Sunday, November 24, 2024
Homeតារាខ្មែរអ៊ីវ៉ា ឧកញ៉ាចង់ចូលចែចូវ

អ៊ីវ៉ា ឧកញ៉ាចង់ចូលចែចូវ

អ៊ីវ៉ា ដែលមានសាច់កាន់តែសខ្ចីរលើបរលោងម៉ដ្ឋខៃទៅៗនោះ ត្រូវឪពុកនាង លោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា កាន់តែប្រុងប្រយ័ត្ន និងការពារកូនស្រីលើសដើម ព្រោះតែមានព័ត៌មានថា មន្ត្រីធំៗកាន់តែច្រើនតាមស្នេហ៍ស្រីស្រស់វ័យក្មេងរូបនេះ ក្នុងនោះ មានទាំងលោកឧកញ៉ាម្នាក់ ចង់ចូលចែចូវ ដើម្បីបញ្ចប់ក្តីសុបិន្តរបស់លោកថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប លោក “ប” ទៀតផង។

ការដែលស្រីក្មេងអ៊ីវ៉ា កាន់តែមានមន្តស្នេហ៍មិនធម្មតា ធ្វើឱ្យមន្ត្រីធំៗជ្រួលជ្រើមបែបនេះ ក្រោយពីអ៊ីវ៉ា បង្ហាញឱ្យគេឃើញពីបេះដូងនាងនៅទំនេរ មិនពាក់ព័ន្ធស្នេហ៍ជាមួយលោកថៅកែ “ប” ឡើយ ហើយថែមទាំងបដិសេធការផ្សះផ្សាស្នេហ៍ទៀតផង ទើបនាំឱ្យប្រុសៗជាច្រើនអន្ទះសារង់ចាំត្រងស្នេហ៍នាងអ៊ីវ៉ា ពីប្អូនលោកផ្កាយ៣នោះ។ ប៉ុន្តែ ឪពុកអ៊ីវ៉ា បាននិយាយមុននេះថា មិនមែនទើបតែពេលនេះទេ ដែលលោកមានការតាមជាប់ជាមួយកូនស្រីនោះ គឺយូរហើយ រហូតគេហៅលោកថា ជាអង្គរក្សអ៊ីវ៉ា ទៀតផង។

ដោយឡែក រឿងមានមន្ត្រីធំៗតាមស្រលាញ់អ៊ីវ៉ា កាន់តែច្រើននោះ លោកអ៊ូ រ៉ាវ សារភាពថា ប្រាកដជាមានមែន តែលោកថា សម័យនេះ ល្អហើយ ព្រោះគ្មានអ្នកណាទៅបង្ខំយើងទេ គឺស្រេចតែយើងខ្លួនឯងទេ ហើយលោកជឿជាក់លើកូនស្រីលោកថា មិនភ្លើតភ្លើនតាមសម្ភារៈអូសទាញឡើយ។

អ៊ីវ៉ា មិនត្រឹមតែមានប្រុសៗតាមចែចង់ញ៉ែធម្មតាៗនោះទេ តែក៏មានអ្នកចង់ចូលចែចូវស្តីដណ្តឹងនាងធ្វើជាប្រពន្ធដែរ ហើយឪពុកនាងក៏បានបង្ហើបមុននេះថា រឿងគូស្រករកូនស្រី គឺទុកឱ្យកូនជាអ្នកសម្រេចចិត្តចុះ តែលោកក៏មិនឈរឱបដៃមើលដែរ គឺនៅពីក្រោយកូនជានិច្ច។

តាមព័ត៌មានបានឱ្យដឹងថា អ៊ីវ៉ា ពេលនេះមិនត្រឹមតែព្យាយាមគេចមុខពីលោកថៅកែ “ប” នោះទេ គឺថែមទាំងផ្តាច់ទំនាក់ទំនងតាមទូរស័ព្ទទៀតផង ដោយលោកថៅកែទូរស័ព្ទមកយ៉ាងណា ក៏នាងមិនលើកឡើយ ហើយថែមទាំងបានប្តូរលេខថ្មីជាបន្តបន្ទាប់ទៀតផង ទើបធ្វើឱ្យលោកថៅកែទ្រព្យស្តុករូបនោះ ហាក់អស់ឱកាសសាសងជាមួយតារាសាច់សខ្ចីរូបនេះទៀតហើយ។

ប្រភពបានបន្តថា នាងអ៊ីវ៉ា កំពុងត្រូវបានលោកឧកញ៉ាក្មេងម្នាក់ ដែលមិនទាន់មានប្រពន្ធកូននោះ សុំចូលចែចូវស្តីដណ្តឹងនាងធ្វើជាប្រពន្ធ ហើយប្រសិនបើស្រីនាថ ព្រមនោះ តារាចម្រៀងវ័យក្មេងរូបនេះ នឹងក្លាយជាជំទាវភ្លាមតែម្តង ព្រោះតែលោកឧកញ៉ារូបនោះ ស្រលាញ់អ៊ីវ៉ា ខ្លាំងណាស់ ហើយនៅក្នុងកម្មវិធីខួបកំណើតរបស់តារាសម្តែងល្បីម្នាក់នេះ លោកឧកញ៉ានោះ ថែមទាំងលើករូបថតនាងអ៊ីវ៉ា ក្នុងទូរស័ព្ទ ហើយហៅថា “Honey” ទៀតផង ទើបធ្វើឱ្យតារាជាច្រើនបានចាប់អារម្មណ៍ ហើយសួរទៅលោកឧកញ៉ានោះថា តើនាង (អ៊ីវ៉ា) ស្រលាញ់លោកឧកញ៉ាឬអត់? តែបុរសដែលជិះឡានទំនើបម៉ាក Audi នោះមិនឆ្លើយឡើយ ហើយបែរជាថា ខ្លាចអ្នកកាសែតចុះទៅវិញ…។

ក្រុមតារាសិល្បៈជាច្រើនបានលើកឡើងថា មើលទៅលោកឧកញ៉ាដែលចង់ថ្នមថែបេះដូងនាងអ៊ីវ៉ា នោះ ប្រហែលជាមានចេតនាចង់បញ្ចប់ក្តីសុបិនលោកថៅកែ “ប” ហើយមើលទៅ បានជាដើរប្រាប់គេថា អ៊ីវ៉ា ជាបណ្តូលចិត្តរបស់លោក ទាំងគេមិនដែលទាំងឃើញលោកបានបណ្តើរអ៊ីវ៉ា ម្តងណាឡើយ។

អ៊ីវ៉ា ដែលអាចក្លាយជាជំទាវតូច ប្រសិនបើនាងព្រមស្នេហ៍លោកឧកញ៉ានោះ ហាក់មានអារម្មណ៍ច្របូកច្របល់ ព្រោះតាមព័ត៌មានថា លោកឧកញ៉ានោះ មានស្រីតោងស្នេហ៍ច្រើន ហើយថែមទាំងប្រចណ្ឌ ទើបធ្វើឱ្យស្រីនាថ មិនចង់ប្រថុយឡើយ ព្រោះខ្លាចប៉ះស្នេហ៍ដូចលើកមុនទៀត ហើយពេលនេះ នាងចង់បុកទៅលើចម្រៀងច្រើនជាងស្នេហា។

មហាជនរង់ចាំមើលថា ស្រីក្មេងនាងអ៊ីវ៉ា ព្រមបើកបេះដូងទទួលស្នេហ៍លោកឧកញ៉ានោះឬយ៉ាងណា? ព្រោះពេលនេះ លោកឧកញ៉ានោះតាមស្នេហ៍នាង យ៉ាងប្រកិត ជាងលោកថៅកែទៅទៀត…៕

RELATED ARTICLES