ខេត្តកំពង់ឆ្នាំង ៖ រថយន្តសណ្តោងធុនធំ ១គ្រឿង មានដឹកសម្ភារៈធ្វើសំណង់ផ្លូវបេតុង បានបើកឡើងស្រឡាង បំណងឆ្លងទៅត្រើយម្ខាង ស្រាប់តែឡើងបានពាក់កណ្តាល រអិលធ្លាក់រថយន្តចូលទឹក លិចបាត់ភ្លាមៗ តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡីង កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បាលកោះ ឫស្សីដង្កួច ស្ថិតក្នុងឃុំជលសា ស្រុកជលគិរី។
![](https://norkorthom.com/wp-content/uploads/2024/06/c1-62.jpg)
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តធុនធំ ១គ្រឿង ដឹកសម្ភារៈសម្រាប់ធ្វើសំណង់ផ្លូវបេតុង បានបើកថយក្រោយ ឡើងលើស្រឡាង បំណងឆ្លងទៅត្រើយម្ខាងទៀត លុះបានជិតពាក់កណ្តាលស្រឡាង ស្រាប់តែរអិលឡានធ្លាក់ចូលទៅក្នុងទឹក លិចបាត់តែម្តង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍នោះ គឺម្ចាស់ស្រឡាង ឈ្មោះជុំ វ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានដឹកចម្លងរថយន្ត ១គ្រឿង ប្រភេទប្លាតឌឺហ្វម មានដឹកសម្ភារៈធ្វើសំណង់ផ្លូវបេតុង ធ្វើឱ្យខុសបច្ចេកទេស ក៏បានរអិលធ្លាក់រថយន្តចូលក្នុងទឹកទន្លេ ពេលនេះកំពុងរកមធ្យោបាយដើម្បីជួយសង្គ្រោះស្រង់រថយន្តនោះចេញពីក្នុងទឹក។
![](https://norkorthom.com/wp-content/uploads/2024/06/c2-48.jpg)
តាមការអះអាងពីអ្នកបើកបររថយន្តខាងលើ បានឱ្យដឹងថា រថយន្តដែលធ្លាក់ លិចចូលទឹកបាត់នោះ មានដឹកសម្ភារៈ ដូចជា ក្តារពុម្ពដែកមួយឈុត ម៉ូតូ ១គ្រឿង ម៉ាស៊ីនខាត់ ចំនួន៣គ្រឿង ម៉ាស៊ីនកៀរ ១គ្រឿង ម៉ាស៊ីនកាត់រ៉ង ១គ្រឿង និងគ្រឿងហូបចុក និងបង្គោលវ៉ៃពុម្ព មួយកំប្លេ។
យ៉ាងណា នៅក្នុងហតុការណ៍នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ៕