Tuesday, October 22, 2024
Homeតារាខ្មែរដួង វីរៈសិទ្ធ ៖ធ្វើថៅកែខ្លួនឯង

ដួង វីរៈសិទ្ធ ៖ធ្វើថៅកែខ្លួនឯង

ភ្នំពេញ៖ដួង វីរៈសិទ្ធ ដែលធ្លាប់ច្រៀងតាមហាង ,Pub ជាច្រើនឆ្នាំ នាពេលរាត្រីនោះ​ពេលនេះ​លោក​បានវិវត្តន៍ខ្លួនទៅជាម្ចាស់វង្សភ្លេងផ្ទាល់ខ្លួនមានឈ្មោះថា”ដួង វីរៈសិទ្ធ តន្រ្ដី “ដើម្បីបម្រើ​ដល់សេវាកម្មកម្សាន្ដទូទាំងខេត្តក្រុងដែលលោកនឹងរៀបចំអ្នកចម្រៀងទៅតាមប្រភេទម្ចាស់កម្មវិធីកុម្មង់។នេះជាការឈានមួយជំហានទៀតរបស់អតីតតារាចម្រៀងផលិតកម្មមហាហង្ស និង​ហង្សមាស ដែលកែប្រែជីវិតពីច្រៀងឲ្យគេទៅជាធ្វើថៅកែខ្លួនឯង បើទោះជាលោក​នៅតែ​ចេញ​ច្រៀងតាមបណ្ដារកម្មវិធីរបស់ក្រុមហ៊ុនAgency ផ្សេងៗទៀតដូចជាលោកយ៉ែម សំអូន និង​អាឡិច ចាន់ត្រា ជាធម្មតា ក្ដី ។ប្រភពបានឲ្យដឹងថាវីរៈសិទ្ធ ចង់រកប្រាក់ចំណូលបន្ថែម​ទើប​លោកខិតខំសន្សំលុយដើម្បីមានមុខរបរផ្ទាល់ខ្លួន ហើយឆាកតន្រ្ដីខ្នាតតូចនោះ​ភាគច្រើនគេ​ជួល​ថៅកែក្មេងនេះទៅច្រៀងតែម្ដង អមដោយតារាមួយចំនួនទៀតមិនសូវល្បី​ហេតុនេះ​ហើយបានលោកសិទ្ធ អាចរកបានលុយមូល ឬ​អត់បែកលុយ។

 ក្រៅពីលោកដួង វីរៈសិទ្ធ តារាដែលបើកវង្សតន្រ្ដីផ្ទាល់ខ្លួនមាន​ដូចជាលោកសុខ រក្សារ​,ជុំ លីណូ ចាប់ដៃមាស សាលី ,អាឡិច ចាន់ត្រា ,យ៉ែម សំអូន និង​សុភ័ក្រ កុសុម៉ា ជាដើម ។តាមដំណឹងថាលោកវីរៈសិទ្ធ មើលឃើញថាក្រុមហ៊ុនកម្សាន្ដ​មាន​តម្រូវ​ការគ្រប់ទីកន្លែង ហេតុនេះហើយបានជាលោកចំណាយលុយបោះទុនលើ​មុខរបរមួយ​នេះដោយគ្មានការ​ស្ទាក់​ស្ទើ ព្រោះថាមានរៀមច្បងដែលដើរផ្លូវនេះមុនលោកពួកគេ​ក៍ទទួល​បានជោគជ័យ​សល់ផ្ទះ​និងរថយន្ដទំនើបៗជិះគ្រប់គ្នាទើបលោកមិនអាចមើលរំលងពីមុខរបរដែលខ្លួនបានដឹងនិងយល់ច្បាស់ជាយូឆ្នាំមកហើយនេះបានទេ ។

 ដួង វីរៈសិទ្ធ ជាអ្នកចម្រៀងដែលមានសម្ថភាពមិនធម្មតាឡើយ ព្រោះអាចធ្វើភ្លេង ,និ​ពន្ធ​ទំនុកច្រៀង ,Mix និងលេងហ្គីតា បានដោយខ្លួនឯង ដែលតារាផ្សេងៗទៀតពិបាកធ្វើ​បាន​ដូច​លោក។ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១ រូបនេះមានបងប្រុសរបស់​លោក​ឈ្មោះ​ម៉ម សំនៀង ជាតារាចម្រៀង និងចេះលេងឧបករណ៍តន្រ្ដីទាំងបុរាណ និង​សម័យ​ផងដែរ ខណៈដែលប្អូនប្រុសលោកម្នាក់ទៀតក៍ជាតារាចម្រៀងដែរឈ្មោះម៉ម ពេជ្ជរិទ្ធ ម្ចាស់​បទ”មិនអាចឃាត់ទេ” ដែលអាចលេងឧបករណ៍តន្រ្ដីបានដូចលោកដែរ  ព្រមទាំងជាសមាជិក​ក្នុង​ក្រុម​ចម្រៀងSmall World Small Band  ស្របពេលដែលម្ដាយលោកវីរៈរិទ្ធ ក៍ជាតារា​ចម្រៀង​ផ្នែក​បុរាណប្រចាំខេត្តកំពង់ស្ពឺ ដែរ។

 គួររំលឹកថាដូង វីរៈសិទ្ធ មានឈ្មោះដើមថាម៉ម វាសនា បានដើរចេញពីហង្សមាស​ទៅ​ជ្រកនៅរាម ជាមួយមាស សុខសោភា បាន២ឆ្នាំ។បើទោះជាពេលនេះសុខសោភា បាន​ចាក​ចេញពីរាម ទៅហើយ ក្ដី ក៍លោកវីរៈសិទ្ធ នៅ​តែ​បន្ដច្រៀងឲ្យផលិតកម្មនេះដដែល ដោយ​គ្មានគម្រោងវិលទៅហង្សមាសវិញ ឬចូលGalaxy ឡើយ។លោកវីរៈសិទ្ធ ធ្លាប់ប្រាប់អ្នក​យកព័តមានយើងថាលោកមិនមានការព្រួយបារម្ភរឿងប្ដូរផលិតកម្មច្រៀងទេ ព្រោះទោះ​ជា​ទៅ​​ដល់​ណាក៍ទីផ្សារលោកនៅតែប៉ុណ្ណឹង ហើយច្រៀងនៅផលិតកម្មណាក៍លោកនៅ​តែធ្វើ​បទចម្រៀងដោយខ្លួនឯងដដែល ។ដោយឡែកមាស សុខសោភា វិញថ្មីៗនេះនាងបង្ហើបថា​នឹងមានបទចម្រៀងថ្មីជាមួយលោកវីរៈសិទ្ធ ដែលបញ្ជាក់ថាទោះជាពេលនេះពួកគេលែង​ច្រៀង​នៅផលិតកម្មតែមួយមែន តែទំនាក់ទំនងនិងការរាប់អានគ្នាគឺនៅដដែល ព្រោះសុខ​សោភា ធ្លាប់សរសើរវីរៈសិទ្ធ ថាជាតារាមានសម្ថភាពល្អម្នាក់។

 គេចាំមើលថាតើមុខរបស់ថ្មីរបស់លោកដួង វីរៈសិទ្ធ អាចកាក់កបដូចរៀមច្បង​ដែល​បាន​រកស៊ីមុនលោកដែរឬយ៉ាងណា ?

RELATED ARTICLES