Saturday, May 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪក្មេកខឹងកូនប្រសាវេចលុយរត់ ជេរដល់ថ្នាក់ដឹកនាំ គំរាមបាញ់

ឪក្មេកខឹងកូនប្រសាវេចលុយរត់ ជេរដល់ថ្នាក់ដឹកនាំ គំរាមបាញ់

ភ្នំពេញ ៖ បុរសម្នាក់ បានផឹកស្រាស្រវឹង ខឹងកូនប្រសាប្រុស វេចលុយចំណងដៃ ជិះម៉ូតូគេចខ្លួនបាត់ អត់ទូទាត់ឱ្យថ្លៃហាង នៅចំណុចហាងផឹកស៊ី ១កន្លែង ក្នុងសង្កាត់អូរបែកក្អម ក៏និយាយស្តីប៉ះពាល់ដល់ឈ្មោះថ្នាក់ដឹកនាំ និងថែមទាំងគំរាមកំហែងរកបាញ់សន្តិសុខហាងថែមទៀត ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសួរបំភ្លឺ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រលប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា បុរសម្នាក់ ស្រវឹងស្រា ហើយខឹងកូនប្រសា យកលុយចំណងដៃ រត់គេច ខ្លួន និងបាននិយាយរាលដាលពាក្យសម្តីមិនសមរម្យ ប៉ះពាល់ដល់ថ្នាក់ដឹកនាំ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនមកសាកសួរ។

ប្រភពដដែល បន្តថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ចំពោះសកម្មភាពពាក្យសម្តីបុរសខាងលើ និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ បានធ្វើការកោះហៅបុរសឈ្មោះអាន មករា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនិវត្តន៍ជន យោធិនពិការ មានលំនៅ ភូមិបុកស្បូវ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកសាកសួរបំភ្លឺ។

នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើ បានរៀបរាប់ពីដំណើររឿងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គាត់បានមកចូលរួមកម្មវិធីកាត់ចំណងដៃកូន នៅហាងស៊ូណាមិ (SUNAMI PUB) ផ្លូវ២០០៤ ភូមិអូរគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ លុះដល់វេលាម៉ោងប្រហែល ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់ហាង គិតលុយ ទើបដឹងថា កូនប្រសាប្រុស ឈ្មោះប៊យ ចាន់ណាត់ មុខរបរជាងជួសជុលរថយន្ត បានប្រមូលយកលុយចំណងដៃ ទាំងអស់ រត់គេចខ្លួនបាត់ ទើបគាត់មានការខឹងសម្បានឹងកូនប្រសា ក៏ស្រែកឡូឡា និងប្រើពាក្យសម្តីមិនសមរម្យ ប៉ះពាល់ដល់ថ្នាក់ដឹកនាំ។

បុរសខាងលើ ទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងសុំទោសជាសាធារណៈ ដល់ថ្នាក់ដឹកនាំ សាធារណជន សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គង ដោយគាត់បានប្រើពាក្យសម្តីមិនសមរម្យ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពនេះ ទើបអនុញ្ញាតឱ្យបុរសខាងលើ ត្រឡប់ទៅផ្ទះវិញ។

គួររំលឹកថា គូស្វាមីភរិយាថ្មោងថ្មី ១គូ បាននាំគ្នាមករៀបចំកម្មវិធីកាត់ចំណងដៃ នៅហាងផឹកស៊ី ១កន្លែង ដោយហៅភ្ញៀវមកចូលរួមចំនួន ៥តុ (ប្រមាណ៥០នាក់) លុះក្រោយពីផឹកស៊ីចប់ គិតលុយ អស់ជាង ១ពាន់ដុល្លារ ស្រាប់តែសាមីខ្លួនបុរសជាប្តី បានចាកចេញពីហាង គេចខ្លួនបាត់ បន្សល់ទុកស្ត្រីជាប្រពន្ធ អង្គុយទួញយំ ដោយគ្មានលុយបង់ថ្លៃផឹកស៊ី និងត្រូវបានភាគីម្ចាស់ហាង រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ទាំង កណ្តាលយប់ ជាហេតុធ្វើឱ្យបុរសជាឪពុកកូនក្រមុំ ស្រវឹងស្រាផង ខឹងកូនប្រសាប្រុស វេចលុយរត់ផង ក៏និ mយាយស្តីប៉ះពាល់ដល់ឈ្មោះថ្នាក់ដឹកនាំទៀតផង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែmឧសភា ឆ្នាំ២០២៦ នៅចំណុចហាងផឹកស៊ី ស៊ូណាមី ផាប់ (SUNAMI PUB) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានជួយធ្វើការសម្របសម្រួល រកដំណោះស្រាយជូនភាគីទាំងសងខាង ដោយក្នុងនោះ ភាគីម្ចាស់ហាង បានសំណូមពរឱ្យខាងភ្ញៀវ ទុកម៉ូតូ ចំនួន៣គ្រឿង នៅហាងសិន ចាំស្អែក ទាក់ទងរកសាមីខ្លួនបុរសជាប្តី មកដោះស្រាយ ទូទាត់ប្រាក់ ចំនួន ១១៦១,៦៨ដុល្លារ ជូនខាងហាង នោះពួកគាត់នឹងប្រគល់ម៉ូតូឱ្យវិញហើយ។

ចំណែកសមត្ថកិច្ច ក៏បានសម្របសម្រួលឱ្យខាងភ្ញៀវ ទុកម៉ូតូនៅហាងខាងលើតាមសំណូមពរសិន ដើម្បីផ្តល់ទំនុកចិត្តដល់ខាងម្ចាស់ហាង រង់ចាំដល់ព្រឹក យកប្រាក់មកដោះស្រាយជាមួយ ម្ចាស់ហាង៕

RELATED ARTICLES