ភ្នំពេញ៖ឱក សុគន្ធកញ្ញា មានជំនួយ២ច្រកគឺស្វាមីនាងលោកអ៊ឹង សុខលី អគ្គនាយកទូរទស្សន៍ហង្សមាស និងអ្នកឧកញ៉ាអ៊ឹង ឆៃងួន អគ្គនាយកផលិតកម្មរស្មីហង្សមាសដែលមានន័យថាសុគន្ធកញ្ញា ចង់ឡើងឆាកតន្ត្រី និងចេញបទចម្រៀងពេលណាក៍បានដែរ ខណៈដែលពេជ្រ សោភា វិញចេះនិពន្ធនិងចេញបទចម្រៀងដោយខ្លួនឯងបន្ថែមពីលើបទផលិតកម្មទម្លាក់ឲ្យច្រៀង ស្របពេលដែលសួស វីសា វិញពេលខ្លះធ្វើបទចម្រៀងពីខាងក្រៅបន្ថែមពីបទនៅផលិតកម្មឲ្យដែរ ។ប៉ុន្ដែសម្រាប់សុគន្ធ និសា វិញក្រៅពីបានបង្ហាញក្ដីបារម្ភពីទីផ្សារចម្រៀងរបស់ខ្លួនធ្លាក់ចុះប្រាប់អ្នកកាសែតតាំងពីថ្ងៃទី២០ ខែមករា នោះពេលនេះនាងនៅតែគ្មានអន្ដរាគមន៍ពីអ្នកជំនាញសិល្បៈនៅក្រោយខ្នងដូចគេក្នុងការផលិតបទចម្រៀងវាយលុកទីផ្សារសារជាថ្មីឡើយ ពោលគឺបន្ដច្រៀងសម្ដែងដែលជាការរៀបចំពីផលិតកម្មទាំងស្រុងដូចមុន។ចំណែកមហាជនបានលើកឡើងថាសុគន្ធ និសា ហាក់ដូចជាបាត់ដៃស្ដាំក្រោយពីចែកផ្លូវពីលោកសុខ ជំនោរ ជាង១០ឆ្នាំមកនេះនាងគ្មានអ្នកនិពន្ធបទចម្រៀងផ្ទាល់ខ្លួនឲ្យច្រៀងដូចមុននោះទេ ហេតុនេះការរងចាំផលិតកម្មទម្លាក់បទចម្រៀងឲ្យច្រៀងដែលបច្ចុប្បន្នតារាហង្សមាសច្រើននាក់គឺត្រូវវិលជុំទម្រាំធ្លាក់ដល់បទនាងមានការយឺតយ៉ាវមិនអាចសម្រុកទីផ្សារចម្រៀងបានឡើយ ។ប៉ុន្ដែថៅកែហង្សមាសក៍មិនមើលរំលងនិសា ដែរព្រោះបានប្រគល់តួនាទីធំ២ឲ្យនាងអង្គុយនោះគឺធ្វើជាគ្រូបង្វឹគThe Voice Kids Cambodia និងគណៈកម្មការ Cambodian Idol Junior ដែលការចេញមុខពីកម្មវិធីធំៗទាំងនេះអាចជួយដល់នាងមិនឲ្យធ្លាក់ចុះខ្លាំងពេកបានខ្លះៗ ។តែក្នុងនាមជាតារាចម្រៀងនិសា បើនៅតែគ្មានបទផ្ទុះបែបនេះតទៅទៀតនោះពិបាកប្រជែងទីផ្សារចម្រៀង ឬប្រឈមបាត់បង់ក្នុងការក្សារតំណែងតារាលំដាប់ជូរមុខតទៅទៀតជាមិនខាន ដែលចំណុចនេះនាងខ្លួនឯងផ្ទាល់ក៍បានដឹងច្បាស់ តែបានព្យាយាមលួងចិត្តថាពេលនេះតារាចម្រៀងដែលស្ងប់ស្ងាត់មិនមែនតែរូបនាងម្នាក់ទេ ប៉ុន្ដែជាទូទៅ ព្រោះអ្នកសិល្បៈលែងពឹងលើអាជីពចម្រៀងតែមួយច្រកទៀតហើយគឺសឹងគ្រប់គ្នាងាកទៅរកស៊ីលក់តាមអ៊ឺវ៉ាន់តាមOnline បន្ថែមពីលើការច្រៀង។
មជ្ឈដ្ឋានមហាជនមើលឃើញថាក្រៅពីសុគន្ធ និសា តារាចម្រៀងនិងសម្ដែងផ្សេងទៀតដែលមានស្វាមីហើយក៍ពិបាកនឹងអាចរក្សារទីផ្សារសិល្បៈឲ្យដូចកាលនៅលីវបានណាស់ ព្រោះ”រលកក្រោយ ច្រានរលកមុន “ហេតុនេះទោះជានិសា ចង់ចេញបុកបទស្ទួនៗវាយលុកឡើងវិញក៍មិនប្រាកដថាអាចនាំមុខតារាវ័យក្មេងៗដែលមិនទាន់មានគ្រួសារដែរ ។ប៉ុន្ដែគេមើលឃើញថានិសា នៅឆ្នាំ២០២៤ នេះនាងនាងចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្ដថ្មីក្នុងការធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួលដូចជានាងងាកទៅសាកល្បងច្រៀងជាមួយតារាដែលមានវ័យក្មេងជាងខ្លួននោះគឺលោកសំ សុវណ្ណារ៉ាក់ ជាដើម ខណៈដែលជាទម្លាប់និសា មិនចង់ច្រៀងជាមួយតារាដែលមានអាយុតិចជាងខ្លួននោះទេ ។ប៉ុន្ដែក្រោយព្រាប សុវត្ថិ ចាកចេញពីហង្សមាសជាង៣ឆ្នាំនោះនិសា រកដៃគូច្រៀងឆ្លងឆ្លើយដែលសាកសមជាមួយខ្លួនអត់បានពិសេសគឺពេលចេញបទមរតកដើម។
អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធ និសា នឹងមិនចេញពីហង្សមាសជាលើកទី២នោះទេ ទោះជាពេលនេះអាជីពរបស់នាងកំពុងប្រឈមហានិភ័យក្ដី ព្រោះថៅកែហង្សមាសអាចនឹងឲ្យតំណែងធំថែមទៀតទៅនាងដើម្បីចងជើងតារាវ័យ៤១ឆ្នាំរូបនេះ ក្រោយផលិតកម្មធំនេះថ្លោះធ្លោយបណ្ដោយឲ្យតារាស្នូលសំខាន់របស់ខ្លួន២ដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ធ្លាក់ទៅកណ្ដាប់ដៃGalaxy ។សម្រាប់និសា វិញនៅតែអាចរកប្រាក់ចំណូលពីអាជីពសិល្បៈបានច្រើននៅឡើយតាមរយៈការច្រៀងពីបណ្ដារកម្មវិធីរបស់ក្រុមហ៊ុនAgency ទាំងឡាយ និងស្ពតពាណិជ្ជកម្ម រួមទាំងConcerts របស់ហង្សមាសហេតុនេះហើយបានជាគ្មានដំណឹងនាងចង់ទៅរស់នៅអាមេរិកឆាប់ៗឡើយ ។
គួរបញ្ជាក់ថាក្រៅពីពិបាកស្ដារទីផ្សារចម្រៀងឲ្យដូចដើមនោះអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា ក៍មិនទាន់សម្រេចផែនការណ៍ធំមួយទៀតដែរនោះគឺការពពោះយកកូនដំបូងបន្ទាប់ពីបានដឹកដៃលោកចៅ សម្បត្តិ អាណិកនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក រៀបការកាលពីឆ្នាំ២០១៧ និងបានរៀបគម្រោងយកកូនតាំងពីឆ្នាំ២០២១ តែនៅអត់បានដូចចិត្តនោះ។ប្រសិនបើនិសា បរាជ័យពពោះក្នុងឆ្នាំ២០២៤ នេះទៀតនោះអាចធ្វើឲ្យចំណងស្នេហានាងលែងសូវមានភាពកក់ក្ដៅ នឹងប្រឈមដូចមាស សុខសោភា រៀបការប្ដី១៦ឆ្នាំ អត់កូនដែរជាមិនខាន ៕