ភ្នំពេញ ៖ អ្នកកាសែតយុវជន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូច កាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចច្រកចូលឌឿងហែមក្រោយនិងក្រុមហ៊ុនឃ្យូប៊ី ភូមិ៤ ក្រុម៣២ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ យន សេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកកាសែតយុវជន
ស្នាក់នៅផ្ទះជួល ក្រោយនិងក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ដកហូតថ្នាំក្រាមពណ៌សថ្លាចំនួន១កញ្ចាប់តូច ដែលជនសង្ស័យទិញក្នុងតម្លៃ១៥០០០រៀល ។
តាមសំដីសមត្ថកិច្ច បាននិយាយថា ពួកគាត់កំពុងតែល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពេលក៍ប្រទះឃើញជនសង្ស័យខាលើឈររេរាគួរឲ្យសង្ស័យកម្លាំងសមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យនិងឆែកឆេរ ស្រាប់តែជនសង្ស័យបានទំលាក់ថ្នាំក្រាមពណ៌សថ្លាមួយកញ្ចប់តូចចោលកែ្បរខ្លួន ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានទៅទិញថ្នាំញៀនពីបុរសម្នាក់នៅខាងក្រោយក្រុមហ៊ុនឃ្យូប៊ី ក្នុងតម្លៃ១៥០០០រៀល គោលបំណងយកទៅប្រើប្រាស់តែម្នាក់ឯងនៅផ្ទះជួលរបស់ខ្លួនតែមិនទាន់បានប្រើប្រាស់ផងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តងទៅ ។ ប្រភពដដែលបានបន្តទៀត រូបគាត់មិនមែនប្រើប្រាស់ជាប្រចាំនោះទេ គឺគាត់ចង់ប្រើប្រាស់នៅពេលដែលគាត់ស្រវឹងស្រាតែប៉ុណ្ណោះ។
ក្រោយពេលសាកសួររួចជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្ត ៕
ណន រ៉ាត់