Wednesday, April 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំអ្នកបោះដុំបន្លែ ឆបោកប្រាក់ ជាប់ខ្នោះ

បន្លំអ្នកបោះដុំបន្លែ ឆបោកប្រាក់ ជាប់ខ្នោះ

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆបោក ក្រោមរូបភាពបន្លំជាអ្នកបោះដុំបន្លែផ្លែឈើ តាមគណនីតេឡេក្រាម និងឆបោកជនរងគ្រោះ ឱ្យផ្ទេរប្រាក់តាមគណនីធនាគារ ទីបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា យោងតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវនិងបង្ក្រាបលើករណីឆបោក ក្រោមរូបភាពបន្លំជាអ្នកបោះដុំបន្លែ ផ្លែឈើ តាមគណនីតេឡេក្រាម និងឆបោកជនរងគ្រោះ ឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។

ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះ ម.ដ.ន ភេទប្រុស ជនជាតិខ្មែរ ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានយកគណនីធនាគាររបស់ខ្លួន ធ្វើសកម្មភាពឆបោកជនរងគ្រោះ ដើម្បីទទួល ផលពីអំពើទុច្ចរិតខាងលើនេះ។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន ពេលធ្វើការទូទាត់ប្រាក់តាមគណនីធនាគារ សូមបញ្ជាក់និងពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងមានជនខិលខូច ក្លែងបន្លំ ដើម្បីឆបោកឱ្យផ្ទេរប្រាក់តាមគណនីធនាគារ មិនស្គាល់ប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ ជាយថាហេតុ៕

RELATED ARTICLES