខ្លះទៀតក៍ថាមកពីលោកមិនសូវល្បីជាដើម។
តារាសម្ដែងលោកស្រេន វុធថា ខមិនថា”ស្ទើខ្សែ បង”។ហ្វេសបុកឈ្មោះYa Ya Real ខមិនថា”អត់ខ្សែពួរបង “។
ទោះជាយ៉ាងណាមាស សុខសោភា មិនបានបញ្ចេញប្រតិកម្មពាក់ព័ន្ធរឿងបងប្រុសរបស់ខ្លួនអត់សប្បាយចិត្តគ្មានឈ្មោះទៅទទួលគ្រឿងឥស្សរិយយស នៅថ្ងៃទី២៥ ខែ៤ ខាងមុខនេះទេ ពោលគឺទាំងរូបនាងនិងលោកអ៊ឹត រ៉ាដា ជាស្វាមីបានរក្សារភាពស្ងៀមស្ងាត់ដូចគ្នា។
គួរបញ្ជាក់ថាមាស សុខសោភា បានឈានមកដល់ចំណុចកំពូលដូចបច្ចុប្បន្នក៍មានចំណែកបងប្រុសរបស់នាងឈរនៅក្រោយខ្នងដែរ ហើយនាងនិងបងប្រុសស្រលាញ់គ្នាខ្លាំងណាស់ក្រោយពួកគេរស់នៅកំព្រាឪពុកតាំងពីតូចៗម្លេះ។ប្រភពបានឲ្យដឹងថារាល់ការសម្រេចចិត្តចាកចេញពីផលិតកម្មមួយទៅចូលផលិតកម្មមួយរបស់សុខសោភា ក៍នៅលើសញ្ញាពីបងប្រុសរបស់នាងដែរ ហេតុនេះហើយតាមប្រភពខ្លះថាបើថៅកែផលិតកម្មមួយចង់បានសុខសោភា ហើយភាគរយខ្ពស់ដែលទទួលបានរូបនាងនោះបើគេហ៊ានឲ្យតំណែងធំនៅផលិតកម្មទៅបងប្រុសនាងនោះមានសង្ឃឹមថាសោភា អាចនឹងទៅចូលរួម ព្រោះនាងចង់ឲ្យបងប្រុសខ្លួនមានតួនាទី ឬធ្វើការងារសិល្បៈនៅអបជាមួយខ្លួនដែរ។ប៉ុន្ដែគ្រូភ្លេងម្នាក់នៅហង្សមាសធ្លាប់ប្រាប់អ្នកយកព័តមានយើងដោយព្រមានសុខសោភា ថាដាច់ខាតកុំយកតួនាទីបងទៅពាក់ព័ន្ធជាមួយសម្ថភាពរបស់ខ្លួននៅផលិតកម្មណាមួយនោះគឺអត់ត្រូវទេ ។Composer រូបនេះសង្កត់ថាតារាចម្រៀងខ្លាំងម្នាក់ចូលផលិតកម្មមួយមិនត្រូវដាក់សម្ពាធលើថៅកែផលិតកម្មនោះដើម្បីបានតំណែងឲ្យបងប្រុសនោះទេ ហើយលោកក៍មិនជឿរថាសោភា ធ្វើបែបនោះដែរ ព្រោះបញ្ហានេះវាធ្វើឲ្យប៉ះពាល់ដល់អាជីពចម្រៀងរបស់ខ្លួន ព្រោះតែរឿងតំណែងបងប្រុសរបស់ខ្លួននេះឯង ។
ក្រៅពីមាស សុខសោភា តារាដែលមានបងប្រុសជាទីប្រឹក្សា របស់ខ្លួននោះមានដូចជាលោកខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ ,យឿន សូត្រអនុស្សាវរីយ៍ និងនីកូ ជាដើម ។សម្រាប់សុខសោភា វិញនៅឆ្នាំ២០២៤ នេះនាងមិនទាន់ទៅជ្រកទ្រនុំថ្មីឡើយ ពោលគឺបន្ដច្រៀងផលិតកម្មផ្ទាល់ខ្លួនCamtraxMusic ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកលោកមាស សុខរតនៈ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា បើចង់ប្រកួតប្រជែងទីផ្សារចម្រៀងសារជាថ្មីទាល់តែនាងទៅជ្រកនៅផលិតកម្មធំមួយមិនមែនខ្លួនជាថៅកែ ទើបគេមានធនធានមនុស្សគ្រប់ផ្នែកចាំជួយជម្រោមជ្រែងនាងអាចទៅរួច ព្រោះការច្រៀងនៅផលិតកម្មខ្លួនឯងធនធានមនុស្សមានកំណត់ ជាក់ស្ដែងដូចជាថ្មីៗនេះនាងចេញបទ”តប់ “ឬ “កុំបាញ់ទឹកដាក់មុខអូន “នោះទទួលបានការិះគន់ច្រើនជាងគាំទ្រ ។ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម័យនេះទៅហើយទោះជាច្រៀងអត់ផលិតកម្ម ក៍នៅតែល្បីបានដែរ ។គេចាំមើលថាតើសុខសោភា បន្ដច្រៀងនៅផលិតកម្មខ្លួនឯងCamtrax Music ពេញ១ឆ្នាំ២០២៤ ឬក៍អាចប្ដូរចិត្តរត់ទៅជ្រកផលិតកម្មផ្សេងព្រោះតាមព័តមានថាហង្សមាស ,Galaxy និងថោន នៅតែបើកទ្វាស្វាគមន៍នាង ៕