មីយ៉ាន់ម៉ា ៖ ព្រំដែនម៉ែសត (Mae Sot) ស្ងប់ស្ងាត់ បន្ទាប់ពីក្រុមចុងក្រោយនៃជនភៀសខ្លួនមីយ៉ាន់ម៉ា (ភូមា) ចំនួន ៦៥៨នាក់ បានស្នើសុំត្រឡប់ទៅប្រទេសកំណើតវិញ ដោយស្ម័គ្រចិត្ត ដោយសារក្រុងមីយ៉ាវ៉ាដឌី (Myawaddy) ចាប់ផ្តើមស្ងប់ស្ងាត់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលយោធា ជាមួយកងកម្លាំងប្រឆាំង។

នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថានភាពតានតឹងនៅខ្សែបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា ពីការប្រយុទ្ធគ្នារវាងទាហាន KNU ដែលបានរួមកម្លាំងជាមួយទាហានសម្ព័ន្ធមិត្តជាច្រើននាក់ បានធ្វើការបាញ់ប្រយុទ្ធជាមួយទាហានមីយ៉ាន់ម៉ា នៅច្រកព្រំដែនអចិន្ត្រៃយ៍ មីយ៉ាវ៉ាដឌី លេខ២ ខេត្តមីយ៉ាវ៉ាដឌី ប្រទេសមីយ៉ាន់ម៉ា រហូតដល់មានរលកនៃប្រជាជនភូមា ជាង 3000នាក់ ដែលជម្លៀសខ្លួនចេញយ៉ាងឆាប់រហ័សចេញពីទីក្រុងមីយ៉ាវ៉ាដឌី ។ មិនមានការបាញ់ប្រហារនៅទីក្រុងមីយ៉ាវ៉ាដឌី អស់រយៈពេលប្រាំថ្ងៃជាប់គ្នា ធ្វើឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ាចុងក្រោយ ដែលភៀសខ្លួនចេញពីភាពចលាចល មានចំនួន ៦៥៨នាក់ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងតំបន់សុវត្ថិភាព បានសម្រេចចិត្តត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

ពលរដ្ឋមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនចេញពីភាពចលាចលនៃសង្គ្រាមក្នុងស្រុក ត្រូវបានរៀបចំឲ្យជ្រកកោនបណ្តោះអាសន្ន នៅភូមិលេខ៧ ឃុំថាសៃលួត ស្រុកម៉ែសត ខេត្តតាក់ ប្រតេសថៃ។

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ប្រជាជនមីយ៉ាន់ម៉ា មួយក្រុមចុងក្រោយ បានស្ម័គ្រចិត្តធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញ ឆ្លងចូលខេត្តមីយ៉ាវ៉ាដឌី ។ មុនពេលស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញ កាលពីយប់ថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ ព្រះសង្ឃនៅស្រុកម៉ែសត បាននិមន្តទៅសូត្រមន្តប្រោះព្រំជូនប្រជាជនមីយ៉ានម៉ា ឲ្យបានសេចក្តីសុខ និងបានផ្តល់នូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជា អាហារ ទឹកស្អាត និងថ្នាំពេទ្យ សម្រាប់អ្នក ជំងឺដែលមានជំងឺតិចតួច ដល់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ យកវាទៅប្រើប្រាស់នៅស្រុកកំណើត ក្នុងប្រទេសមីយ៉ាន់ម៉ា។ រួមជាមួយសាខាកាកបាទក្រហមស្រុកម៉ែសុត និងអ្នកស្ម័គ្រចិត្តនៅស្រុកម៉ែសត ក៏បានបានមករួមគ្នាជួយផ្តល់អំណោយផងដែរ។

មន្ត្រីយោធា និងរដ្ឋបាលស្រុកម៉ែសត ត្រូវបានបំពាក់អាវុធយ៉ាងពេញទំហឹង ដើម្បីជួយសម្រួល និងការពារសុវត្ថិភាពរបស់ពលរដ្ឋមីយ៉ាន់ម៉ា ទាំងអស់ ដែលធ្វើមាតុភូមិនិវត្តន៍ទៅខេត្តមីយ៉ាវ៉ាដឌី វិញដោយសុវត្ថិភាព៕


