ភ្នំពេញ៖មុននេះតារាសម្ដែងលោកណាវ៉ាត់ត្រា បានចេញមុខសរសើរពីស្នាដៃអ្នកដឹកនាំសម្ដែងលោកយ៉ាត់ ជាតិ នៅផលិតកម្មថោន ថាជាផ្នែកមួយធ្វើឲ្យលោកទទួលបានបទពិសោធន៍ច្រើនពីអាជីពសិល្បៈ ហើយស្រាប់តែពេលនេះលោកបានចេញមុខលើកពីគុណសម្បត្តិរបស់អ្នកដឹកនាំម្នាក់ទៀតនោះគឺលោកវ៉ាត លីម៉េង អតីតអ្នក ដឹកនាំថោន និងបច្ចុប្បន្នជាអ្នកដឹកនាំសម្ដែងMV នៅGalaxy ។
នៅលើបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនលោកណាវ៉ាត់ត្រា បានលើកយកពីបទ”ប្រពន្ធក្បត់ “ដែលលោកសម្ដែងជាមួយស្រីស្រស់គឹម ស៊ីវឡាម ហើយមានឈុតឆាកពិសេសៗដែលមើលទៅរាងរោលរាល និងក្ដៅសាច់បន្ដិចដូចជាលោកលេងឈុតអោបថើបស៊ីវឡាម យ៉ាងតក់ក្រហល់ ធ្វើឲ្យកីឡាករលោកបឺត សង្ឃឹម ជាប្ដីនាងស៊ីឡាម ចុកឈាមជាដើម ។ដោយសារតែបទនេះមានការចែករំលែក(Share) និងViews ច្រើន ទើបលោកណាវ៉ាត់ត្រា មិនភ្លេចគុណដល់អ្នកដឹកនាំសម្ដែងលោកវ៉ាត លីម៉េង ឡើយ ព្រោះលោកយល់ថាឈុតឆាកទាំងអស់នោះហើយធ្វើឲ្យទស្សនិកជនស្គាល់លោកច្រើនថែមទៀត ហើយជាការរៀបចំជាសាច់រឿងឡើងរបស់អ្នកដឹកនាំសម្ដែងខារ៉ាអូខេ ម្នាក់នោះ ។
គួរបញ្ជាក់ថាលោកចាន់ស៊ី ណាវ៉ាត់ត្រា ដែលមានប្រវត្តិកម្សត់តស៊ូក្នុងសិល្បៈមកពីខេត្តបាត់ដំបងមករស់នៅភ្នំពេញជាច្រើនឆ្នាំមកហើយ ដែលក្រៅពីការងារសិល្បៈលោកក៍ឆ្លៀតធ្វើការជាមេការខារ៉ាអូខេ នៅហាងមួយដែរដែលធ្វើឲ្យមិត្តរួមអាជីពសរសើរពីការដាក់ខ្លួនរបស់លលោក។តារាដែលកំព្រាឪពុកតាំងពីតូចរូបនេះបានលេចមុខមាត់ច្រើននាចុងក្រោយនេះតាមរយៈការថតMV ឲ្យថោន និងថ្មីៗនេះលោកទើបបានថត២បទឲ្យផលិត កម្មភី ផងដែរ បន្ទាប់ពីលោកត្រូវថៅកែផលិតកម្មមួយនេះគឺលោកផន ចាន់ណា ផ្ដល់សេចក្ដីទុកចិត្តឲ្យលោកធ្វើជំនួយការរបស់លោក និងឲ្យសិទ្ធលោកអាចជ្រើសរើសតារាសម្ដែងប្រុសស្រីដែលស្រលាញ់វិស័យសិល្បៈ តែត្រូវផលិតកម្មផ្សេងមើលរំលងនោះអាចបញ្ចេញនូវសម្ថភាពនៅផលិតកម្មមួយនេះបាន។
លោកណាវ៉ាត់ត្រា ថាលោកពេញចិត្តនិងតួនាទីថ្មីនេះណាស់ ព្រោះលោកនឹងបានបទពិសោធន៍ថ្មីៗបន្ថែមពីលើការសម្ដែង ។ប៉ុន្ដែលោកនៅតែទទួលការថតសម្ដែងភាពយន្ដ ,MV និងស្ពតឲ្យផលិតកម្មទាំងឡាយដូចមុនដដែល ពិសេសសង្ឃឹមថានឹងបានរួមការងារថ្មីជាមួយលោកលីម៉េង ម្ដងទៀតផងដែរ ៕