Wednesday, April 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមុខការទូតកម្ពុជា-ថៃ បញ្ជាក់ជាថ្មី ដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី

ប្រមុខការទូតកម្ពុជា-ថៃ បញ្ជាក់ជាថ្មី ដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី

ភ្នំពេញ ៖ នៅអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ប្រមុខការបរទេសកម្ពុជា និងប្រមុខការទូតថៃ បានជួបពិភាក្សាការងារជាមួយគ្នា ក្រៅផ្លូវការ លើស្ថានភាពព្រំដែន ការកសាងទំនុកចិត្តឡើងវិញ និងការបន្តដោះស្រាយជម្លោះដោយសន្តិវិធី ទោះបីស្ថានការណ៍នៅតែមានភាពតានតឹង ជាពិសេសពាក់ព័ន្ធនឹងគម្រោងលុបចោលកិច្ចព្រមព្រៀង MOU ដែនសមុទ្រ រវាងប្រទេសទាំងពីរ ដោយភាគីថៃ ជាឯកតោភាគី។

យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ( Ministry of Foreign Affairs and International Cooperation) នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន  រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយលោកស៊ីហាក់សាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ ។ ភាគីទាំងពីរ បានពិភាក្សាត្រង់ទៅត្រង់មក លើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ជាពិសេស ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)  កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែង រវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង ។

គួរបញ្ជាក់ថា ការជួបពិភាក្សាក្រៅផ្លូវការ រវាងប្រមុខការទូតកម្ពុជា និងប្រមុខការទូតថៃ បានធ្វើឡើងស្របពេលដែលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងមានភាពតានតឹងនៅឡើយ ក្រោយពីរដ្ឋាភិបាលថៃ បាននិងកំពុងត្រៀមលក្ខណៈដើម្បីលុបចោលជាឯកតោភាគី នូវកិច្ចព្រមព្រៀងស្តីពីដែនសមុទ្រត្រួតស៊ីគ្នា ឬ MOU ២០០១ ដែលមានយូរណាស់មកហើយ ជាមួយកម្ពុជា ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះ គ្មានប្រយោជន៍ ក្នុងការដោះស្រាយជម្លោះក្នុងដែនសមុទ្រជាមួយកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ចាត់ទុកគម្រោងលុបចោល MOU ២០០១ ជាឯកតោភាគី របស់ថៃ ជាការប៉ុនប៉ងមិនដោះស្រាយបញ្ហានៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ដែលស្របតាមការព្រមព្រៀងគ្នាកន្លងមក ស្តីពីការរៀបចំផ្នែកបច្ចេកទេស។

សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ ចក ១៤/២០២៦ កបទ.សអ ចុះថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ដីពីការឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MCU-2001) បានគូសបញ្ជាក់ថា ដូចដែលបានគូសបញ្ជាក់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿងគួរឱ្យសោកស្ដាយណាស់ ប្រសិនបើប្រទេសថៃ សម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ។ លើសពីការរៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រ យោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួម ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (CCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិផងដែរ។ លើលពីនេះ MO-2001 តំណាងឱ្យសុច្ឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។ ការដកខ្លួនដោយឯកតោភាគី របស់ប្រទេសថៃ ចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះ ហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជា  នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេ ចំពោះខ្លឹមសារនិងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈនិងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគ យល់គ្នានេះ សម្រេចបាន កាលពីឆ្នាំ២០០១។

ទោះបីយ៉ាងណា បើតាមរដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាក់សាក់ ភួងកេតកែវ  រដ្ឋាភិបាលថៃ អាចនឹងមានការរៀបចំដំណោះស្រាយផ្សេង ដើម្បីមកជំនួស MOU ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងថៃ ៕ កុលបុត្រ

RELATED ARTICLES