Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមព្រមានក្រុមក្មេងទំនើង ឆាប់កែខ្លួន

ប៉េអឹមព្រមានក្រុមក្មេងទំនើង ឆាប់កែខ្លួន

ភ្នំពេញ ៖ ដោយមានបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឱ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មាននិងសន្តិសុខ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងអន្តរាគមន៍ នៃវរសេនាតូចលេខ១ មណ្ឌលទទួលព័ត៌មាន Hotline : 1291 ព្រមទាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែង។

ជាក់ស្តែងនៅយប់ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស រួមជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌចម្ការមន ខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងសរុប ៥៦នាក់ ក្នុងនោះមានក្រុម AC (ក្រុមក្នុងតំបន់ភូមិអន្លង់ក្ងាន ខណ្ឌសែនសុខ) ចំនួន១១នាក់ ដែលក្រុមនេះធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំ ពេញ ឃាត់ខ្លួនបក្ខពួកចំនួន៤នាក់ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ម្តងហើយ ពាក់ព័ន្ធករណីប្រើដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាព ដេញកាប់និងគប់ទៅលើជនរងគ្រោះចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រុមលូ៥ (98) (ក្រុមនៅតំបន់លូ៥ ខណ្ឌ មានជ័យ) ចំនួន៦នាក់ ដែលក្រុមនេះ មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលានយន្តហោះពោធិ៍ចិនតុង នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្រុម ZK (សាំងគីម) ចំនួន១នាក់ ក្នុងចំណោមសមាជិកក្រុមដែលមានគ្នា១២នាក់ ក្នុងខណ្ឌដង្កោ ដែលក្រុមនេះធ្លាប់ធ្វើសកម្មភាពដេញកាប់ក្រុម JR (ចង្រិត) ខូចម៉ូតូ ២ គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអម្ពិល ព្រោះទំនាស់ពាក្យសម្តីគ្នា។ ក្រុម EH ក្នុងខណ្ឌដង្កោ ចំនួន៣នាក់ ដែលក្រុមនេះ ធ្លាប់ពាក់ព័ន្ធមានជម្លោះដេញវាយគ្នាដោយប្រើដុំថ្ម ខ្សែក្រវាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១ និងដើម ឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអម្ពិល និង៣៥នាក់ទៀត គឺជាក្មេងទំនើងប្រមូលផ្តុំជាក្រុមបង្កការភ័យខ្លាចនិងរំខានអ្នកដទៃនៅទីសាធារណៈ ដូចជា ក្រុមបង្ហោះម៉ូតូ ក្រុមកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូជិះរោទ៍ពេញផ្លូវ ក្រុមប្រមូលផ្តុំគ្នាជក់បារី ផឹកស្រា ស្រែកឡូឡា កណ្តាលអធ្រាត្រ នៅទីសាធារណៈ។

ពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់វិធានការអប់រំព្រមានធ្វើកិច្ច សន្យា និងឱ្យអាណាព្យាបាលធានាត្រឡប់ទៅវិញ ចំពោះអ្នកមានកំហុសខាងសីលធម៌ ចំណែកអ្នកមានកំហុសល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ។

ទន្ទឹមគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានប្រកាសឱ្យក្រុមក្មេងទំនើងទាំងអស់ ឆាប់កែខ្លួនជាបន្ទាន់ និងសូមអំពាវនាវដល់អាណាព្យាបាលដែលធ្លាប់តែបណ្តោយឱ្យកូនក្លាយជាទំនើង បាត់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ទាំងអស់ សូមចូលរួមងាកមក យកចិត្តទុកដាក់អប់រំកូន ផ្តល់គំរូល្អ បរិស្ថានល្អ ដល់កូន និងគ្រប់គ្រង ថែទាំ តាមដានកូន ឱ្យបានហ្មត់ចត់បំផុតផងដែរ។

សូមបញ្ជាក់ដែរថា អាវុធហត្ថរាជធានីភ្នំពេញ នឹងចេញប្រតិបត្តិការបង្ក្រាបក្មេងទំនើងដោយមិនលើកលែងដាច់ខាតចំពោះមុខសញ្ញា ដូចខាងក្រោម ៖

១- ក្រុមក្មេងដែលធ្លាប់ចូលជាសមាជិកក្រុមទំនើង និងធ្លាប់ធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នាកន្លងមក។

២- ក្រុមក្មេងដែលប្រើអំពើហិង្សា វាយតប់ កាប់ចាក់គ្នាជាក់ស្តែងក្នុងសាលារៀន ទីសាធារណៈនិងតាមដងផ្លូវ។

៣- ក្រុមក្មេងដែលបង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងម៉ូតូជិះរោទ៍ខ្លាំង ស្រែកហ៊ោកញ្ជ្រៀវ ប្រដេញគ្នាតាមផ្លូវ ដែលផ្តល់ការភ័យខ្លាច និងរំខានដល់អ្នកដទៃតាមទីសាធារណៈ។

៤- ក្រុមក្មេងដែលបំផ្លាញទ្រព្យរបស់អ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ ដូចជា គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ វាយបំផ្លាញអំពូលភ្លើង សាធារណៈ វាយបំផ្លាញប៉ាណូសាធារណៈ។

៥- ក្រុមក្មេងដែលប្រមូលផ្តុំគ្នាផឹកស៊ី ជក់បារី ចាក់ធុងបាស់ ឡូឡាអនាធិបតេយ្យ នៅតាមទីសាធារណៈ ពេលអធ្រាត្រ។

៦- ក្រុមសិស្សសាលាដែលនៅក្នុងម៉ោងរៀន ទៅប្រមូលផ្តុំគ្នាផឹកស្រា ជក់បារី តាមរមណីយដ្ឋាន តាមចម្ការ តាមកញ្ចុះ តាមផ្ទះសំណាក់ ខារ៉ាអូខេ ដោយគេចម៉ោងរៀន។

ដូច្នេះបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងកោងកាច គ្មានសីលធម៌ គ្មានសណ្តាប់ធ្នាប់ គ្មានច្បាប់ទម្លាប់ដូចមុខសញ្ញាខាងលើនេះ សូមទំនងទំនងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ Hotline លេខ 1291 ដោយអាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារការសម្ងាត់ជូន៕

RELATED ARTICLES