Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមាត់សួរផ្លូវ ដៃឆក់ទូរស័ព្ទក្មេងស្រី រត់គេចមិនរួច ជាប់ខ្នោះ២

មាត់សួរផ្លូវ ដៃឆក់ទូរស័ព្ទក្មេងស្រី រត់គេចមិនរួច ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ ស្រាប់តែប្រទះឃើញក្មេងស្រីម្នាក់ ជិះកង់តាមផ្លូវតែម្នាក់ឯង ដោយទុកទូរស័ព្ទ ១គ្រឿង ក្នុងកន្ត្រកកង់ ក៏ប្រើល្បិចធ្វើជាស្ទាក់សួរផ្លូវ រួចឆក់យកទូរស័ព្ទក្មេង ស្រីរងគ្រោះ ព្យាយាមជិះរត់គេច តែត្រូវក្មេងស្រីស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ ជួយដេញចាប់ក្របួចជាប់ទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះដុស ឧស្សាហ៍ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (មានសារធាតុញៀន) និងទី២-ឈ្មោះស៊ីម អឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ថន ស្រីនិច្ច អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

ចំពោះវត្ថុតាងដកហូត រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1AD-9819 (ជារបស់ជនសង្ស័យ)។ ២-ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។ ៣-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់តូច។ ៤-កូនកាំបិត ១ដើម ដងជ័រ ពណ៌លឿង។ ៥-កូនកាំបិតច្នៃ១ សម្រាប់កាត់ខ្សែភ្លើង។ ៦-ទួរណឺវីស១។ ៧-កន្ត្រៃកាត់ខ្សែភ្លើង១។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលក្មេងស្រីរងគ្រោះកំពុងជិះកង់តាមផ្លូវ ដោយទុកទូរស័ព្ទ ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ នៅក្នុងកន្ត្រកកង់ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម បានជិះមកទន្ទឹម ហើយបានធ្វើជាវង្វេងផ្លូវ  រួចបានមកស្ទាក់សួរនាំក្មេងស្រីរងគ្រោះ ដោយសួររកផ្លូវចុះឡើងៗ បន្ទាប់មកជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ក្មេងស្រីរងគ្រោះដែលទុកក្នុងកន្ត្រកកង់ ហើយនាំគ្នាជិះម៉ូតូរត់គេចភ្លាមៗ។

ប្រភពដដែល បន្តថា ភ្លាមនេះ ក្មេងស្រីរងគ្រោះបានស្រែកថា ចោរ!ៗ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នាំគ្នាដេញតាម និងឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី នាំយកទៅសាកសួរនៅប៉ុស្តិ៍ និងបញ្ជូនមកអធិការនគរបាលក្រុងតាខ្មៅ ដើម្បចាត់ការបន្ត។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ក្មេងស្រីរងគ្រោះ ប្រាកដមែន។

ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES