តាមប្រភពព័ត៌មានប៊ី-ស៊ី-ស៊ី ចេញផ្សាយកាលពីថ្ងៃពុធទី 8 កុម្ភៈ ២០១៧ បានឲ្យដឹងថា កីឡាករខ្សែការពារក្លឹប Bayern ដែលពោពេញទៅដោយបទពិសោធន៍ Philipp Lahm បានប្រកាសថាលោកនឹងចូលនិវត្តន៍ពីពិភពបាល់ទាត់នៅដំណាច់រដូវកាលនេះ ។
ការសម្រេចចិត្តរបស់កីឡាករវ័យ៣៣រូបនេះ បានធ្វើឡើងបន្ទាប់ពីជួយក្រុមរបស់លោកយកឈ្នះ ក្រុម Wolfsburg ក្នុងការប្រកួតបាល់ទាត់អាល្លឺម៉ង់ខាប់ វគ្គ១៦ក្រុម កាលពីរាត្រីថ្ងៃអង្គារទី៧ កុម្ភៈ កន្លងទៅនេះ។
កីឡាករ Lahm បាននិយាយថា៖’’ បើទោះបីសុខភាពរបស់ខ្ញុំអាចនៅបន្តលេងបានទៀតក៏ដោយ តែខ្ញុំនឹងមិនបន្តអាជីពនេះតទៅទៀតទេ។ ខ្ញុំនឹងចូលនិវត្តន៍ពីក្លឹប Bayern បន្ទាប់ពីចប់រដូវកាលនេះ’’។
ជាមួយនឹងការប្រកាសចូលនិវត្តន៍នេះដែរ កីឡាករខ្សែការពារដ៏ឆ្នើបរូបនេះមិនទាន់បង្ហើបឲ្យដឹងថា លោកនឹងចាប់អាជីពអ្វីនៅឡើយទេ។
នៅជាមួយក្លឹបយក្សនៅអាល្លឺម៉ង តាំងពីឆ្នាំ២០០២ រហូតមកដល់ពេលនេះ ធ្លាប់ស៊ុតបាល់បាន១២គ្រាប់ ក្នុងការបង្ហាញវត្តមាន៣២០ប្រកួត ។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់វិញ គឺស៊ុតបាល់បាន៥គ្រាប់ ក្នុងការបង្ហាញវត្តមាន១១៣ប្រកួត។ សមិទ្ធផលធំៗកន្លងមកគឺ ធ្លាប់ឈ្នះ ពានរង្វាន់បាល់ទាត់ពីភពលោកចំនួន១ ពានឆេមពានលីក១ ពានអាល្លឺម៉ង់ខាប់៦ និងពានរង្វាន់អាល្លឺម៉ង់ប៊ុនដេស្លីហ្គា ចំនួន៧ផងដែរ។
ដោយ៖ ហេង ដេត