ភ្នំពេញ៖ជិត៣ឆ្នាំហើយដែលអ្នកមេម៉ាយរូបស្រស់សុខ សោម៉ាវត្តី នៅតែលឹបលៗ រឿងស្នេហាថៅកែហាងថតរូបម្នាក់ បើទោះជាបុរសវ័យចំណាស់រូបនោះចង់បើកស្នេហ៍ជាសាធារណៈជាយូខែមកហើយក្ដី ក៍វត្តី នៅតែព្យាយាមលាក់។ពិតណាស់វត្តី និងបុរសកូនកាត់ចិនរូបនេះអាចមិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%នៅឡើយ ទើបបានជានាងមិនហ៊ានបើកចំហស្នេហ៍បែបនេះ ដែលធ្វើឲ្យប្រុសផ្សេងៗទៀតនៅតែចង់ឆក់យកបេះដូងអ្នកមេម៉ាយធ្វើជាកំណាន់ចិត្ត ព្រោះថៅកែមិនទាន់ក្លាយទៅជាប្ដីពេញច្បាប់របស់នាងឡើយ ។ប៉ុន្ដែខ្លះបែជាសង្ស័យថាមកពីវត្តី នៅមិនទាន់ដាច់អាល័យប្រុសក្មេងវ៉ាហេទ ទៅវិញបានជានាងមិនដាច់ចិត្តបើកដៃឲ្យថៅកែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយនាងជាច្រើនខែមកនេះ ។
សុខ សោម៉ាវត្តី បានផ្ដាច់ស្នេហ៍ពីប្រុសក្មេងលី លីហេទ យ៉ាងស្ងៀមស្ងាត់បំផុតកាលពីដើមឆ្នាំ២០២២ ធ្វើឲ្យតារាពីមុនធ្លាប់តែជាអ្នកគាំទ្រក្រុមបាល់ទាត់ដែលគូស្នេហ៍ចាស់នាងលេងជាកីឡាករខ្សែការពារម្នាក់នៅក្រុមជម្រើសជាតិនោះ ពេលនេះគេមិនដែលឃើញវត្តី សកម្មក្នុងការទៅមើលបាត់ទាត់ដូចមុនៗទៀតនោះទេ តែនាងបែជាចូលចិត្តតាមដានក្រុមបាល់ទាត់នៅលីកកំពូលរបស់អង់គ្លេសទៅវិញ ។ប្រភពបានឲ្យដឹងថាវត្តី និងវ៉ាហេទ រក្សារកិត្តិយសឲ្យគ្នារៀងៗខ្លួនតាមរយៈការមិនដែលចេញមុខបកស្រាយ ហែកហួរគ្នាឬLive ពីមូលហេតុនៃការបែកបាក់នោះព្រោះតែអ្នកទាំងពីរមិនចង់យកគ្នាជាសត្រូវ ខណៈពេលនេះម្នាក់ៗសុទ្ធតែមានម្ចាស់ចិត្តថ្មីរៀងៗខ្លួនអស់ទៅហើយ ។
គួររំលឹកថាសុខ សោម៉ាវត្តី បានធ្លាយរឿងមានស្នេហ៍ថ្មីជាមួយម្ចាស់ហាងថតរូបអាពាហ៍ ពិពាហ៍ ដ៍ធំមួយកាលពីពាក់កណ្ដាលឆ្នាំ២០២២ តាមរយៈថៅកែប្រកាសស្នេហ៍នាងនៅលើស្ទ័រីហ្វេសបុក ហើយបុរសសាច់ដុំធំៗរូបនោះបានបណ្ដើរនាងទៅតាមបណ្ដារកម្មវិធីមួយចំនួនរបស់មិត្តភក្ដិលោកទៀតផង។ប៉ុន្ដែសកម្មភាពទាំងនោះត្រូវបានបញ្ចេញតែភាគីថៅកែប៉ុណ្ណោះ ខណៈវត្តី បែជានៅស្ងៀមស្ងាត់ និងច្រើនតែDrama នៅលើបណ្ដាញសង្គមថានាងគ្មានគូដូចគេទៅវិញ ។ប្រភពបានឲ្យដឹងថាសោម៉ាវត្តី នៅមានជម្រើសស្នេហាច្រើនដោយសារតែមានទាំងប្រុសខ្មែរ និងអាណិកជនខ្មែរនៅបរទេស ចង់ធ្វើជាប្ដីនាង ដែលចំណុចនេះហើយក៍ជាមូលហេតុមួយផ្សេងទៀតនៃការពន្យាពេលបើកចំហរឿងស្នេហាថ្មីរបស់នាងជាមួយម្ចាស់ហាងថតរូបនោះដែរ ព្រោះនាងមិនចង់បិទផ្លូវខ្លួនឯង ហើយប្រសិនរឿងស្នេហានាងជាមួយថៅកែមានការក្រឡាប់ចាក់នោះរូបនាងនៅតែគ្មានគេសើចចំអក ឬពេបជ្រាយ និងហៅថាជាតារាអភ័ព្វស្នេហានោះទេ ។តែមិត្តភក្ដិបានជម្រុញឲ្យវត្តី រៀបការជាលើកទី២ ដើម្បីគេចផុតពីការប្រឈមស្នេហាប្រេះស្រាំដូចស្នេហាវ៉ាហេទ បើទោះជានាងធ្លាប់ប្រាប់អ្នកកយកព័តមានយើងថាអត់ចង់រៀបការជាថ្មី សុខចិត្តសាងស្នេហ៍ដោយមិនបើកចំហក៍ដោយ ។
សុខ សោម៉ាវត្តី បានប្រើជីវិតជាស្រ្ដីម៉ាយ១០ឆ្នាំគត់ ក្រោយនាងលែងប្ដីលោកទូច ដាណារ៉ា ឆ្នាំ២០១៤ ខណៈដែលពេលនេះកូនស្រីរបស់នាងឈ្មោះចាស្មីន ពេញវ័យជំទង់ទៅហើយ ។អំឡុងពេលដែលវត្តី នៅមិនច្បាស់លាស់រឿងស្នេហ៍ថៅកែនេះនាងក៍រយាលៗពីអាជីពសម្ដែង ពោលគឺមិនទាន់ចេញមុខថតជាតួឯកក្នុងរឿងធំណាមួយឡើយ ដោយផ្ដោតតែMC នៅបាយ័នមួយច្រកប៉ុណ្ណោះ ។ប្រសិនបើវត្តី នៅតែស្រពិចស្រពិលរឿងស្នេហាថ្មីបែបនេះនោះជីវិតជាស្រ្ដីមេម៉ាយសម្បូរមន្ដស្នេហ៍របស់នាង ប្រាកដជាពិបាកគេចពីអន្ទាក់ស្នេហាមន្រ្ដីធំមួយចំនួនដែលតាមឆ្វែលនាងជាមិនខាន ។
ក្រៅពីសុខ សោម៉ាវត្តី តារាដែលជ្រើសផ្លូវសាងស្នេហាដោយមិនបើកចំហនៅឆ្នាំ២០២៤ មានដូចជាសុខ ពិសី ,រ៉េត ស៊ូហ្សាណា ,វី ឌីណែត ,និងតន់ ច័ន្ទសីម៉ា ជាដើម ។ដោយឡែកតារាដែលនៅតែមានទីផ្សារសិល្បៈល្អដូចវត្តី ក្រោយលែងប្ដី មានដូចជាកែវ និសា ,ពេជ្រ សូលីកា និងពេជ្រ សោភា …៕