ខេត្តព្រៃវែង ៖ កូនកំលោះម្នាក់នៅសល់តែរយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេល វេលាត្រូវចូលរោងការទៅហើយ ស្រាប់តែ សម្រេចចិត្តចងកបញ្ចប់ជីវិត ស្លាប់ចោលកូន- ក្រមុំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយកើត ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះវុន វីរៈ អាយុ២៧ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះហិន លន ត្រូវជា ម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ជិតដល់ថ្ងៃត្រូវចូលរោងការទៅហើយ ពោល គឺនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ នៅមុន ពេលកើតហេតុ កាលពីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ កូនប្រុសរបស់គាត់ បានចូលដេក តាមធម្មតា មិនឮនិយាយស្តី ឬត្អូញត្អែរពីរឿង អ្វីសោះឡើយ ចំណែកគាត់ជាម្តាយ ក៏មិនបាន ចាប់អារម្មណ៍ និងនឹកស្មានដល់ថា កូនប្រុសអាច នឹងគិតខ្លីដល់ថ្នាក់សម្លាប់ខ្លួនបែបនេះសោះ។
ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា លុះមក ដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅពេលក្រោកពីដំណេក ស្រាប់តែ បាត់ មិនឃើញកូនប្រុស ទើបគាត់នឹកឆ្ងល់ ក៏ ចេញដើររក ស្រាប់តែប្រទះឃើញកូនប្រុសបាន ចងកស្លាប់នៅក្នុងផ្ទះបាយបាត់ទៅហើយ មិន ដឹងជាក្រោកមកចងកស្លាប់តាំងពីថ្មើរណា។
ស្ត្រីជាម្តាយជនរងគ្រោះ បញ្ជាក់ថា គាត់ មិនដឹងថា កូនប្រុសរបស់គាត់មានវិបត្តិផ្លូវចិត្ត រឿងអ្វីនោះទេ ព្រោះពិធីមង្គលការជិតចូលមក ដល់ទៅហើយ ដោយក្រុមគ្រួសារទាំងសងខាង បាននាំគ្នាចាត់ចែងរួចរាល់ជាស្រេច តាំងពីកក់ ភ្លេងភ្លាត់ ភ្នួងសម្អាងការ តុម្ហូប ព្រមទាំងបាន ដើរអញ្ជើញភ្ញៀវរួចរាល់ទៀតផង ស្រាប់តែជិត ដល់ថ្ងៃចូលរោងការទៅហើយ កូនប្រុសបែរ ជាសម្រេចចិត្តចងកសម្លាប់ខ្លួនទៅវិញ ធ្វើឱ្យ គាត់គិតមិនយល់សោះ។ អ្វីដែលគាត់នឹកសង្ស័យ គឺកូនប្រុសទំនងជាអន់ចិត្តនឹងរឿងជំងឺប្រចាំ- កាយរបស់ខ្លួន ព្រោះគេមានជំងឺតម្រងនោម (នោមច្រើន នោមញឹកញាប់ណាស់)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើខ្សែគោចងកភ្ជាប់នឹង ធ្នឹមផ្ទះបាយ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕