ទីផ្សារទូរស័ព្ទ
ចិន៖ ក្រុមហ៊ុនស្រាវជ្រាវ IDC បានឲ្យដឹងថាការលក់ទូរស័ព្ទស្មាតហ្វូនរបស់ចិនបានកើនឡើងជិត៩%ពីមួយឆ្នាំទៅមួយឆ្នាំស្របពេលដែលអតិថិជនប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តកាន់តែច្រើនហើយតម្រូវការចំពោះការថតសែលហ្វីក៏កើនឡើងទៀតផង។
ក្រុមហ៊ុនស្រាវជ្រាវដទៃទៀតបានថ្លែងថាបណ្តាអ្នកលក់ទូរស័ព្ទចិនធំៗបានពង្រីកផ្សារហ៊ុនរបស់ខ្លួនធំជាងមុនកាលពីឆ្នាំទៅ ជាកំណើនទីផ្សារក្នុងស្រុកដែលអាចទទួលយកបានចំពោះយីហោទូរស័ព្ទចិន ។
យោងតាមក្រុមហ៊ុន IDC ឬក្រុមហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឲ្យដឹងថាយីហោក្រុមហ៊ុនទូរស័ព្ទ៤របស់ចិនមាន Oppo , Huawei , Vivo និង Xiaomi បានពង្រីកផ្សារហ៊ុន៥៧%ក្នុងឆ្នាំ២០១៦ កើនពីអត្រា៤៦%ក្នុងឆ្នាំ២០១៥ ។ ប៉ុន្តែយីហោ Apple ជាប់លំដាប់ថ្នាក់លេខរៀងទី៤ លើទីផ្សារទូរស័ព្ទស្មាតហ្វូនក្នុងស្រុករបស់ចិនក្នុងឆ្នាំ២០១៦ ដែលធ្លាក់ចុះ២៣%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការលក់ឆ្នាំ២០១៦ ។
កំណើននេះផ្អែកលើកម្មវិធីទូរស័ព្ទចល័តដែលបានជំរុញដល់អ្នកប្រើប្រាស់ធ្វើការ Upgrade ទូរស័ព្ទរបស់ពួកគេ ។ តម្រូវការស្រដៀងគ្នានេះដែរត្រូវបានគេមើលឃើញថាសម្រេចបាននៅក្នុងបណ្តាទីក្រុងអ្នកចំណូលខ្ពស់ច្រើន ក្នុងនោះយីហោ Oppo និង Vivo ពង្រីកកំណើនលក់ដោយទូរស័ព្ទស្មាតហ្វូនធុនកណ្តាល។
លោក Tay Xiaohan អ្នកវិភាគរបស់ក្រុមហ៊ុន IDC បានថ្លែងថាយីហោ Xiaomi ដែលធ្លាប់តែផ្តោតសំខាន់លើការលក់តាមអនឡាញ បានបើកស្តង់លក់ខាងក្រៅក្នុងឆ្នាំ២០១៦ ។
ក្នុងឆ្នាំ២០១៦ ការលក់ទូរស័ព្ទស្មាតហ្វូនលើពិភពលោកសម្រេចបាន១,៥ប៊ីលានគ្រឿងដែលក្នុងនោះ៥៨%គឺជាយីហោទូរស័ព្ទចិន Huawei , Oppo , Vivo និងGionee ។ យីហោ Gionee ជាអ្នកស្ថិតនៅក្រៅបញ្ជីលក់ដាច់ជាងគេលំដាប់កំពូលទី៥ដែលបង្ហាញឲ្យឃើញពីកំណើនលក់ដ៏ល្អក្នុងឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា