ភ្នំពេញ៖លោកលី សុខជុន ដែលជាឪពុកតារាសម្ដែងលី ច័ន្ទសីហា កាលពីរសៀលថ្ងៃទី២៥ មេសា លោកក៍បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងពិសាអាហារសាមគ្គីជាមួយលោកគ្រូអ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអអិបតីភាពសម្ដេចបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវនោះ ដោយបានលោកអះអាងថាពិតជារីករាយព្រោះទទួលបានការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលតាមរយៈការទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ។
លោកលី សុខជុន បានប្រាប់អ្នកយកព័តមាន”នគរធំ” តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦ មេសា ថាលោកមានមោទនភាពចំពោះការទទួលបានគ្រឿងឥស្សរិយយស មួយនេះពីអ្នកតំណាងឲ្យថ្នាក់ដឹកនាំកំពូល។លោកសុខជុន ថ្លែងថា”លោកនិងកូនស្រីលី ច័ន្ទសីហា ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ពីអ្នកតំណាំងដ៍ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតី និងលោកជំទាវ ដែលនេះជាមហាកិត្តិយសសម្រាប់ក្រុមគ្រួសារលោកដែលបានតស៊ូ ប្រឡូកក្នុងសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ។លោកសន្យាថានិងថែរក្សារគ្រឿងឥស្សរិយយស មិនអាចកាត់ថ្លៃមួយនេះឲ្យបានគង់វង្សជារៀងរហូតតទៅ” ។
លោកលី សុខជុន ត្រូវបានអ្នកសិល្បករជាច្រើនគោរពនិងឲ្យតម្លៃលោកព្រោះលោកតែងតែរាប់អានចំពោះអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យសិល្បៈទូទៅដោយមិនប្រកាន់ឬបែងចែកថាទាល់តែជាតួល្បី ឬមិនល្បីនោះទេ។អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនៅពេលសិល្បកររូបណាមានទុក្ខសោកលោកតែងតែលេចមុខទៅជួយតាមលទ្ធភាពជានិច្ច ទាំងនេះហើយដែលធ្វើឲ្យតារាទូទៅស្រលាញ់និងរាប់អានលោកក៍ដូចជាកូនស្រីលោកអ្នកនាងលី ច័ន្ទសីហា ដែរ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនៅថ្ងៃដែលលោកសុខជុន ទៅទទួលគ្រឿងឥស្សរិយយស នោះលោកបានជួបតារាសម្ដែងអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន និងបានថតរូបជាមួយគ្នាទៀតផង។លោកលោកសុខជន់ ក៍បានលើកសរសើរពីច័ន្ទនីរ័ត្ន ថាជាតារាអត់ចេះឆ្មើងឆ្មៃ ហើយលោកថែមទាំងបានហៅនាងថាជា”ជំទាវ”ទៀតផង។
តើហេតុអ្វីបានជាលោកលី សុខជុន ពេញចិត្តនិងសរសើរហ៊ិន ច័ន្ទនីរ័ត្ន ពេញៗមាត់ ព្រមទាំងបានហៅនាងថាជំទាវបែបនេះ ?
លោកលី សុខជុន បានប្រាប់ថាហ៊ិន ច័ន្ទនីរ័ត្ន ពិតជាសាកសមជាមួយតំណែងងារជំទាវ ព្រោះទោះជាពេលនេះនាងបានខ្ពង់ខ្ពស់ និងក្លាយជាក្មួយប្រសារសម្ដេចតេជោហ៊ុន សែន ក្ដី តែនាងនៅតែរួសរាយរាក់ទាក់ដូចពីមុនដដែល អត់ចេះឆ្មើងឆ្មៃឡើយ ។លោកសុជន់ បន្ថែមថា”ច័ន្ទនីរ័ត្ន ខ្ញុំហ៊ានហៅថាជាជំទាវ ព្រោះនីរ័ត្ន គឺជាមនុស្សដែលមានប្រជាប្រិយភាព ហើយគាត់បានសម្ដេចពុក សម្ដេចម៉ែ ផ្ដល់កិត្ដិនាមដ៍ខ្ពង់ខ្ពស់ ជាមនុស្សគួរឲ្យគោរពស្រលាញ់ ហើយខ្ញុំសប្បាយចិត្តដែលបានថតជាមួយជំទាវច័ន្ទនីរ័ត្ន “។លោកថាទោះជាមិនបានថតរូបផ្ទាល់ជាមួយសម្ដេចម៉ែប៊ុន រ៉ានី ហ៊ុន សែន តែបានថតជាមួយតួតំណាងក្នុងរឿង”កូនប្រុសក្រោមពន្លឺព្រះច័ន្ទបូណ័រមី “ដែលជាដោយហ៊ិន ច័ន្ទនីរ័ត្ន ក៍លោកអស់ចិត្តដែរ ។ប៉ុន្ដែលោកសុជុន ថាក្នុងនាមជាសិល្បករម្នាក់ក្រៅពីធ្លាប់បានថតពីចម្ងាយៗជាមួយសម្ដេចបវរធិបតីនោះលោកមានបំណងប្រាថ្នាចង់ថតរូបដោយផ្ទាល់ជាមួយសម្ដេចពុក សម្ដេចម៉ែ គឺសម្ដេចហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រោះទោះជាលោកធ្លាប់ចូលរួមកម្មវិធីរបស់សម្ដេចទាំង២អញ្ជើញជាអធិបតីជាញឹកញាប់យ៉ាងណាក៍លោកមិនដែលបានថតផ្ទាល់ដោយជិតស្និតជាមួយលោកទាំងពីរដែរ គឺបានត្រឹមថតពីចម្ងាយប៉ុណ្ណោះ ។
លោកលី សុខជុន ថ្លែងទៀតថាក្រោយលោកទស្សនារឿង”កូនប្រុសក្រោមពន្លឺព្រះច័ន្ទបូណ័រមី”ទើបលោកដឹងច្បាស់ថាសម្ដេចទាំងពីរបានលះបងគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ នមាតុភូមិ និងប្រជាជនរបស់លោក ហេតុនេះលោកព្យាយាមនិងចង់បានថតរូបជាមួយសម្ដេចទាំងពីរជាយូមកហើយ តែមិនទាន់បានឱកាស គឺបានតែ ថតពីចម្ងាយៗ ។លោកសុខជុន ប្រាប់មូលហេតុចង់ថតជាមួយសម្ដេចតេជោ និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតនោះទៀតថាម្ដាយលោកបានផ្ដាំថាទោះជាមានអ្នកណាចង់ជេរ ឬថាអីឲ្យលោកឲ្យគេថាទៅ តែចំពោះកូនចៅម៉ែ គឺមិនឲ្យមើលងាយសម្ដេចពុក សម្ដេចម៉ែ ទេ ព្រោះលោកជាអ្នកមានបុណ្យមកសោយរាជ្យ ទឹកដីខ្មែរ ផ្ដល់ភាពត្រជាក់ត្រជុំឲ្យខ្មែរ បើអ្នកហ៊ានជេរគឺជាមនុស្សអត់កំណើត ។លោកថាពេលលោកទៅណាមកណាឃើញគេតាំង សម្ដេចពុក សម្ដេចម៉ែ លោកតែងតែលើកដៃសំពះជានិច្ច ចង់អ្នកណាសើច ឬថាអីឲ្យលោកថាចុះ តែលោកបានចាត់ទុកលោកទាំងពីរគឺជាអ្នកមានបុណ្យ ។លោកថាលោកចង់ថតជាមួយសម្ដេចពុក សម្ដេចម៉ែ និងសម្ដេចធិបតី សម្រាប់យកទៅតាំងនៅផ្ទះគឺអររូប អមនុស្សចូលចូលអត់ចុះទេ ព្រោះជាមនុស្សមានបុណ្យ គឺសាកសិទ្ធខ្លាំងណាស់ ដែលនេះជាបណ្ដាំដែលម្ដាយលោកបានប្រាប់លោកឲ្យចងចាំ ។
សូមបញ្ជាក់ថាលោកលី សុខជុន បានលេចមុខក្នុងភាពយន្ដរបស់ហង្សមាសជាច្រើន ដែលដឹកនាំដោយលោកកៅ សីហា ហើយនេះជាលើកទី១ ដែលោកបានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ខណៈដែលលី ច័ន្ទសីហា វិញនាងទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ នេះចំនួន២លើកមកហើយពីប្រមុខនិងអ្នកតំណាងរដ្ឋាភិបាល ៕