Sunday, November 24, 2024
Homeនយោបាយកម្ពុជា-សិង្ហបុរី ឯកភាពជំរុញទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ

កម្ពុជា-សិង្ហបុរី ឯកភាពជំរុញទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ

សិង្ហបុរី ៖ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបលោក ឡវរិន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱ កាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចហ៊ុន ម៉ាណែត នាពេលនេះ ជាចលករនៃការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់លោក នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរចំពោះលោក ឡវរិន វ៉ុង  ដែលត្រូវបានតែង តាំងជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។ សម្តេច ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរ បានឯកភាពក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រនិងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗ រួមមាន ៖ (១) ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយនិងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ (៣) ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀត កម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀត មកទស្សនាប្រទេសទាំងពីរ (៤) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី រវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តី នៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ សមភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោ ជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។ 

មុននឹងបញ្ចប់ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលសមស្របណាមួយ ព្រមទាំងបានជូនពរលោក នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបានជោគជ័យក្នុងការងារដឹកនាំប្រទេស៕ ខៀវទុំ

RELATED ARTICLES