Saturday, November 29, 2025
Homeសន្ដិសុខសង្គមចោរប្រុសស្រី ប្រើល្បិច ស្រីទិញ ប្រុសលួច ហ្មត់២ពាន់ដុល្លារ

ចោរប្រុសស្រី ប្រើល្បិច ស្រីទិញ ប្រុសលួច ហ្មត់២ពាន់ដុល្លារ

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ២នាក់ បានធ្វើសកម្មភាពចូលទៅបន្លំលួចប្រាក់ពីផ្ទះលក់អីវ៉ាន់ចាប់ហួយ និងបើកវីងវេរលុយ មួយកន្លែង ដោយខាងស្រីធ្វើជាចូលទៅទិញខ្ទឹម និងព្យាយាមបន្លប់បំភាន់ម្ចាស់ផ្ទះ ជាឱកាសឱ្យខាងប្រុសចូលទៅលួចលុយក្នុងទូវីង បានប្រមាណជាង២ពាន់ដុល្លារ រួចនាំគ្នារត់គេចខ្លួនបាត់អស់។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់ចាប់ហួយ និងបើកវីងវេរលុយ មួយកន្លែង ស្ថិតនៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា សមាសភាពក្រុមចោរ អាចមានបក្ខពួកលើសពី ២នាក់ ដោយបានបន្លំចូលលួចលុយនៅផ្ទះលក់អីវ៉ាន់ចាប់ហួយ និងកន្លែងវីងវេរលុយ របស់ជនរងគ្រោះឈ្មោះកាំង សៃលី ភេទស្រី អាយុ៦១ឆ្នាំ ដោយលួចយកលុយ អស់ចំនួន ៣លានរៀល និង ១៥០០ដុល្លារ រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

តាមប្រភពជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីម្នាក់ បានជិះម៉ូតូទៅឈប់ខាងមុខផ្ទះ រួចចុះ ទៅរកទិញខ្ទឹម ខណៈនោះ ស្ត្រីសង្ស័យបានធ្វើជារើសខ្ទឹម ដោយពន្យារពេលយ៉ាងយូរ បន្តិចក្រោយមក មាន បុរសម្នាក់ ពាក់មួយកន្តឹប ដើរចូលទៅ រួចបន្លំចូលបន្ទប់វីងវេរលុយ ប្រមូលលុយច្រកថង់ រួចដើរចេញមកក្រៅយ៉ាងលឿន និងគេចខ្លួនដោយសុវត្ថិភាព។ ក្រោយជនដៃដល់ចេញផុត ស្ត្រីម្នាក់ដែលទិញខ្ទឹម បានស្ទុះស្ទាដើរ ចេញក្រៅ ជិះម៉ូតូគេចខ្លួនយ៉ាងលឿន។ តែយ៉ាងណា សកម្មភាពក្រុមចោរដែលប្រើល្បិចបន្លំចូលលួចលុយនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពរបស់គាត់ជាម្ចាស់ផ្ទះដែរ។

យោងតាមរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញបុរសម្នាក់ ពាក់មួយកន្តឹប ពណ៌ខ្មៅ ពាក់អាវពណ៌ស ដៃវែង និងស្លៀកខោខូវប៊យ ជើងវែង ដើរចេញក្រៅ ជាមួយថង់ដាក់លុយកាន់នៅក្នុងដៃផងដែរ។

តាមសមត្ថកិច្ចបានសន្និដ្ឋានបឋមថា ក្រុមចោរបន្លំចូលលួចលុយកន្លែងវីងវេរលុយនេះ គឺជាមុខសញ្ញាដដែលៗ ធ្លាប់ធ្វើសកម្មភាពនៅកន្លែងទ្រូម៉ានី នៅជិតវិមានសព ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងនៅកន្លែងវីងវេរលុយ ក្នុងភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ កាលពីប៉ុន្មានខែមុននេះដែរ ដោយមួយកន្លែងៗ បានបាត់បង់ប្រាក់អស់រាប់ពាន់ដុល្លារ។

ជំវ៉ិញករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យខាងលើ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES