ភ្នំពេញ ៖ កញ្ញា ភឹម ស្រីនោ កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ២០២៣ (Miss Grand Cambodia 2023) បានប្រតិកម្មនឹងបុរសម្នាក់ ដែលបានរិះគន់វាយប្រហារថា ស្បែកយារដូចមនុស្សស្រីមានកូន៤-៥នាក់ និងថែមទាំងហៅនាងថា «បវរកញ្ញាគីង្គក់» ទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ កញ្ញា ភឹម ស្រីនោ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា «កុំជឿជាក់ខ្លាំងពេក រហូតមើលមកអ្នកដទៃដូចមិនស្មើខ្លួន ធ្វើអ្វីក៏ដោយ កុំលើសពេក រៀនមើលមុខ មើលក្រោយខ្លះផង តម្លៃពិត គឺគេមើលលើមារយាទ និងសម្តី»។
បន្ទាប់ពីបានឃើញសំណេររបស់កញ្ញា ភឹម ស្រីណូ ខាងលើនេះ បុរសម្នាក់ ឈ្មោះ ស្រុច ផានេត ប្រើគណនីហ្វេសប៊ុក ឈ្មោះ «Phanet Sroch» បានចូលទៅបញ្ចេញយោបល់ (Comment) ថា «តែកុំភ្លេចមើលរូបរាងខ្លួនឯងផង បវរកញ្ញាស្អី សាច់ឲ្យដូចគីង្គក់ ខំយកស្បៃបាំងយ៉ាងណា ក៏បាំងមិនជិតដែរ សាច់ដូចមនុស្សមានកូន៤-៥ ធាត់ក៏ធាត់ យារក៏យារ ត្រលប់ទៅមើលការដើររបស់ខ្លួនឯងផង បវរកញ្ញាគីង្គក់»។
ក្រៅពីការរិះគន់ខាងលើ បុរសដដែល ក៏បានរិះគន់កញ្ញា ភឹម ស្រីនោ ចំពោះការស្លៀកពាក់ឈុតនៅក្នុងព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងបង្ហាញសម្លៀកបំពាក់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌មួយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ផងដែរ ដោយបុរសរូបនោះ បានសរសេរថា «ចែនោ ស្លៀកពាក់ប្លែកៗចឹង ខ្លាចគេឃើញថាចែនោ ធាត់មែនចែ? រក្សារាងផងចែនោ យើងជាបវរកញ្ញាផង មកហើមពេកក៏មិនកើតដែរ ងាកទៅមើលអាយដល ពេជ្រ វត្តី មើលនៅតែអេមគ្រប់យ៉ាង ។ មិនមែនជាន់ពន្លិចទេ តែចង់ឲ្យកែតម្រូវ រូបរាងស្អាត ពេលខ្លះផលិតផលក៏ដាច់ រកលុយបានតាមហ្នឹង»។
ជាប្រតិកម្មឆ្លើយតបនឹងការខម្មិនរិះគន់ខាងលើនេះ កញ្ញា ភឹម ស្រីនោ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា «តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែលចំពោះខំមិនបែបនេះ? កុំអាងតែមាន Facebook មួយ ក្លាយជាអ្នករិះគន់គេមើលងាយគេ ក្លាយជាអ្នកវិភាគ អ្នកកាត់ក្ដីគេ រត់តាមហេតុការណ៍ ឲ្យតែឃើញ មិនចាំថារឿងហេតុមកពីអ្វី ល្អឬអាក្រក់ទេ ប្រើអារម្មណ៍អគតិរបស់ខ្លួន វាយប្រហារគេ គ្រប់យ៉ាងមានដែនកំណត់»។
ជុំវិញការរិះគន់របស់បុរសម្នាក់ខាងលើនេះ សម្រាប់លោកស្រី ចន ច័ន្ទលក្ខិណា តារាសម្តែង និងជាអតីតប្រ ធានសមាគមសិល្បករខ្មែរ បានបញ្ចេញសារលើកទឹកចិត្តដល់កញ្ញាឯក ភឹម ស្រីនោ ថា កុំខ្វល់ជាមួយមនុស្សមាត់ស៊ីលាមកអី សម្រាប់លោកស្រី ចាត់ទុកថា កញ្ញាពិតជាមានរូបសម្រស់ស្អាត ចរិតល្អ ស្លូតគួរឲ្យស្រឡាញ់។
លោកស្រី ចន ច័ន្ទលក្ខិណា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា «កុំខ្វល់ជាមួយមនុស្សមាត់ស៊ីលាមកអូន សម្រាប់បង អូនស្អាត ចរិតក៏ល្អ ស្លូត មិននិយាយស្តីច្រើន គោរពមនុស្សទូទៅទាំងក្នុងនិងក្រៅ»៕ ខៀវទុំ