ភ្នំពេញ៖លោកគួច ខេវិន បានឧបត្ថម្ភថវិការចំនួន១០០០០០ ម៉ឺនរៀលដល់តារាកំប្លែងលោកឈុំ ប៊ុនឈឿន ហៅតាចេក ក្រោយលោកឃើញតារាកំប្លែងជើងចាស់រូបនេះធ្លាក់ខ្លួនដើរសំលៀងកាំបិតតាមផ្ទះគេដើម្បីយកប្រាក់មកចិញ្ចឹមជីវិត រហូតមានការចែកចាយ(Share) ពេញបណ្ដាញសង្គមតែម្ដង ខណៈដែលតារាខ្លះទៀតក៍បានប្រកាសស្វែងរកជំនួយដល់លោកតាចេក ផងដែរ ។
ក្រៅពីផ្ដល់ថវិការនោះលោកគួច ខេវិន ក៍បានផ្ដល់ការលើកទឹកចិត្ត និងសារខ្លះៗដល់លោកតាចេក ផងដែរ ដែលខ្លឹមសារនោះអាចធ្វើឲ្យលោកប៊ុនឈឿន តស៊ូបន្ដជីវិតតទៅទៀតព្រោះថាមុខរបរអ្វីក៍ថ្លៃថ្នូរដែរ ឲ្យតែសុច្ចរិត មិនខុសច្បាប់។អតីតអគ្គនាយករងទូរទស្សន៍CTN ,ETV និងSEA TV លោកគួច ខេវិន ថ្លែងសារទៅលោកតាចេក ថា” គ្រប់ពេល គ្រប់វេលា! ពេលខ្លះធ្វើឆ្កួត! ពេលខ្លះធ្វើជា! ពេលខ្លះក្រត្រដាប់ត្រដួស! ពេលខ្លះមានហួសស្ទើរតែអត់អីស៊ី “ដើម្បីតែសំណើចកំដរអារម្មណ៍ជូនលោកអ្នក”។
ដោយសេចក្តីគោរពរាប់អាន និងក្តីស្រឡាញ់ចំពោះអ្នកសិល្បៈខ្ញុំសូមជូននូវថវិការ១០០០០០រៀលចំពោះលោកពូចេក ជាមួយនឹងការលើកទឹកចិត្តដើម្បីបន្តដំណើរជីវិតជាមួយនឹងមុខរបរអាជីពអ្វីក៏ដោយឲ្យតែសុច្ចរិត តទៅទៀត។ ទោះជាថវិកានេះបន្តិចបន្តួចតែបើយើងជាអ្នកសិល្បៈដែលធ្លាប់រួមការងាររួមសុខរួមទុក្ខចេះជួយគ្នាបន្តិចម្នាក់ៗនោះការលំបាករបស់គាត់នឹងបានធូរស្រាល ។ មិនមានអ្វីខ្មាសអៀន ឬថោកទាបនោះទេជាមួយនឹងមុខរបរសំលៀងកាំបិតកន្ត្រៃដើម្បីប្រាក់កម្រៃតាមអំពើនិងលទ្ធភាពសុច្ចរិត ឯការលើកដៃប្រណម្យអង្វរសុំលុយសុំក្តីអាណិតពីគេដោយមិនប្តូរនឹងពលកម្មរបស់ខ្លួនទើបជារបរមិនថ្លៃថ្នូរ ។ មានមនុស្សជាច្រើនមិនចេះសំលៀងកាំបិត កន្ត្រៃ ពូថៅឲ្យមុតល្អនោះឡើយ តួយ៉ាងដូចជារូបខ្ញុំក៏សំលៀងមិនមុតដែរ ដូច្នេះខ្ញុំសូមកោតសរសើរព្រមទាំងលើទឹកចិត្តលោកពូចេកបន្តអាជីពសុច្ចរិតទាំងឡាយដែលខ្លួនមានរួមទាំងការសំលៀងកាំបិតតទៅទៀត កុំប្រាថ្នាធំពេកកុំសម្លឹងខ្ពស់ពេក កុំច្រណែន កុំឃើញដំរីជុះជុះតាមដំរី តែគប្បីធ្វើអ្វីតាមកម្លាំងតាមវ័យដែលខ្លួនអាចធ្វើទៅបាន រកបាន ប៉ុន្មានទទួលទានប៉ុណ្ណោះ កុំខ្លាចពាក្យពេបជ្រាយ មាក់ងាយពីអ្នកដ៏ទៃចំពោះខ្សែជីវិតអតីតកាលរបស់ខ្លួន មនុស្សម្នាក់ៗមានជម្រើស មានភ័ព្វសំណាងផ្សេងៗគ្នា ! ដើម្បីល្ហែរល្ហើយចិត្តសូមលោកពូចេករំពឹងថា”មនុស្សជាអ្នកគិត តែទេព្តាជាអ្នកសម្រេច” គ្មានភ្លៀងឯណាដែលមិនរាំង គ្មានយប់ឯណាដែលគ្មានថ្ងៃនោះទេ ត្រូវតែមានសង្ឃឹមជានិច្ច”។
គួរបញ្ជាក់ថាលោកគួច ខេវិន ធ្លាប់ដឹកនាំសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ ដែលក្នុងនោះលោកបានបណ្ដុះបណ្ដាល និងផ្ដល់ការងារដល់តារាល្បីៗជាច្រើនដួងឲ្យមានប្រាក់ចំណូលនិងល្បីល្បាញឈ្មោះរហូតមកដល់សព្វថ្ងៃ ក្នុងនោះក៍មានតារាកំប្លែងជាច្រើននាក់ផងដែរ ។ សារបង្កប់ទៅដោយអត្ថន័យស៊ីជម្រៅរបស់លោកគួច ខេវិន ខាងលើនេះស្របពេលដែលមានប្រភពខ្លះថាលោកតាចេក សំលៀងកាំបិតនោះគ្រាន់តែជាការសម្ដែងឈុតមួយដើម្បីឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលអ្នកខ្លះថាមនុស្សច្រើនណាស់ដែលមានជីវិតពិតពិបាកជាងលោកតាចេក រាប់ស៊ិបដងឯណ្ណោះ គ្រាន់តែគេមិនចេះសម្ដែង ឬបង្ហាញឲ្យគេឃើញដើម្បីសុំក្ដីអាណិតដូចគេ ។
ចំណែកលោកឈុំ ប៊ុនឈឿន ហៅតាចេក វិញថ្លែងថាលោកពិបាកពេក បើជីវិតលោកអស់ត្រឹមហ្នឹងក៍បានដែរ ហើយលោកតូចចិត្ត តែបើគិតខ្លីដូចជាកំសាកពេក ចឹងមានតែស៊ូ ។លោកថាខំរកស៊ីដែរ តែមិនកាក់កបទេ ហើយលោកបានទៅនៅជាមួយគ្រួសារថ្មី តែគ្មានផ្ទះទេ មានតែគ្រែ២បាំងតង់ លក់ដូរផង សម្រាន្ដផង ពេលភ្លៀងម្ដងៗពិបាករស់នៅ លិចទឹក ដែលបច្ចុប្បន្នលោករស់នៅលើដីគេនៅភូមិជ្រៃ ភូមិរាប ស្រុកពារាំង ខេត្តកណ្ដាល ខេត្តព្រៃវែង ។លោកតាចេក និយាយទាំងទឹកភ្នែកថា”ខ្ញុំតូចចិត្តណាស់ តែមិនដឹងធ្វើម៉េច “។លោកតាថាពេលពិបាកបំផុតគឺពេលមានភ្លៀង និងខ្យល់គឺដូចនៅហាលវាល ។យ៉ាងណានាយចេក គិតថាប្រហែលជាលោកសាងបុណ្យពីមុនមិនល្អ ទើបជាតិនេះគ្មានលំនឹងនិងគេ ជីវិតរដាក់រដុប។ហើយជូនកាលលោកធ្លាប់បន់ស្រន់ថាបើរស់នៅពិបាកយ៉ាងៗនេះ សូមកុំឲ្យលោករស់នៅយូតទៅទៀតក៍មានដែរ ជីវិតលោកអស់ឆាប់ៗក៍ល្អដែរ កុំឲ្យពិបាកពេក ។
ចំពោះសាររបស់លោកគួច ខេវិន ៖លោកចង់សង្កត់បញ្ជាក់ឲ្យលោកតាចេក មានការតស៊ូក្នុងជីវិតតទៅទៀត ហើយបើសិនជាលោកប្រករបរសំលៀងកំាបិទមែន ក៍មុខរបរមួយនេះមិនខុសច្បាប់ដែរ ៕