ភ្នំពេញ៖អតីតតារាសម្ដែងនាងខៀវ សុខារ៉ាវី ដែលកំពុងរស់នៅអាមេរិកគ្រោងនាំសា្វមីមកលេងស្រុកកំណើត នៅឆ្នាំ២០២៤ នេះ ប៉ុន្ដែពេលនេះបានសម្រេចចិត្តលុបចោលទៅវិញហើយកំណត់ពេលវេលាមកលេងម្ដាយនិងបងប្អូននាងនៅភ្នំពេញនៅឆ្នាំ២០២៥ វិញ។នេះបើតាមអ្នកស្រីនិន រ៉ាត់ ម្ដាយរបស់រ៉ាវី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។
ម្ដាយរបស់ខៀវ សុខារ៉ាវី ប្រាប់ថាស្វាមីរបស់រ៉ាវី ពេលនេះរវល់មិនទាន់អាចមកបានទេ ហើយកូនស្រីលោកស្រីក៍ជាប់រៀនសូត្រដែរ អីចឹងពួកគេនឹងមកខ្មែរនៅឆ្នាំ២០២៥ ។អ្នកស្រីរ៉ាត់ ក៍បានឲ្យដឹងដែរថាតាំងពីរ៉ាវី និងស្វាមីចាប់ដៃគ្នាជិត៦ឆ្នាំ ពេលនេះពួកគេមិនទាន់មានកូនទេ ។
តាមប្រភពថាខៀវ សុខារ៉ាវី បានធានាកូនប្រុសរបស់នាងដែលនាងមានវ័យជំទង់ទៅហើយនោះទៅរស់នៅអាមេរិកដោយជោគជ័យហើយគូស្នេហ៍របស់នាងស្រលាញ់កូននាងដូចជាកូនបង្កើតរបស់លោកដែរ ។ប៉ុន្ដែទាក់ទងរឿងនេះទាំងសុខារ៉ាវី និងម្ដាយនាងមិនដែលចេញមុខបកស្រាយថាអ្នកណាជាឪពុករបស់ក្មេងប្រុសរូបនោះ ឬសុខារ៉ាវី ធ្លាប់មានស្វាមីតាំងពីពេលណាឡើយ ខណៈទស្សនិកជនបានដឹងថានាងជាអតីតគូដណ្ដឹងរបស់ស៊ុក សុភា ប៉ុណ្ណោះ ។
ខៀវ សុខារ៉ាវី បានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងក្រោយរៀបការប្ដីជាមួយអាណិកជនខ្មែរនៅអាមេរិកកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ដែលពិធីនោះធ្វើនៅអាមេរិកតាមបែប្រពៃណីខ្មែរផង អ៊ឺរ៉ុបផង ។នៅឆ្នាំ២០១៩ មានដំណឹងថាសុខារ៉ាវី ចង់ដឹកដៃប្ដីមករៀបការនៅខ្មែរ តែពិធីនោះបានរំសាយទៅវិញ ខណៈដែលកាលពីខែកក្កដា ឆ្នាំ២០២៣ នាងបាននាំប្ដីមកលេងស្រុកតែមិនទាន់បានរៀបការជាលើកទី២ឡើយ ។ម្ដាយរ៉ាវី ថាមង្គលការរបស់កូនស្រីដែលរៀបចំនៅខ្មែរនៅតែគ្រោងធ្វើតាមបែបប្រពៃណីខ្មែរដដែល បើទោះជាមិនទាន់កំណត់ពីពេលវេលាច្បាស់លាស់ក្ដី ។
ឆ្លើយតបសំណួរថាតើលោកស្រីចង់ឲ្យសុខារ៉ាវី ធានាទៅរស់នៅអាមេរិកជាមួយគ្នា ឬអត់នោះលោកស្រីថាមិនចេះរស់នៅស្រុកគេទេ គឺចង់តែទៅលេង បើទៅរស់នៅគឺចង់នៅស្រុកកំណើតវិញ។
ក្រៅពីខៀវ សុខារ៉ាវី តារាដែលយកប្ដីអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា និងអម្ពរ ទេវី ជាដើម ។សម្រាប់សុខារ៉ាវី វិញទោះជានៅលើទឹកដីអាមេរិកជិត៦ឆ្នាំនាងមិនដែលចេញច្រៀងសម្ដែងតាមកម្មវិធីរបស់ខ្មែរនៅទីនោះរៀបចំ ឬតាមហាងដូចតារាមួយចំនួនមែន ប៉ុន្ដែម្ដាយនាងអះអាងថាពេលកូនស្រីគាត់មកលេងស្រុកផលិតករទាំងឡាយអាចទាក់ទងនាងថតសម្ដែងបានទាំងMV និងភាពយន្ដ ព្រោះកូនស្រីបានប្រាប់លោកស្រីថានៅតែចង់ឆ្លៀតថតសិល្បៈដូចមុនពេលមកលេងស្រុកកំណើតនៅឆ្នាំក្រោយនេះ ។
គួររំលឹកថាខៀវ សុខារ៉ាវី បានលុបចោលមង្គលការជាមួយស៊ុក សុភា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៨ ហើយពេលនេះទាំងរូបនាងនិងអតីតគូស្នេហ៍មានថ្មីរៀងៗខ្លួនអស់ទៅហើយ ។មហាជនខ្លះបានលើកឡើងថាតារាស្រីមានរូបសម្រស់ស្អាតច្រើនតែជាមុខសញ្ញារបស់បុរសអាណិកជន ហើយពិបាកគេចរួចពីអន្ទាក់ស្នេហ៍ដុល្លារ ។ប៉ុន្ដែនាងហ្វ ហ្វា ហៅស្រីយី ដែលបែកបាក់ស្នេហ៍ទាហានខ្មែរនៅអាមេរិកកាលពីកាលពីចុងឆ្នាំ២០២២ នោះថាស្នេហានាងជឿរលើនិស្ស័យច្រើនជាង ព្រោះមនុស្ស២នាក់ជូបគ្នា ស្រលាញ់គ្នា ទាល់តែមាននិស្ស័យទើបអាចចាប់ដៃគ្នាបាន។
គេចាំមើលថាខៀវ សុខារ៉ាវី នឹងហ៊ានរៀបការប្ដីថ្មីជាលើកទី២ នៅខ្មែរ ឬអត់ ក្រោយនាងធ្លាប់បរាជ័យផែនការណ៍រៀបការជាមួយលោកស៊ុក សុភា កាលពី១៦ឆ្នាំ មុន ៕